សមត្ថកិច្ច​ខេត្តកំពង់ធំ​ចាប់​រថយន្ត​តាក់ស៊ី​ដែល​ដឹក​មនុស្ស និង​អីវ៉ាន់​លើ​ដំបូល ​ធ្វើការ​អប់រំ និង​ពិន័យ

ខេត្តកំពង់ធំ ៖ ដើម្បី​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​ កាលពី​ថ្ងៃ​ទី​១៨ តុលា ២០១៥ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្តកំពង់ធំ​បាន​ធ្វើការ​ឃាត់​រថយន្ត​តាក់ស៊ី​ដែល​មាន​ដឹក​មនុស្ស និង​អីវ៉ាន់​​សំពីង​សំពោង​នៅ​លើដំបូល​យក​មក​ធ្វើការ​អប់រំ និង​ពិន័យ ។

លោក​វរសេនីយ៍ឯក កែវ ហួ ស្នងការ​រង​នគរបាល​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ការិយាល័យ​សណ្តាប់ធ្នាប់​សាធារណៈ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី ជូ សំ​អាន ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​របស់​លោក​បាន​ចុះ​ធ្វើការ​ត្រូ​ត​ពិនិត្យ​ចំពោះ​រថយន្ត​តាក់ស៊ី ពិសេស​គឺ​ពពួក​រថយន្ត​ប្រភេទ​តួរីស និង​សាំ​យ៉ុ​ង ដែល​អាច​ដាក់​មនុស្ស និង​អីវ៉ាន់​សំពីងសំពោង​នៅ​ពីលើ​ដំបូល​រថយន្ត ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​ឆក់​យកអាយុ​ជីវិត​មនុស្ស​ជា​រៀងរាល់ថ្ងៃ ហើយ​ចំពោះ​អ្នកបើកបរ និង​រថយន្ត​​ត្រូវ​នាំ​ទៅ​កាន់​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​ផាកពិន័យ ចំណែក​រថយន្ត​ដែល​ចត​គ្មាន​សណ្តាប់ធ្នាប់ ខុស​ទីកន្លែង​អនុញ្ញាត​ត្រូវ​ហៅ​ម្ចាស់​មក​ធ្វើ​ការ​អប់រំ ។

លោក​វរសេនីយ៍ឯក កែវ ហួ ឱ្យ​ទៀត​ថា ក្នុង​រយៈពេល​១​ថ្ងៃ​ទី​១៨ តុលា ២០១៥ កម្លាំង​របស់​លោក​ឃាត់​បាន​រថយន្ត​ល្មើស​ចំនួន​១៣​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​៣​គ្រឿង​ត្រូវ​ពិន័យ ចំណែក​១០​គ្រឿង​ទៀត​គ្រាន់តែ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ និង​ផ្តិត​មេដៃ​កុំឱ្យ​ប្រ​ព្រិ​ត្ត​ខុស​ទៀត បើ​នៅ​តែ​មិន​រាង​ចាល លើក​ទី​២​នឹង​ត្រូវ​រង​នូវ​ការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់ ៕