កន្លង​ខ្សែ​ពាន​ម៉ាស៊ីនកិនស្រូវ​មិន​ផុត ខ្សែ​ពាន​រុំដួល​បោក​ផ្ទប់​ដី​រង​របួសធ្ងន់

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បញ្ឆេះ​ម៉ាស៊ីនកិនស្រូវ​ឱ្យ​អ្នក​ភូមិ ខណៈ​កំពុង​ចាប់ផ្តើម ស្ត្រី​ជា​ប្រពន្ធ​ដើរ​កន្លង​ខ្សែ​ពាន​ម៉ាស៊ីន ​ដើម្បី​ទៅ​បើក​គន្លឹះ​ឱ្យ​ស្រូវ​ធ្លាក់​ពី​កញ្ច្រែង​ទៅ​ខាងក្រោម ​ស្រាប់តែ​ទាក់​សំពត់​នឹង​ខ្សែ​ពាន​ រុំ​អូស​ទាញ​ដួល​បោក​ផ្ទប់​ទៅ​នឹង​ដី ​បណ្តាល​ឱ្យ​រង​របួស​ភ្លៅ​ទាំង​សងខាង និង​រយះ​ត្រគាក​ខាងឆ្វេង​ធ្ងន់ធ្ងរ ត្រូវ​បាន​ប្តីរ​ត់ទៅ​ពន្លត់​ម៉ាស៊ីន​ទាន់​ពេល ​រួច​ប្រញាប់​ដឹក​តាម​រថយន្ត​ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។ ហេតុការណ៍​ទាក់​សំពត់​រមូរ​ចូល​ខ្សែ​ពាន​ម៉ាស៊ីនកិនស្រូវ​បណ្តាល​ឱ្យ​ របួសធ្ងន់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ តុលា ២០១៥ នៅ​ក្នុងផ្ទះ​របស់​ស្ត្រី​រង​គ្រោះ ស្ថិត​ក្នុងភូមិ​កំ​រៀង ឃុំ​កំ​រៀង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ ផល សុភា អាយុ​៣៣​ឆ្នាំ ជា​កសិករ រង​របួស​ភ្លៅ​ទាំង​សងខាង និង​រយះ​ត្រគាក​ខាងឆ្វេង​ធ្ងន់ធ្ងរ មាន​ប្តី​ឈ្មោះ ជឿន សា​ម៉េ​ត អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

បើ​តាម​សម្តី​បុរស​ជា​ប្តី​ឈ្មោះ ជឿន សា​ម៉េ​ត បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​បាន​បញ្ឆេះ​ម៉ាស៊ីនកិនស្រូវ​របស់​ខ្លួន​ដើម្បី​កិនស្រូវ​ឱ្យ​អ្នក​ភូមិ ​ផង​របង​ជាមួយ​ម្នាក់ ​ខណៈ​ទើបតែ​ចាប់ផ្តើម​ភ្លាម ប្រពន្ធ​របស់​ខ្លួន​បាន​ដើរ​ឆ្លង​កន្លង​ខ្សែ​ពាន​ម៉ាស៊ីន​បម្រុង​​ទៅ​បើក​ គន្លឹះ​កញ្ច្រែង​ឱ្យ​ស្រូវ​ធ្លាក់​ទៅ​ខាងក្រោម ពេល​នោះ​ស្រាប់តែ​សំពត់​ទាក់​នឹង​ខ្សែ​ពាន​បណ្តាល​ឱ្យ​រុំ​អូស​ដួល​បោក​ ផ្ទប់​ទៅ​នឹង​ដី​រង​របួសធ្ងន់ ។ ប្រភព​បន្ត​ទៀត​ថា ពេល​ឃើញ​ប្រពន្ធ​ខ្លួន​ត្រូវ​ខ្សែ​ពាន​ទាញ​ដូច្នេះ​ក៏​ប្រញាប់​ស្ទុះរ​ត់ទៅ​ ពន្លត់​ម៉ាស៊ីន​ភ្លាម​ៗ រួច​ប្រញាប់​លើក​ប្រពន្ធ​ដាក់​លើ​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បង្អែក​ខេត្ត​ប៉ៃលិន ហើយ​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។

ប្រភព​ពី​លោកគ្រូ​ពេទ្យ​ម្នាក់​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មិន​ប៉ះពាល់​ដល់​ឆ្អឹងត្រគាក ឬ​ឆ្អឹងភ្លៅ​នោះ​ទេ គ្រាន់តែ​រលាត់ស្បែក ជាំ​សាច់​ភ្លៅ និង​រយះ​សាច់​ត្រគាក​ខាងឆ្វេង​ប៉ុណ្ណោះ សំណាងល្អ​ដែល​បុរស​ជា​ប្តីរ​ត់ទៅ​ពន្លត់​ម៉ាស៊ីន​ទាន់​ពេល កុំ​អី​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយសារ​ខ្សែ​ពាន​អូស​បោក​ចូល​ទៅ​ផ្ទប់​នឹង​ម៉ាស៊ីន​ផង​ដែរ ។

សូម​បញ្ជាក់​ថា កាលពីមុន​ក៏​ធ្លាប់​មាន​អ្នក​រកស៊ី​បើកបរ​រថយន្ត​ដឹក​ម៉ាស៊ីន​​បោក​ស្រូវ​ ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ និង​តាម​វាលស្រែ ហើយ​យក​ក្រមា​ទៅ​រុំ​.ក លុះ​ជាយ​ក្រមា​ចូល​ទៅ​ក្នុង​ប្រហោង​ម៉ាស៊ីន​កំពុង​ដំណើរការ​បណ្តាល​ឱ្យ​ទាញ​ បោក​ផ្ទប់​រង​របួស​ធ្ងន់ធ្ងរ និង​មាន​អ្នកខ្លះ​រហូត​ដល់​ស្លាប់​ផង​ដែរ ៕

កន្លង​ខ្សែ​ពាន​ម៉ាស៊ីនកិនស្រូវ​មិន​ផុត ខ្សែ​ពាន​រុំដួល​បោក​ផ្ទប់​ដី​រង​របួសធ្ងន់
កន្លង​ខ្សែ​ពាន​ម៉ាស៊ីនកិនស្រូវ​មិន​ផុត ខ្សែ​ពាន​រុំដួល​បោក​ផ្ទប់​ដី​រង​របួសធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត