នារី​ម្នាក់​ស្លាប់​យ៉ាង​វេទនា​ដោយសារ​ជិះ​ម៉ូតូ​ត្រូវ​ឡាន​កៀរ​ខ្ទាតចូល​ក្រោម​ឡាន​កិន​ចំក្បាល​ស្លាប់​មួយ​រំពេច​

​ខេត្តកណ្តាល ៖ នារី​វ័យក្មេង​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ដោយសារ​បើក​ម៉ូតូ​វ៉ា​រថយន្ត​ស្រប​ទិស​គ្នា​១​គ្រឿង​មិន​ផុត​ខណៈ​រថយន្ត​រេ​ក្បាល​ប៉ះ​ដៃចង្កូត​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​កិន​ចំក្បាល​ស្លាប់​យ៉ាង​រន្ធត់ ចំណែក​អ្នកបើករថយន្ត​បាន​រត់​បាត់ស្រមោល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ព្រលឹម វេលា​ម៉ោង ០៦​និង​៣០ នាទី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខផ្ទះ លោក សុខ ចំរើន ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។ អ្នកបើកបរ​ម៉ូតូ ដែល​ស្លាប់​មានឈ្មោះ ពៅ ស្រី​រី​ន ភេទ​ស្រី អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

នគរបាល​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ រថយន្ត​១​គ្រឿង មិន​ស្គាល់​ម៉ាក ហើយ​អ្នកបើកបរ ក៏​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ មាន​ម៉ូតូ​មួយគ្រឿង ម៉ាក ស៊ុយ​សូ​គី លេ​ត ពណ៌​ស គ្មាន​ផ្លាកលេខ បើកបរ​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង​ស្របគ្នា ហើយ​ម៉ូតូ​បាន​វ៉ា​រថយន្ត បម្រុង​ទៅមុន ប៉ុន្តែ​រថយន្ត បានគេច​ជង្ហុក ងាក​ចង្កូត​មក​ខាងឆ្វេង បណ្តាល​ឲ្យ​ប៉ះ​ដៃចង្កូត​ម៉ូតូ ធ្វើ​ឲ្យ​ម៉ូតូ​ដួល ខ្ទាត​អ្នកបើកបរ​ម៉ូតូ ចូល​ក្រោម​កង់​រថយន្ត កិន​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។ ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​៕

KA-17-10-2015-14 KA-17-10-2015-15 KA-17-10-2015-16