បញ្ហា​៣​យ៉ាង​កើត​ឡើង​ក្នុង​​រឿង​​កីឡា​ខ្មែរ​កាល​ពី​ម្សិល​មិញ​​


បញ្ហា​៣​យ៉ាង​កើត​ឡើង​ក្នុង​​រឿង​​កីឡា​ខ្មែរ​កាល​ពី​ម្សិល​មិញ​​

រយៈ​ពេល​តែ​មួយ​ថ្ងៃ​ពោល​គឺ​ថ្ងៃ​ទី​១៨​ ខែ​តុលា​ ឆ្នាំ​២០១៥​ មាន​បញ្ហា​អសកម្ម​៣​យ៉ាង​បាន​កើត​ឡើង​​​​នៅ​ក្នុង​វិស័យ​កីឡា​ប្រដាល់​ខ្មែរ​ និង​បាល់ទាត់​កម្ពុជា​ដែល​កើត​ឡើង​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​អាជ្ញា​កណ្តាល។

 

ទី​មួយ៖ ការ​ប្រកួត​ប្រដាល់​ក្បាច់​គុន​ខ្មែរ​បុរាណ​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​ អ្នក​ប្រដាល់​កម្ពុជា ពុធ ហ៊ុច ត្រូវ​បាន​ប្រកាស​ឲ្យ​ចាញ់​កីឡាករ​ថៃ​ ភេច អារុណ បន្ទាប់​ពី​កីឡាករ​កម្ពុជា​ម្នាក់​នេះ​ត្រូវ​បាន​កីឡាករ​ទាត់​ចំ​ក្បាល​ឲ្យ​សន្លប់​នៅ​ពេល​រូប​គេ​បាន​ដួល​ទៅ​ហើយ។ បន្ទាប់​ពី​ការ​សន្លប់​ភ្លាម​ៗ​ លោក​អាជ្ញា​កណ្តាល​បាន​ព្រមាន​កីឡាករ​ថៃ​​ពី​បទ​វាយ​ខុស​បទ​បញ្ជា​នៃ​ការ​ប្រកួត។ ទោះ​យ៉ាង​ណា បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា​ ពុធ ហ៊ុច​វិញ​ទេ​ដែល​ជា​អ្នក​ធ្វើ​ពុត​ជា​សន្លប់​ ដូច្នេះ​លទ្ធផល​បាន​ប្រកាស​ជ័យជម្នះ​ដល់​កីឡាករ​ថៃ។

 

ទី​ពីរ៖ រឿង​ប្រដាល់​នេះ​ដដែល​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ក៏​កើត​មាន​បញ្ហា​អសកម្ម​ដែរ​ដោយ​កីឡាករ​ដោះ​ហ្គង់​ដៃ​ដើរ​ចេញ​ពី​ការ​ប្រកួត​ដោយ​សារ​រូប​គេ​យល់​ឃើញ​ថា​ អ្នក​អាជ្ញា​កម្ពុជា​លំអៀង​ជុំ​វិញ​ការ​កាច​ផ្តួល។ រយៈ​ពេល​ពីរ​បី​ទឹក​ដំបូង​ កីឡាករ​កម្ពុជា​ ប៊ឹត ខាំ​បាន​កាច​ផ្តួល​រូប​គេ​ អាជ្ញា​កណ្តាល​មិន​ព្រមាន​​ទេ​ ប៉ុន្តែ​ដល់​ពេល​រូប​គេ​ផ្តួល​វិញ​ម្តង ស្រាប់​តែ​អាជ្ញា​កណ្តាល​កម្ពុជា​ព្រមាន​ដែល​ធ្វើ​ឲ្យ​រូប​គេ​មិន​ពេញ​ចិត្ត​ និង​ដោះ​ហ្គង់ដៃ​ដើរ​ចេញ​តែ​ម្តង។ លើស​ពី​នេះ​ទៀត អ្នក​ទស្សនា​ពេញ​សង្វៀន​បាន​ទាំង​គប់​ដប​ទឹក​សុទ្ធ​ទៅ​លើ​កីឡាករ​ថៃ​ទៀត​ផង។ ទោះ​យ៉ាង​ណាការ​ប្រកួត​បាន​ដំណើរ​ឡើង​វិញ បន្ទាប់​ពី​អ្នក​រៀប​ចំ​កម្មវិធី​បាន​សម្របសម្រួល​ឲ្យ​កីឡាករ​ថៃ​ចូល​ប្រកួត​។

 

កន្លង​មក​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា អាជ្ញា​កណ្តាល​ប្រដាល់​កម្ពុជា​ហាក់​មិន​ត្រូវ​គ្នា​សោះ។ នៅ​ពេល​កីឡាករ​កម្ពុជា​ខ្លះ​កាច​ផ្តួល​ អាជ្ញា​កណ្តាល​ខ្លះ​មិន​ព្រមាន​ ប៉ុន្តែ​អាជ្ញា​កណ្ដាល​ព្រមាន។ ជាក់​ស្តែង​នៅ​ពេល​ជើង​ខ្លាំង​ថៃ​ Jesda មក​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា​ រឿង សោភ័ណ្ឌ​ដែល​ពេល​នោះ​កីឡាករ​ថៃ​បាន​បោក​ផ្តួល​កីឡាករ​កម្ពុជា​ម្នាក់​នេះ​ជា​ច្រើន​ដង​ ប៉ុន្តែ​អាជ្ញា​កណ្តាល​កម្ពុជា​មិន​ព្រមាន។

 

ទី​៣៖ ចូល​មក​រឿង​បាល់​ទាត់​វិញ​ម្តង​ លោក​អាជ្ញា​កណ្តាល​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​បាន​ចាប់​កំហុស​កីឡាករ​របស់​បឹងកេត​អង្គរ​ឡើយ​នៅ​ពេល​ដែល​កីឡាករ​ម្នាក់​នោះ​បាន​យក​ដៃ​​ទៅ​ទាញ​កីឡាករ​របស់​វេស្ទើន​ដែល​បណ្តាល​ឲ្យ​ដួល​នៅ​តំបន់​គ្រោះ​ថ្នាក់​។ Mathew Oza ​បាន​បណ្តើរ​បាល់​ទៅ​ប្រអប់​គ្រោះ​ថ្នាក់ ​និង​យារជើង​ទាត់​ហើយ សម្រាប់​តែ​ខ្សែ​ការពារ​របស់​បឹងកេត​ម្នាក់​យក​ដៃ​ទៅ​ទាញ Oza បណ្តាល​ឲ្យ​ខក​ខាន​​តែ​ម្តង។ ការ​យក​ដៃ​ទៅ​ទាញ​ Oza នេះ​មិន​ត្រូវ​បាន​លោក​អាជ្ញា​កណ្តាល​ផ្តល់​បាល់​ពិន័យ​ឡើយ​ដែល​ធ្វើ​​លោក ប៉ែន ផាត ខឹង​សម្បា​យ៉ាង​ខ្លាំង៕

 

សូម​ទស្សនា​វីដេអូ​​ប្រដាល់​នៅ​ SEATV


សូម​ទស្សនា​​វីដេអូ​ប្រដាល់​នៅ Bayon


សូម​ទស្សនា​វីដេអូ បាល់ទាត់ (នាទី​ចន្លោះ​៦៥-៦៨)

អត្ថបទ៖ ជាន ចាន់រ៉ា​