មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​សហការ​បង្ក្រាប​បទល្មើស​នេសាទ

ខេត្ត​ព្រះ​សីហ​នុ ៖ លប​បត់​ប្រភេទ​ស្បៃ​មុង ចំនួន​៧៥ ស្មើនឹង​៦០០​ម៉ែត្រ ត្រូវ​មន្ត្រី​ជលផល​ស្រុក​ព្រៃ​នប់ ដុត​កម្ទេច​ចោល បន្ទាប់​ពី​បង្ក្រាប​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ឃុំ​អូរ​ជ្រៅ ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​អូរ​ជ្រៅ សហគមន៍​នេសាទ​កោះ​ខ្យង ។

លោក​អនុសេនីយ៍ត្រី​ហ៊ួ យ៉ៃ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ជ្រៅ ឲ្យ​ដឹង​ថា យុទ្ធនាការ​បង្ក្រាប​ឧបករណ៍​នេសាទ​ល្មើសច្បាប់​នេះ ដឹកនាំ​ដោយ​លោក​ឯម ភាព នាយ​ផ្នែក​រដ្ឋបាល​ជលផល​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ជ្រៅ ដែល​ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ សហគមន៍​នេសាទ​កោះ​ខ្យង និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​អូរ​ជ្រៅ ។ ការ​បង្ក្រាប​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា នៅ​ភូមិ​បឹង​តា​ព្រហ្ម ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ មានការ​នេសាទ​ដោយ​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​វា​បាន​និង​កំពុង​បំផ្លាញ​មច្ឆជាតិ​យ៉ាង​ធ្ងន់ បង្ក​ឡើង​ដោយ​ឈ្មោះ​សូត្រ ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ភ្នំ​តូច ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ។

លោក​ឯម ភាព នាយ​ផ្នែក​រដ្ឋបាល​ជលផល ស្រុក​ព្រៃ​នប់ បាន​និយាយ​ថា ឧបករណ៍​ដែល​កម្លាំង​ជំនាញ​ដុត​បំផ្លាញ​នេះ គឺជា​ឧបករណ៍​ថ្មី​មួយ​ប្រភេទ​ពុំ​មាន​ចែង​ក្នុង​ច្បាប់​ជលផល​។ យោង​តាម​ច្បាប់​ជលផល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​យ៉ាង​ច្បាស់​ថា រាល់​ឧបករណ៍​ទាំងឡាយ​ណា​ដែល​ពុំ​មាន​កំណត់​ក្នុង​ច្បាប់​ជលផល គឺ​ចាត់ទុកជា​ឧ​បករ​ណ៏​ល្មើសច្បាប់ ហើយ​ម្យ៉ាងទៀត​ឧបករណ៍​ប្រភេទ​លប​បត់​នេះ​វា​បាន​បំផ្លាញ​ដល់​ធនធានធម្មជាតិ​ក្នុង​ទឹក​យ៉ាង​ធ្ងន់ ព្រោះ​លប​ប្រភេទ​នេះ​វា​ស្រូប​យក​ទាំង​ត្រី​តូច ត្រី​ធំ  បង្គា ក្តាម គ្រប់​ប្រភេទ ដែល​អាច​ធ្វើ​ឲ្យ​ហិនហោច​ពពួក​មច្ឆា​ជាតិ​ទៅ​ថ្ងៃ​អនាគត ។

លោក​ឯម ភាព អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់ ឲ្យ​បោះបង់​ចោលការ​នេសាទ​ទាំងឡាយ​ណា​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ ក៏​ដូច​ជា​សម្បត្តិ​ធម្មជាតិ ងាក​ទៅ​នេសាទ​ស្របច្បាប់​តាម​លក្ខណៈ​បច្ចេក​ទេស​ដែល​ច្បាប់​ជលផល​អនុញ្ញាត ដើម្បី​រួម​គ្នា​ការពារ និង​អភិរក្ស​សម្បត្តិ​ធម្មជាតិ​ដែល​ខ្មែរ​យើង​មាន​ស្រាប់ ទុក​សំរាប់​កូនចៅ​ជំនាន់​ក្រោយ ៕