ផ្អើល​ខាន​រៀន​មួយ​ថ្នាក់​ ព្រោះ​ដាច់​ធ្លាក់​កង្ហារ​ដែល​ជាប់​នឹងពិដាន​

ការ​សិក្សា​រៀន​សូត្រ​របស់​និស្សិត​កំពុង​តែ​ដំណើរ​ការ​ជាធម្មតា ​ប៉ុន្តែ​ភ្លាមៗ​ស្រាប់​តែ​កង្ហារ​ធំមួយ​ដែល​ជាប់​នឹងពិដាន​ បាន​ដាច់​ធ្លាក់​ចុះ​មក​ក្រោម​បណ្ដាល​ឱ្យ​និស្សិត​ស្រី-ប្រុស​ចំនួន​៥នាក់​រង​របួស​ធ្ងន់-​ស្រាល​នៅក្នុង​បន្ទប់​រៀន​របស់​ខ្លួន​ នៅឯ​សាលាពាណិជ្ជ​កម្ម​ Dongguan ក្នុង​ប្រទេស​ចិន​ កាលពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​កន្លង​ទៅ ​នេះបើ​យោង​តាម​សារពត៌មាន ​Nanfang Metropolis Daily។
ផ្អើល​ខាន​រៀន​មួយ​ថ្នាក់​ ព្រោះ​ដាច់​ធ្លាក់​កង្ហារ​ដែល​ជាប់​នឹងពិដាន​

ដោយ​គ្មាន​ឱ្យ​សញ្ញា​ជាមុន​ កង្ហារ​ដែល​ជាប់​នឹង​ពិដាន​នោះ​បាន​ដាច់ធ្លាក់​ចុះ​មក​ក្រោម​ភ្លាមៗ​ចំ​ក្បាល​និស្សិត​ប្រុស​ម្នាក់​ដែល​កំពុង​អង្គុយ​ចំប្លង់​នៅពី​ក្រោម ​និង​និស្សិត​ស្រី​ម្នាក់​ទៀត​ដែល​អង្គុយ​នៅក្បែរ​នោះ​បាន​ខ្ទាត​ចេញ​ភ្លាមៗ ​រីឯនិស្សិត​ប្រុសបី​នាក់​ទៀត ​ត្រូវ​រង​របួស​ស្រាល​ដោយ​បំណែក​ចុង​ស្លាប​កង្ហារ​ខ្ទាត​ត្រូវ ។ ​
ផ្អើល​ខាន​រៀន​មួយ​ថ្នាក់​ ព្រោះ​ដាច់​ធ្លាក់​កង្ហារ​ដែល​ជាប់​នឹងពិដាន​

បន្ទាប់​ពីឮ​សូរ​សម្លេង​ស្រែក​ឆោ​ឡោ​ឡើង​ភ្លាម ​លោក​គ្រូ ​អ្នកគ្រូ​ដែល​នៅក្បែរៗ​នោះ​បាន​រត់​ចូល​មក​យ៉ាង​ប្រញ៉ាប់ ​និងបាន​នាំនិស្សិត​ទាំង​ប្រាំរូប​ទៅកាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​ ។ បើតាម​ប្រសាសន៍​របស់​គ្រូពេទ្យ ​លើក​លែង​តែនិស្សិត​ប្រុស​ដែល​អង្គុយ​ក្រោម​កង្ហារ​ចេញ​ និស្សិត​បួន​នាក់​ទៀត​អាចវិល​ត្រលប់​ទៅផ្ទះ​វិញ​បាន ​ក្រោយ​ពីបាន​ព្យាបាល​មុខ​របួស​ ព្រោះពួក​គេរង​របួស​ស្រាល។ ​​

ក្រោយ​ពីហេតុ​ការណ៍​នេះ​បាន​បញ្ចប់ទៅ ​លោក​នាយក​រង​សាលា​បាន​មាន​ប្រសាសន៍​ថា ​សាលា​នឹងធ្វើ​ការ​ពិនិត្យ​ និងជួស​ជុល​រាល់​កង្ហារ​ទាំង​ឡាយ​ឡើង​វិញ ​ប៉ុន្តែ​លោក​មិន​បាន​និយាយ​ថា​ត្រូវផ្លាស់​ពីការ​ប្រើ​ប្រាស់​កង្ហារ​ជាប់​ពិដាន ​ទៅជា​ម៉ាស៊ីន​ត្រជាក់​នោះទេ​ និងមួយ​វិញ​ទៀត​លោក​ក៏មិន​បាន​បញ្ជាក់​អំពី​សំណង ​ឬការ​ទទួល​ខុស​ត្រូវ​ណា​មួយ​របស់​សាលា​ចំពោះ​និស្សិត​ដែល​រងគ្រោះ​ដោយ​សារ​បញ្ហា​បច្ចេក​ទេស​នោះ​ដែរ ៕​

តើ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ហេតុ​ការណ៍ដ៏​ព្រឺល​លាដ៍នេះ ?​
តើសាលា​របស់​អ្នក​នៅប្រើ​ប្រាស់​កង្ហារ​ប្រភេទ​នេះ​ទៀត​ដែរឬទេ ?​

ដោយ៖ ឈូក ស
ប្រភព៖ CCTV