មនុស្ស​ប្រមាណ​៧០០​នាក់​ចូលរួម​ការ​រត់​ប្រណាំង​ស្វែងរក​ថវិកា​ជួយ​កុមារ​ក្រីក្រ

មនុស្ស​ប្រមាណ ៧០០​នាក់ បាន​មក​ជួប​ជុំ​គ្នា​នៅ​បរិវេណ​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ដើម្បី​ចូលរួម​កម្មវិធី​រត់​ប្រណាំង​តារា​ម៉ាណាថុន (Taramanathon) ស្វែងរក​ថវិកា​ជួយ​កុមារ​ក្រីក្រ​ដែល​កំពុង​រស់នៅ​ក្នុង​សំណង់​អនាធិបតេយ្យ។ កម្មវិធី​នេះ សហការ​រៀបចំ​ឡើង​ដោយ​អង្គការ​បារាំង មួយ​ឈ្មោះ តារាម៉ាណា (Taramana) ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា។

កម្មវិធី​តារា​ម៉ាណាថុន ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ រត់​ដើម្បី​កុមារ។ អ្នក​ចូលរួម​ទាំងអស់ តម្រូវ​ឲ្យ​ទិញ​សំបុត្រ​មាន​តម្លៃ ៥​ដុល្លារ ហើយ​ថវិកា​ដែល​ប្រមូល​បាន នឹង​ត្រូវ​ប្រគល់​ឲ្យ​អង្គការ​តារាម៉ាណា ដើម្បី​សាងសង់​ថ្នាក់​រៀន និង​បណ្ណាល័យ​សម្រាប់​ជួយ​អប់រំ​កុមារ​ក្រីក្រ​នៅ​កម្ពុជា។

លោក​វេជ្ជបណ្ឌិត ចូសេលីន ដូដេ (Jocelyn Dordé) ប្រធាន​អង្គការ​តារាម៉ាណា ថ្លែង​ថា លោក​រៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ដោយសារ​តែ​លោក​ឃើញ​កុមារ​កម្ពុជា ជាច្រើន​នាក់ កំពុង​រស់​ក្នុង​ស្ថានភាព​លំបាក​គ្មាន​អ្នក​ទំនុក​បម្រុង៖ «ពី​មុន​ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ឲ្យ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) ដែល​ធ្វើ​ការ​ជួយ​ក្មេង​នៅ​ក្បែរ​កន្លែង​ចាក់​សំរាម។ នៅ​ឆ្នាំ​២០០៥ ខ្ញុំ​បាន​បង្កើត​អង្គការ​តារាម៉ាណា ដែល​ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ បន្ទាប់​ពី​ខ្ញុំ​មើល​ឃើញ​ថា កុមារ​ជាច្រើន​នៅ​ទីនោះ​ពិត​ជា​ចង់​ចូល​រៀន ប៉ុន្តែ​ពួក​គេ​គ្មាន​លទ្ធភាព ដោយសារ​ពុំ​មាន​លុយ​កាក់ គ្មាន​ចំណី​អាហារ ស្ថានភាព​រស់នៅ​ក្រ​លំបាក​នៅ​តាម​តំបន់​អនាធិបតេយ្យ។ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​បង្កើត​អង្គការ​នេះ​ឡើង ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​បាន​ចូល​សិក្សា​រៀន​សូត្រ ដើម្បី​ឲ្យ​ជីវិត​ពួក​គេ​ល្អ​ប្រសើរ មាន​សុខភាព​ល្អ»

ស្ថិត​ក្នុង​ចំណោម​អ្នក​ចូលរួម​រាប់​រយ​នាក់ និស្សិត​ផ្នែក​ច្បាប់​ឆ្នាំ​ទី​២ អ៊ូ សុភា បញ្ជាក់​ថា លោក​មក​ចូលរួម​កម្មវិធី​នេះ គឺ​ដើម្បី​ចូលរួម​ជា​វិភាគទាន​ដល់​កុមារ​ក្រីក្រ។ យុវ​និស្សិត​រូប​នេះ អំពាវនាវ​ដល់​មហាជន​ទូទៅ ឲ្យ​ងាក​មក​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កុមារ​មាន​ជីវភាព​ខ្វះខាត កុមារ​អនាថា កុមារ​កង្វះ​អាហារូបត្ថម្ភ និង​កុមារ​មិន​បាន​ទទួល​ការ​សិក្សា៖ «ខ្ញុំ​សង្ឃឹម​ថា មហាជន​នឹង​មាន​ការ​ចូលរួម​ក្នុង​វិភាគទាន។ ទោះ​បី​តិច ឬ​ច្រើន ខ្ញុំ​សង្ឃឹម​ថា ពួក​គាត់​នឹង​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ក្មេងៗ ជាពិសេស​ក្មេងៗ​អនាថា ក្រីក្រ ឬ​ក៏​ជួយ​ទំនុក​បម្រុង​ដល់​ការ​សិក្សា​របស់​ពួក​គេ​ផង​ដែរ»

យុវ​និស្សិត​ម្នាក់​ទៀត​ឈ្មោះ ជីញ រត្ថា បាន​ថ្លែង​ថា នាង​មាន​អារម្មណ៍​រីក​រាយ​ដែល​បាន​មក​ចូលរួម​ក្នុង​កម្មវិធី តារា​ម៉ាណាថុន ពីព្រោះ​នាង​អាច​ចូលរួម​ជា​ថវិកា​ខ្លះ​ចំពោះ​កុមារ​ជួប​បញ្ហា។ ម្យ៉ាង​វិញ​ទៀត នាង​ចង់​ឲ្យ​មាន​ការ​រៀបចំ​បង្កើត​ជា​កម្មវិធី​នេះ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ធ្វើ​សកម្មភាព​សប្បុរស និង​លើក​កម្ពស់​ការ​ហាត់​ប្រាណ​ដើម្បី​សុខភាព​ល្អ៖ «បើ​ថា​អាច​ជួយ​បាន យើង​គួរ​តែ​ចូលរួម​បន្តិចបន្តួច​ទាំងអស់​គ្នា។ យើង​អាច​រួម​គ្នា​បង្កើត​ជា​ព្រឹត្តិការណ៍​ផ្សេងៗ​អ៊ីចឹង​ក៏​បាន ពីព្រោះ​ដូច​ខ្ញុំ​ធ្លាប់​ធ្វើ​នៅ​សាលា​អ៊ីចឹង។ យើង​អាច​លក់ ហើយ​លុយ​ដែល​បាន​មក​យើង​អាច​យក​ទៅ​ជួយ​ពួក​គាត់​អ៊ីចឹង​ទៅ»

ចំណែក​យុវជន លាង ស៊ីម៉េង ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​អង្គការ​តារាម៉ាណា បញ្ជាក់​ថា រូប​គេ​អាច​បន្ត​ការ​សិក្សា​បាន គឺ​ដោយសារ​ការ​ទំនុក​បម្រុង​ពី​អង្គការ។ ស៊ីម៉េង ចង់​ឲ្យ​សប្បុរសជន​នានា ជួយ​គាំទ្រ​សកម្មភាព​របស់​អង្គការ​តារាម៉ាណា បន្ត​ទៀត ដើម្បី​ឲ្យ​អង្គការ​មួយ​នេះ​អាច​ជួយ​ដល់​កុមារ​កម្ពុជា ដទៃ​ទៀត។

តារាម៉ាណា គឺ​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​របស់​បារាំង បង្កើត​ឡើង​ជា​ដំបូង​នៅ​ឆ្នាំ​២០០៥ ដើម្បី​ជួយ​ដល់​ការ​សិក្សា​របស់​កុមារ​កំព្រា​ពីរ​នាក់ ដែល​មាន​ឈ្មោះ តារា និង ម៉ាណា។ សកម្មភាព​របស់​អង្គការ​មួយ​នេះ គឺ​អប់រំ​កុមារ ផ្តល់​ការ​បង្រៀន​អំពី​សុខភាព និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ហើយ​កន្លង​មក អង្គការ​តារាម៉ាណា បាន​ជួយ​ដល់​កុមារ​ក្រីក្រ​កម្ពុជា បាន​ប្រមាណ​ជា ២០០​នាក់។ បច្ចុប្បន្ន អង្គការ​តារាម៉ាណា កំពុង​ស្វែងរក​ជំនួយ​ជា​ថវិកា ដើម្បី​សាងសង់​ថ្នាក់​រៀន និង​បំពាក់​សម្ភារៈ​បរិក្ខារ​បន្ថែម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​សិស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។