ដំណាំ​ត្រាវ ប្រែ​មុខមាត់​អ្នក​កោះ​ឧកញ៉ា​តី​

Sanofi

​បើ​គេ​ធ្វើដំណើរ​កាត់​ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្ត កណ្តាល នោះគេ​នឹង​បានឃើញ​ចម្ការ​ដំណាំ​ចម្រុះ​គ្នា មាន​ដំណាំ​ខ្លះ​ទើបតែ​លូតលាស់ និង ខ្លះ​កំពុង​ទទួលផល ។ ដំណាំ​ត្រាវ​ក៏​ជា​ដំណាំ​ដ៏​ពេញនិយម​មួយ​របស់​ប្រជាកសិករ​នៅ​ទីនោះ​មាន​ពណ៌​ខៀវស្រងាត់​លាតសន្ធឹង​លើ​ផ្ទៃដី​រាប់​ហិកតារ មើលទៅ​ដាច់​កន្ទុយភ្នែក ដែល​អ្នកស្រុក​នៅ​តំបន់​នោះ​ខិតខំ​យកចិត្តទុកដាក់​ដាំ​ដុះ​ទាំងចាស់ទាំងក្មេង ដើម្បី​ប្រមូល​ផល​យកទៅលក់​នៅ​ទីក្រុង​ភ្នំពេញ និង លក់​ទៅ​ប្រទេសជិតខាង​ផងដែរ ។

តើ​លោក​អ្នកដឹង​ទេ​ថា ដំណាំ​ត្រាវ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​មាន​ជីវភាព​ធូរធារ និង ល្អ​ប្រ​សើរ​ជាង​មុន ព្រោះថា​ទីផ្សារ​ត្រាវ​ឥឡូវនេះ​កំពុង​ត្រូវប៉ាន់​ក្នុង​ការនាំ​ចេញទៅកាន់​ទីផ្សារ​ក្រុងភ្នំពេញ និង ប្រទេស ​វៀតណាម ជា​មធ្យម​គឺ​ឈ្មួញ​មក​ទិញ​ពី​ ៣០ ទៅ ៤០ តោន ក្នុង​ថ្ងៃៗ​នា​រដូវ​ប្រមូល​ផល​ឆ្នាំនេះ ។​ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ដាំ​ដំណាំ​ត្រាវ​នៅ​ឃុំ​កោះ​ឧកញ៉ា​តី បាន​រៀបរាប់ថា កាលពី​ដំបូង​ពួកគាត់​មិនទាន់​ចាប់អារម្មណ៍​ទៅលើ​ការដាំ​ដំណាំ​ត្រាវ​នេះ​ទេ គឺ​ពួកគាត់​គិតតែ​ដាំ​ខ្ញី ស្លឹកគ្រៃ និង ដំណាំ​ផ្សេងៗ​ប៉ុណ្ណោះ ។

ដោយសារ​ដំណាំ​ទាំងនេះ​មិនអាច​ជួយ​ឲ្យ​ក្រុមគ្រួសារ​របស់​ពួកគាត់​មាន​ជីវភាព​ប្រសើរ​នឹង​គេ​នោះ ទើប​ពួកគាត់​ងាក​មក​ដាំ​ដំណាំ​ត្រាវ​វិញ ។ ដោយ​ពួកគាត់​ដឹងថា ដំណាំ​ត្រាវ​បច្ចុប្បន្ននេះ​កំពុង​តែមាន​ហាងឆេង​ក្នុង​ការនាំ​ចេញទៅ​ប្រទេសជិតខាង និង បាន​តម្លៃ​ថ្លៃ​គួរសម ទើប​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​ភាគច្រើន បាននាំគ្នា​ងាក​មក​ដាំ​ត្រាវ​វិញ គឺ​អស់​រយៈ ៤-៥ ឆ្នាំ​មកហើយ ។ ដំណាំ​ត្រាវ​មានច្រើន​ប្រភេទ ក៏ប៉ុន្តែ​ត្រាវ​ដែល​ត្រូវប៉ាន់​ជាងគេ គឺ​ត្រាវស្លា ព្រោះ​គេ​ចូលចិត្ត​បរិ​ភោគ​ត្រាវ​ប្រភេទ​នេះ​ខ្លាំងណាស់ ដោយសារតែ​វា​មាន​មើម​ធំ និង មាន​រសជាតិឆ្ងាញ់​ទៀតផង ។

ការដាំ​ត្រាវ​នេះ​មិនបាច់​ចំណាយ​ដើមទុន​ច្រើន​នោះទេ ហើយក៏​មិន​ពិបាក​ក្នុង​ការដាំ​នោះដែរ ព្រោះ​គេ​មិន​បាំ​បាច់​ប្រើ​ជីគីមី​ច្រើន​ដែរ គឺ​វា​ត្រូវការ​ទឹក​ច្រើន​នៅ​រដូវប្រាំង ហើយ​វា​ត្រូវ​ចំណាយ​រយៈពេល​ដាំ​តែ ៤ ឬ ៥ ខែ​ប៉ុណ្ណោះ គេ​អាច​ប្រមូល​ផល​បាន​ហើយ ។ ចំណែក​ផល ឬ មើម​របស់​វា​ដែលប្រមូលបាន​នោះ​ក៏​មិន​ពិបាកក្នុង​ការលក់​ដែរ ព្រោះ​មាន​ម៉ូយ​ចុះមក​ទិញ​ដល់ទី​កន្លែង​តែម្តងមាន​ប៉ុន្មាន​ក៏​គេ​យក​ដែរ ។​ បើ​ប្រៀបធៀប​ស្ថានភាព​គ្រួសារ​របស់​ពួកគាត់​កាលពីមុន​រហូតមកដល់​ពេលនេះ​ឃើញថា គ្រួសារ​របស់​ពួកគាត់​មាន​ជីវភាព​ធូរធារ​ជាង​មុន​ឆ្ងាយ​ណាស់ បន្ទាប់ពី​ពួកគាត់​ងាក​មក​ចាប់យក​មុខរបរ​ដាំ​ដំណាំ​ត្រាវ​នេះ ។

ដូច្នេះ​ពួកគាត់​នឹង​ខិតខំ​ពង្រីក​ដាំ​បន្តទៀត ហើយ​ប្រមូល​ផល​យកទៅលក់​ឲ្យ​បាន​កាន់តែច្រើន ដើម្បី​បង្កើន​ប្រាក់ចំណូល​ក៏ដូចជា​បង្កើន​ជីវភាព​គ្រួសារ​របស់​ពួកគាត់​ឱ្យ កាន់តែ​រីកចម្រើន​ថែមទៀត ។​ ​ដំណាំ​ត្រាវ​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នក​ដាំ​ដុះ​មាន​ជីវភាព​ល្អប្រសើរ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​អាចធ្វើ​ឲ្យ​ក្មេងៗ​មួយចំនួន​ដែល​ទំនេរ​នៅក្នុង​ភូមិ មានការ​ងារ​ធ្វើ​ផងដែរ និង អាច​រកប្រាក់​កម្រៃ​ចូល​ផ្ទះ និង ទុក​ទៅ​រៀន​ដោយ​ខ្លួនឯង​មិនបាច់​សុំ​ឪពុកម្តាយ ។ ជាពិសេស​សូម្បីតែ​លោកយាយ​ម្នាក់​ដែល​គាត់​មាន​អាយុ ៦៨ ឆ្នាំ​ទៅហើយនោះ​ក៏​អាច​រកប្រាក់​មួយថ្ងៃ​បាន​ពី ៤ ៥០០ ទៅ ៥ ០០០ រៀល​ដែរ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ របស់​លោកយាយ ។​

​លោកយាយ​ឈ្មោះ អេង អាយុ ៦៨ ឆ្នាំ សព្វថ្ងៃ​រស់នៅ​ឃុំ​កោះ ឧកញ៉ា​តី នេះដែរ លោកយាយ​គ្មាន​កូនចៅ​នឹង​គេ​ទេ ហើយ​រស់នៅ​ជាមួយប្អូនស្រី​ទាំង​ជីវភាព​ខ្វះមុខខ្វះក្រោយ ទើប​ជំរុញ​ឲ្យ​លោកយាយ​ដើរ​ស៊ីឈ្នួល សម្អាត​មើមត្រាវ​ឲ្យ​គេ​បែបនេះ ព្រោះ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​នេះឡើយ ។ ការ​មក​ស៊ីឈ្នួល​សម្អាត​មើមត្រាវ​នេះ​គឺ​គេ​គិត​ក្នុង​មួយ​ធុង​ប៉េ​ត្រូ​តម្លៃ ៥០០ រៀល ហើយ​ក្នុង​មួយថ្ងៃ​លោកយាយ​អាច​សម្អាត​បាន ៩ ទៅ ១០ ធុង និង បានទទួល​ប្រាក់​ពី ៤ ៥០០ ទៅ ៥ ០០០ រៀល ដើម្បី​យកទៅ​ទិញអង្ករ​ហូប ព្រោះថា​ឥឡូវនេះ​លោកយាយ​មាន​វ័យចាស់​ណាស់​ទៅហើយ គ្មាន​កម្លាំងកំហែង​ធ្វើបាន​ច្រើន​ដូច​ក្មេងៗ​នោះទេ ។​

បងប្រុស ឆឺ​យ ឃិន ជា​អ្នក​ដាំ​ត្រាវ​ម្នា​ក់នៅ​ភូមិ​ឧកញ៉ា​តី ឃុំ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ការដាំ​ត្រាវ​ធ្វើ​ឲ្យ​ជីវ​ភាព​របស់គាត់​ធូរធារ​ជាង​មុន​ដោយសារតែ​គាត់​ដាំ​ត្រាវ​លើដី​កន្លះ​ហិកតារ​ប៉ុណ្ណោះ ដោយ​អាច​ឲ្យ​គាត់​រកចំណូលបាន​ពី ៥ លាន ទៅ ៨ លាន​រៀល ក្នុង​មួយ​រដូវៗ ។​ តាម​ឯកសារ​បរទេស​មួយចំនួន​បាន​បង្ហាញថា ត្រាវ​ត្រូវគេ​ចាត់​ចូលក្នុង​ប្រ​ភេទ​បន្លែ​មើម ដែល​ប្រជាជន​នៅ​ជុំវិញ​ពិភព​លោកនិយម​ទទួលទានដោយហេតុ ថា​វា​អាច​យកទៅ​ច្នៃ​ធ្វើជា​អាហារ​បាន​ច្រើន​មុខ​ច្រើនបែប ។ ក្រៅពី​មើម ធាង​របស់វា​ក៏​ត្រូវគេ​យកទៅ​ប្រើ​ជា​បន្លែ​ផងដែរ ។

ធាង​ត្រាវ​ត្រូវគេ​ស្រាវជ្រាវ​រកឃើញថា សម្បូរ​ទៅដោយ​វីតាមីន A និង C ។ មើមត្រាវ​មិនអាច​ទទួលទាន​បាន​ទាំង​ឆៅ​ទេ គេ​ត្រូវតែ​យក​វា​ទៅ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ ដើម្បី​លាងជម្រះ​ឱ្យអស់​សារធាតុ​កាល់​-​ស្យូ​ម Oxalate ដែល​អាច​នាំឱ្យ​កើត​ក្រួស​ក្នុង​តម្រងនោម និង ហើមប៉ោង​លើ​ម្រាម មេជើង ។ ឯ​ធាង​របស់​វា​ក៏​ដូចគ្នា​ដែរ គឺ​ត្រូវតែ​ចម្អិន​ឱ្យ​ឆ្អិន​ជាមុនសិន ទើប​អាច​ទទួលទាន​បាន ។​ ​មើមត្រាវជារឿយៗ​ត្រូវ​ប្រើ​វិធី​ចម្អិន និង ការ​ទទួលទាន​ប្រហាក់ប្រហែល​នឹងដំឡូងបារាំង ប៉ុន្តែ​វា​មាន​បរិមាណ​សារធាតុចិញ្ចឹម​ច្រើនជាង​ដំឡូង ។ ចំណែក​សារធាតុ​សរសៃ​ដែលមាន​សារសំខាន់​សម្រាប់​ការរំលាយ​អាហារក៏មាន​ច្រើនជាង​ដំឡូងបារាំង​ជិត ៣ ដង ។

បន្ថែម​ពីលើ​នេះ​ទៀតសារធាតុ​សរសៃ​ក៏​អាចធ្វើឱ្យ​អ្នកទទួលទាន​ឆ្អែត​បានយូរ តែមាន​កាឡូរី​តិចតួច ។ ចំណែក​សារធាតុ​ស្ករ​(GI) មើមត្រាវ​មាន​តិចតួច​បំផុត ផ្ទុយ​ពី​ដំឡូងបារាំង​ដែលមាន​សារធាតុ​នេះ​ខ្ពស់ ។ ទទួល​ទាន​អាហារ​ដែលមាន GI ទាប អាច​ទប់ស្កាត់​ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។ ក្រៅពីនេះ​មើមត្រាវ​ក៏​ជា​ប្រភព​ដ៏​សម្បូរបែប​នៃ​ប៉ូ​តា​ស្យូ​ម ដែលជា​រ៉ែ​យ៉ាងសំខាន់​សម្រាប់​ទ្រទ្រង់​មុខងារ​រាងកាយ ។ ដោយឡែក​បណ្តា​សារធាតុ​មួយចំនួន​ដូចជា កាល់ស្យូម វីតាមីន C វីតាមីន E និង បណ្តា​វីតាមីន B ក៏ដូចជា​ម៉ាញេស្យូម ម៉​ង់​កា​ណែ​ស និង ទង់ដែងក៏មាន​ច្រើន​នៅក្នុង​មើមត្រាវ​ផងដែរ ។​

​ទទួលទាន​មើមត្រាវ​អាច​នាំឱ្យ​កើត​ក្រួស​ក្នុង​តម្រងនោម និង បញ្ហា​សុខភាព​ផ្សេងៗ​ទៀត ប្រសិនបើ​វា​មិនត្រូវ​បាន​ស្ងោរ​ចម្អិន​ឱ្យបាន​ត្រឹមត្រូវ​ទេនោះ ។ ម្យ៉ាងវិញទៀត គេ​គួរ​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ទុក​រយៈពេល ១ យប់ ដើម្បី​កាត់បន្ថយ​បរិមាណកាល់ស្យូម Oxalate ។ ទោះជា​យ៉ាងណាក្តី ត្រាវ​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព បើ​ប្រៀបធៀប​នឹង​ដំឡូងបារាំង ។ មើមត្រាវ ១០០ ក្រាម មាន ១៤២ កាឡូរី ដែល​ដំឡូងបារាំង ១០០ ក្រាម មាន​ផ្ទុក​ត្រឹមតែ ៩៣ កាឡូរី ប៉ុណ្ណោះ​៕​នឿន​

Related