ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រុស​ស្រី​៣នាក់​ពាក់​ព័ន្ធ​ថ្នាំ​ញៀន​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​២​កន្លែង​ផ្សេង​គ្នា

ខេត្ត​មណ្ឌល​គិរី​  ៖ ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នៅ​២​កន្លែង​ផ្សេង​គ្នា ​បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ថា ​មាន​ករណី​ជក់ ​និង​ចែកចាយ​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់​២​កន្លែង​ក្នុងស្រុក​កែវ​សីមា​ កាលពី​ម៉ោង​៨​ និង​១៥​នាទី​យប់ ​ថ្ងៃ​ទី​១៥ ​តុលា និង​ម៉ោង​១២ និង១០​នាទី​ថ្ងៃ​ទី​១៦ តុលា ២០១៥​​ ​​នៅផ្ទះ​សំណាក់​យីហោ​លី សុមនា និង​ផ្ទះសំណាក់​យីហោ​ជំនោ​កំសាន្ត​ស្ថិត​ក្នុងភូមិ​ឆ្នែង ឃុំស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ​។

អធិការ​នគរបាល​ស្រុក​កែវ​សីមា លោក​វ​រ​សេនីយ៍​ទោ​ស៊ុន ប៊ុ​ន​ធឿ​ន ​បានឱ្យ​ដឹង​ថា ​ក្រោយ​ការ​ឡោម​ព័ទ្ធ​ផ្ទះសំណាក់​ទាំង​២​ខាងលើ សមត្ថកិច្ច​បាន​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៣​នាក់​នៅ​ក្នុង​បន្ទប់​​ដោយ​ផ្ទះសំណាក់​យីហោ​លី​សុមនា ក្នុង​បន្ទប់​លេខ​២០៤ សមត្ថកិច្ច​​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ ក្នុង​នោះ​​​មានឈ្មោះ​ស៊ុ​យ កឹង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ប្រ​ស្រែ​ក្រោម ឃុំ​វិហារ​ហ្លួង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​ឈ្មោះ​សេត រិ​ក ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​អ៊ិស្លា​ម មាន​ទីលំនៅ​ភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ឆែកឆេរ​រក​ឃើញ​ម្សៅក្រាម​ព​ណ៌ស៥​កញ្ចប់​តូចដែល​សង្ស័យ​ថា​ជា​សារធាតុ​ញៀន។

លោក​បន្ត​ថា នៅ​ម៉ោង​ប្រមាណ​ជា​១២ ​និង​១០​នាទី​រំលង​អធ្រាត្រ​​ថ្ងៃ​ដដែល ​សមត្ថកិច្ច​បាន​បន្ត​ឡោម​ព័ទ្ធ​ផ្ទះសំណាក់​យីហោ​ជំនោ​កំសាន្តក្នុង​បន្ទប់​លេខ​០៨ ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​អង្គុយ​ក្នុង​បន្ទប់​កំពុង​ជក់​ថ្នាំ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​មក​អធិការដ្ឋាន​ស្រុក​ មានឈ្មោះ​អែ​ល វាន់​នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​អ៊ិ​ស្លា​ម មាន​ទីលំនៅ​ភូមិ​ពន្លាក ឃុំ​ស្រែ​ចារ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​៕​​