ក្នុង​មួយ​ឆ្នាំៗ​នៅចិន​មាន​មនុស្ស​ជាង​២លាន​នាក់​ស្លាប់​ដោយ​សារជម្ងឺ​មហារីក​

ជម្ងឺ​ដែល​ជាហេតុ​ដែល​បណ្ដាល​ឱ្យ​ប្រជាជន​ចិនស្លាប់​ច្រើន​ជាង​គេក្នុង​មួយឆ្នាំៗ​ ហើយ​ត្រូវ​បាន​ប្រជាជន​ចិន​ដាក់​ឈ្មោះ​ឱ្យថា​ជា​មហា​ឃាត​ករ​ប្រចាំ​ឆ្នាំទៀត​នោះគឺ​ ជម្ងឺ​មហារីក​ ។ ជម្ងឺ​ប្រភេទ​នេះ​ពិត​ជាល្បី​ឈ្មោះ​ខ្លាំង​ណាស់​នៅក្នុង​ប្រទេស​ចិនសព្វ​ថ្ងៃ​ ព្រោះ​ក្នុង​មួយ​ឆ្នាំៗ​មាន​យ៉ាង​ហោច​ណាស់​មនុស្ស​ជាង​២លាន​នាក់​បានស្លាប់​ដោយ​សារ​វា នេះ​បើតាម​ប្រសាសន៍​របស់​លោក ​Wang Ying អគ្គ​លេខា​ធិការ​នៃសមាគមន៍​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​មហារីក​ចិន ។​
ក្នុង​មួយ​ឆ្នាំៗ​នៅចិន​មាន​មនុស្ស​ជាង​២លាន​នាក់​ស្លាប់​ដោយ​សារជម្ងឺ​មហារីក​

នៅក្នុង​កិច្ច​ប្រជុំ​មួយ​ស្ដីអំពី​ជម្ងឺមហារីក​អន្តរជាតិ​ នៅក្នុង​រដ្ឋធានី​ប៉េកាំង ​ប្រទេស​ចិន ​កាលពី​ឆ្នាំ២០១២ ​លោកWang បាន​ប្រកាស​នូវ​របាយ​ការណ៍​របស់​ខ្លួនថា​ នៅក្នុង​មួយ​ឆ្នាំៗ​ជម្ងឺ​មហារីក​បាន​ឆក់​យក​អាយុ​ជីវិត​ប្រជាជន​ចិន​អស់​ចំនួន​២.១លាន​នាក់ ​ដែល​ចំនួន​នេះ​គឺស្មើ​នឹង​២៦%នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជម្ងឺ​មហារីក​ទូទាំង​ពិភព​លោក ​។ លោក​បាន​បន្ថែម​ថា ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជម្ងឺ​មហារីក​នៅក្នុង​ប្រទេស​ចិន​បាន​កើន​ឡើង​រហូត​ដល់​៣.៣លាន​នាក់​សម្រាប់​ឆ្នាំ​នេះ ​ហើយ​អាច​នឹង​ឡើង​ខ្ពស់​ជាង​នេះ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ ប្រសិន​បើ​ប្រទេស​ចិន​គ្មាន​គោល​នយោបាយ​ជាក់​លាក់​ណាមួយ​ដើម្បី​ធានា ​នឹងទ្រទ្រង់​ដល់​សុខុមាល​ភាព​ប្រជាជន​ទេនោះ ។​​
ក្នុង​មួយ​ឆ្នាំៗ​នៅចិន​មាន​មនុស្ស​ជាង​២លាន​នាក់​ស្លាប់​ដោយ​សារជម្ងឺ​មហារីក​

ជម្ងឺ​មហារីក​ដែល​ជាជម្ងឺ​ប្រចាំ​ត្រកូល​ជនជាតិ​ចិន​ភាគ​ច្រើន ​និងជាញឹក​ញយ​តែង​តែ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​មាន​ប្រភេទ​ដូចជា៖​ ជម្ងឺ​មហារីក​ដោះ ​មហារីក​ពោះវៀន​ធំ ​និងមហារីក​សួត​ជាដើម​ ។ មូល​ហេតុ​ដែល​នាំឱ្យ​កើត​ជម្ងឺ​មហារីក​ទាំងបី​ប្រភេទ​នេះ​ ព្រោះ​ដោយ​សារកត្តា​បរិស្ថាន​កខ្វក់ ​និងខ្វះ​អនាម័យ​ បញ្ហាធាត់-​ឡើង​ទម្ងន់​ខ្លាំង​ និងខ្ជឹល​ច្រអូស​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​ នេះ​បើ​យោង​តាម​លោក​Wang ។ លោក​បាន​បន្តថា​ កត្តា​ដែល​ជម្រុញ​ឱ្យជម្ងឺ​មហារីក​កើន​ឡើង​ឥត​ឈប់​ឈរ ​ក្នុង​នោះ​ភាពក្រីក្រ​គឺជា​មូល​ហេតុ​ដ៏ចម្បង​ជាងគេ​សម្រាប់​ដោះ​ស្រាយ​ជាបន្ទាន់ ​ដូច្នេះ​ហើយ​ទើប​លោក​ប្រធានា​ធិប​តីចិន​ ស៊ី ​ជីនពីង ​បានថ្លែង​នៅក្នុង​វេទិកា​លុប​បំបាត់​ភាព​ក្រីក្រ​ជាសកល​នៅអង្គ​ការ​សហ​ប្រជាជាតិថា​ ប្រជាជន​ចិនទាំង​អស់​នឹងរួច​ផុត​ពីភាព​ក្រីក្រនៅ​ទូទាំង​ប្រទេស​មិន​លើស​ពីឆ្នាំ២០២០​ឡើយ ៕​
ក្នុង​មួយ​ឆ្នាំៗ​នៅចិន​មាន​មនុស្ស​ជាង​២លាន​នាក់​ស្លាប់​ដោយ​សារជម្ងឺ​មហារីក​

ដោយ៖ ឈូក ស
ប្រភព៖ CCTV