អ៊ូ តារា សំណូមពរ​ទស្សនិកជន​កុំ​ច្រឡំ​វីដេអូ​ក្រុម​ល្បុក្កតោ​ខ្មែរ ថា​ជា​របស់​បរទេស​

អ៊ូ តារា សំណូមពរ​ទស្សនិកជន​កុំ​ច្រឡំ​វីដេអូ​ក្រុម​ល្បុក្កតោ​ខ្មែរ ថា​ជា​របស់​បរទេស​

លោក អ៊ូ តារា ដែល​ជា​តារា​សម្ដែង និង​គ្រូ​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ពេល​ដែល​លោក​បង្ហោះ​វីដេអូ Bokator Stunt Team [SHOW REEL 2015] តែ​បែរ​ជា​មាន​មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា​នោះ​ជា​វីដេអូ​វ៉ៃ​តប​របស់​ពួក​បរទេស​ទៅ​វិញ។

 

 

ថ្លែង​មក​កាន់ Sabay របៀប​អន់ចិត្ត​ថា៖ “មាន​មនុស្ស​មួយ​ចំនួន​ធំ​បាន​ភ័ន្តច្រឡំ​ថា ​វីដេអូ​នោះ ​គឺជា​ វីដេអូ របស់​ជន​បរទេស តែ​តាម​ការពិត​នោះ​ជា​វីដេអូ​ កូន​ខ្មែរ​សោះ។” លោក​បាន​បន្ត​ថា​ វីដេអូ​នោះ គឺ​បង្ហាញ​ពី​ឈុត​ដែល​ក្រុម​ល្បុក្កតោ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ជាច្រើន​កន្លង​មក ហើយ​លោក​ទើប​បាន​កាត់​បញ្ចូល​គ្នា​ធ្វើ​វីដេអូ​ខ្លី​មួយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ។

 

គ្រូ​បង្ហាត់​ល្បុក្កតោ ខាង​លើ​សុំ​សំណូមពរ​ដល់​បងប្អូន​ខ្មែរ​ថា៖ “សុំ​បង​ប្អូន​ទាំងអស់​ជឿ​ទៅ​ថា ជនជាតិ​ខ្មែរ​មិន​អន់​ទេ ហើយ​វីដេអូ​នេះ​ គឺជា​ ស្នាដៃ​កូន​ខ្មែរ​ពិត​ៗ។” កូនសិស្ស​លោកគ្រូ​ក្រមា​មាស សាន គឺមស៊ាន រូប​នេះ​បាន​បន្ត​ទៀត​ថា​ រូបលោក​ គឺជា​ អ្នក​កាត់​ត និង​ ជា​អ្នក​បង្ហោះ​ហើយ​ក៏​ឃើញ​មាន​មនុស្ស​មួយ​ចំនួន​និយាយ​ថា ​នេះ​ជា​វីដេអូ​របស់​បរទេស និង​ខ្លះ​ទៀត​និយាយ​ថា ស្មាន​ថា​ នេះ​ជា​វីដេអូ​របស់​ពួក​ក្រុម​អ្នក​ថត​កុន​នៅ​បរទេស ជាដើម។

 

អ៊ូ តារា សំណូមពរ​ទស្សនិកជន​កុំ​ច្រឡំ​វីដេអូ​ក្រុម​ល្បុក្កតោ​ខ្មែរ ថា​ជា​របស់​បរទេស​

 

“ពេល​ឃើញ​ដូចនេះ​ខ្ញុំ​ពិតជា​អន់​ចិត្ត​មែនទែន។ ហេតុអ្វី​ក៏​ពួកគាត់​ឲ្យ​តម្លៃ​លើ​បរទេស​ខ្លាំង​ម្ល៉េះ ម្ដេច​ក៏​គិត​ថា​ខ្មែរ គ្មាន​សមត្ថភាព​សម្ដែង​បែបនេះ​ទៅ​វិញ៕ ”

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖ គណនី Facebook អ៊ូ តារា