បញ្ជូន​ជនសង្ស័យ​5​នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្ត

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ក្នុង​បទ រក្សា​ទុក ចែកចាយ និង​ជួញដូរ​គ្រឿងញៀន ចំនួន​៥​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃ​ទី​១៦ តុលា នៅ​ចំណុច​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត រួច​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ តុលា កន្លង​ទៅ​នេះ ។

យោង​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​គូសបញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ដោយ​ចាប់​ឃាត់ខ្លួន​បុរស​៥​នាក់​ជាមួយនឹង​វត្ថុ​តាង​មួយ​ចំនួន ។

ជនសង្ស័យ​៥​នាក់​នោះ ១-​ឈ្មោះ ជូរ សម្រស់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ច្បាស់លាស់ រស់នៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ២-​ឈ្មោះ សុខ ហាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជួសជុល​ទូរស័ព្ទ មាន​ទីលំនៅ​ក្នុងភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ៣-​ឈ្មោះ កែវ កក្កដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក រស់នៅ​ភូមិ​ក្តាត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ៤-​ឈ្មោះ ដួង បូ​រី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​នេសាទ មាន​ទីលំនៅ​ក្នុងភូមិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត និង​៥-​ឈ្មោះ គ្រី យ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កម្មករ​រោងចក្រ​មែន​អ៊ូ រស់នៅ​ភូមិ​អូរ​ត្រាវ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ។

បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ស​ថ្លា​ចំនួន​៦​កញ្ចប់ ជញ្ជីង​ថ្លឹង​ថ្នាំ​១ ដប​ជក់​១ ដាវ​សា​ម៉ូ​រៃ​១ ដែក​មុខស្រួច​១ ទូរស័ព្ទ​ដៃ​៤​គ្រឿង ប្រាក់​៥៥.០០០​រៀល និង​ម៉ូតូ​២​គ្រឿង ៕