មន្ត្រី​រដ្ឋាភិបាល​ចំអក​ឲ្យ​បក្ស​ជំទាស់​ដែល​អះអាង​ថា​នឹង​កែ​ទម្រង់​តុលាការ​និង​រដ្ឋសភា

មន្ត្រី​រដ្ឋាភិបាល ប្រតិកម្ម​ចំពោះ​ការ​ថ្លែង​សារ​នយោបាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ដែល​បាន​អះអាង​ថា នឹង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ និង​រដ្ឋសភា ជា​គោល​នយោបាយ​អាទិភាព​របស់​ខ្លួន​មុន​គេ នៅ​ពេល​ឈ្នះ​ឆ្នោត​នោះ ថា​ជា​រឿង​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ ព្រោះ​ថា នេះ​ជា​ស្តង់ដារ​ទៅ​ហើយ​សម្រាប់​ដំណើរ​ការ​ក្ដី ដែល​មាន​អ្នក​ឈ្នះ និង​អ្នក​ចាញ់​នៅ​ក្នុង​តុលាការ។

មន្ត្រី​រដ្ឋាភិបាល ចំអក​ឲ្យ​គណបក្ស​ជំទាស់​ថា វា​ជា​រឿង​ធម្មតា​ទេ​នៅ​ពេល​ណា​មាន​ការ​ជំនុំ​ជម្រះ គឺ​តែង​មាន​អ្នក​ចាញ់ និង​អ្នក​ឈ្នះ​នៅ​ក្នុង​អង្គ​សវនាការ ហើយ​អ្នក​ដែល​ចាញ់ តែង​ត្អូញត្អែរ​ថា ខ្លួន​ទទួល​បាន​ភាព​អយុត្តិធម៌។

ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​នៅ​ពេល​នេះ បន្ទាប់​ពី​អនុប្រធាន​គណបក្ស​ជំទាស់ ថ្លែង​រិះគន់​កាល​ពី​ថ្ងៃ​ទី​១៧ តុលា នៅ​ខេត្ត​កំពត ដោយ​ចាត់​ទុក​ថា ប្រព័ន្ធ​តុលាការ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​កាន់​អំណាច គឺ​មាន​ភាព​អន់​ថយ មិន​យុត្តិធម៌ និង​លម្អៀង។

លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ តុលា ថា វា​មិន​អាច​រួច​ឡើយ​ដែល​ថា ការ​ផ្ដល់​យុត្តិធម៌​ដោយ​ស្មើ​ភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​នោះ។ ការ​ជំនុំ​ជម្រះ​នៅ​អង្គ​សវនាការ លោក​អះអាង​ថា តែង​មាន​អ្នក​ឈ្នះ និង​អ្នក​ចាញ់​ជា​រឿង​ធម្មតា នៃ​នីតិវិធី​របស់​តុលាការ។ ជាង​នេះ​ទៀត ការ​ថ្លែង​ណា​មួយ​ដែល​បន្តុះ​បង្អាប់​ថា តុលាការ​មិន​ឯករាជ្យ និង​ថែម​ទាំង​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​នោះ លោក សុខ ឥសាន យល់​ឃើញ​ថា នេះ​ជា​របៀប​ឃោសនា​មុន​អាណត្តិ​របស់​គណបក្ស​ជំទាស់​ប៉ុណ្ណោះ។ លោក​បន្ត​ថា «អ្នក​ចាញ់​អ្នក​ឈ្នះ អា​ហ្នឹង​វា​តែង​តែ​មាន។ នៅ​ក្នុង​តុលាការ​ហ្នឹង វា​មិន​ដែល​កាត់​ទៅ​ឈ្នះ​ទាំងអស់​គ្នា ឬ​ចាញ់​ទាំងអស់​គ្នា​ទេ ហើយ​កន្លង​ទៅ​ឃើញ​ហើយ អ្នក​ចាញ់​ច្រើន​តែ​ឡាំប៉ា»

បើ​ទោះ​ជា​បែប​ណា លោក កឹម សុខា អះអាង​នៅ​ក្នុង​វេទិកា​ជួប​ជាមួយ​ម្ចាស់​ឆ្នោត​នៅ​ស្រុក​បន្ទាយមាស ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១៧ តុលា ដោយ​ប្រកាស​ជំហរ​ថា គណបក្ស​ប្រឆាំង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ និង​ជោគជ័យ ចំពោះ​គោល​នយោបាយ​របស់​ខ្លួន​ដែល​បាន​ដាក់​ចេញ។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជាច្រើន​រយ​នាក់ លោក កឹម សុខា អនុប្រធាន​គណបក្ស​ជំទាស់​អះអាង​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ គណបក្ស​នេះ​នឹង​កែ​ទម្រង់​មុន​គេ គឺ​ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​រដ្ឋសភា។ បន្ថែម​ពី​លើ​នេះ លោក កឹម សុខា យល់​ឃើញ​ថា ដោយសារ​ប្រព័ន្ធ​ទាំង​ពីរ​នេះ​មិន​អាច​ជឿ​ទុក​ចិត្ត​ដូច​នេះ​ហើយ ទើប​ជំរុញ​ឲ្យ​មាន​អយុត្តិធម៌​សង្គម​កាន់​តែ​យ៉ាប់​ទៅៗ។ លោក​បន្ត​ថា «អ៊ីចឹង គឺ​ឥត​មាន​ទេ​បង គឺ​យើង​កែ​ទម្រង់ កែ​ទម្រង់​ស្ថាប័ន​ជាតិ​សំខាន់ៗ កែ​ទម្រង់​ទី​មួយ គឺ​តុលាការ​មុន​គេ​បង្អស់។ ទី​ពីរ គឺ​យើង​កែ​ស្ថាប័ន​សភា ដែល​យើង​កំពុង​តែ​សព្វថ្ងៃ​នេះ។ កែ​ឲ្យ​ទៅ​ជា​សភា​ហ្នឹង​ជា​តំណាង​ប្រជាពលរដ្ឋ មិន​មែន​តំណាង​តែ​បក្ស​នយោបាយ​មួយ​ទេ»

អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា សព្វថ្ងៃ​នេះ គឺ​ពិត​ជា​មាន​ភាព​ខ្វះ​ចន្លោះ ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ក្លាយ​ជា​ជន​រងគ្រោះ ដោយសារ​ប្រព័ន្ធ​តុលាការ​នេះ​ដែល​បណ្ដាល​ពី​ការ​អនុវត្ត​មិន​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា ទទួល​ស្គាល់​ថា ការ​អនុវត្ត​ច្បាប់​មាន​ភាព​អន់​ថយ ជាពិសេស​សិទ្ធិ​ដែល​ទទួល​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​របស់​ជន​រងគ្រោះ។ បន្ថែម​ពី​លើ​នេះ លោក សូ ចន្ថា មើល​ឃើញ​ថា ភាព​លម្អៀង​ក្នុង​ការ​អនុវត្ត​ប្រព័ន្ធ​តុលាការ​នេះ ព្រោះ​តែ​មន្ត្រី​អនុវត្ត​ច្បាប់​ស្ថិត​ក្នុង​តំណែង​នៃ​ក្របខ័ណ្ឌ​រដ្ឋ។ ហេតុ​នេះ គឺ​ជា​ប្រភព​ដែល​មិន​មាន​ភាព​ឯករាជ្យ​រួច​ទៅ​ហើយ។ លោក​បន្ត​ថា «អ៊ីចឹង​ដើម្បី​ឲ្យ​តុលាការ​ឯករាជ្យ យើង​មាន​យន្តការ​មួយ​ចំនួន។ ទី​មួយ គឺ​ទាក់ទង​ច្បាប់​ដែល​ចែង។ ច្បាប់​ដែល​ចែង​ហ្នឹង​បាន​ន័យ​ផ្តល់​អំណាច​ឲ្យ​ទៅ​តុលាការ​ដោយ​ឯករាជ្យ។ ទី​ពីរ តួអង្គ​តុលាការ មាន​ន័យ​ថា សមភាព​ដែល​អនុវត្ត​កិច្ចការ​នៅ​ក្នុង​តុលាការ​ហ្នឹង ជា​មនុស្ស​ដែល​ឯករាជ្យ​ទេ? ព្រោះ​កន្លង​មក​យើង​ឃើញ​ថា កម្ពុជា យើង​ឃើញ​ហើយ​សមាជិក​នៅ​ក្នុង​តុលាការ​ហ្នឹង ភាគ​ច្រើន​ជា​សមាជិក​គណបក្ស​កាន់​អំណាច»

ក្នុង​ពេល​កន្លង​ទៅ​នេះ រដ្ឋាភិបាល​តាម​រយៈ​រដ្ឋសភា បាន​អនុម័ត​ច្បាប់​៣ ដែល​ពាក់ព័ន្ធ​នឹង​តុលាការ សម្រាប់​កំណែ​ទម្រង់​ថ្មី​មួយ​ជំហាន​ទៀត​របស់​ខ្លួន ក៏ប៉ុន្តែ​អ្នក​វិភាគ​យល់​ឃើញ​ថា ការ​កែ​ទម្រង់​នេះ នៅ​តែ​ពុំ​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ ដោយសារ​ស្ថាប័ន​តុលាការ​នៅ​តែ​ស្ថិត​ក្រោម​ឆត្រ​របស់​រដ្ឋាភិបាល។

ជុំវិញ​រឿង​នេះ​ដែរ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ជា​ញឹកញាប់​តែង​ថ្កោលទោស​ការ​ចេញ​សាលក្រម​ដោយ​តុលាការ​ក្រុង​ភ្នំពេញ ឬ​តុលាការ​ថ្នាក់​ក្រោម​នៅ​តាម​បណ្ដា​ខេត្ត ដែល​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា តែង​សម្រេច​សេចក្តី​ដោយ​ផ្ទុយ​ពី​អង្គហេតុ។ ភាព​ចម្រូងចម្រាស​នេះ គឺ​តែង​កើត​ឡើង​ទៅ​លើ​សកម្មជន​ព្រៃ​ឈើ ក្រុម​អ្នក​តស៊ូ​មតិ​ក្នុង​ជម្លោះ​ដីធ្លី និង​អ្នក​នយោបាយ​បក្ស​ជំទាស់ ជាដើម។

របាយការណ៍​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ឲ្យ​ដឹង​ថា មាន​សកម្មជន​ការពារ​បរិស្ថាន​របស់​អង្គការ​មាតា​ធម្មជាតិ​ចំនួន ៣​នាក់​ត្រូវ​ចាប់ និង​ឃុំ​ខ្លួន ខណៈ​ក្រុម​អ្នក​តវ៉ា អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​អ្នក​សារព័ត៌មាន​ចំនួន ១៧​នាក់​ផ្សេង​ទៀត ដែល​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​ទាំង​បី​នាក់​នេះ ត្រូវ​ឃាត់​ខ្លួន​អស់​ជាច្រើន​ម៉ោង​មុន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​ពន្ធនាគារ​ចំនួន ១៥​នាក់ ដែល​សកម្មភាព​ចាប់​ចង​នេះ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ លើក​ឡើង​ថា ជា​ហេតុផល​នយោបាយ​ដែល​តុលាការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។