លោក​ Kerry នឹង​ជួប​ពិភាក្សា​ជាមួយ​លោក​ Netanyahu និង​លោក​ Abbas ខណៈ​អំពើហិង្សា​កើត​មាន​សារ​ជា​ថ្មី

លោក​ Kerry នឹង​ជួប​ពិភាក្សា​ជាមួយ​លោក​ Netanyahu និង​លោក​ Abbas ខណៈ​អំពើហិង្សា​កើត​មាន​សារ​ជា​ថ្មី

រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក John Kerry បាន​មាន​ប្រសាសន៍​ថា ​លោក​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ក្នុង​សប្តាហ៍នេះ​ ហើយ​បន្ទាប់​មក​លោក​នឹង​ជួបជាមួយ​មេដឹកនាំ​ប៉ាឡេស្ទីន​លោក Mahmoud Abbas ខណៈ​អំពើហិង្សា​កើត​មាន​សារ​ជា​ថ្មី។

កាល​ពី​ថ្ងៃ​អាទិត្យ​លោករដ្ឋមន្ត្រី​ការបរទេស​ស.រ.អា John Kerry បាន​មាន​ប្រសាសន៍​ថា ​លោក​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ក្នុង​សប្តាហ៍នេះ​ ហើយ​បន្ទាប់​មក​លោក​នឹង​ជួបជាមួយ​មេដឹកនាំ​ប៉ាឡេស្ទីន​លោក Mahmoud Abbas នៅ​ពេល​មាន​ការ​ប៉ះទង្គិចគ្នា​ជា​រៀងរាល់ថ្ងៃ​ជាង​ពីរ​អាទិត្យ​មក​ហើយ​រវាង​ជនជាតិ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

ជម្លោះ​បាន​កើនខ្លាំង​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​រវាង​ក្រុម​យុវជន​ប៉ាឡេស្ទីន និង​ក្រុម​ប៉ូលិស​អ៊ីស្រាអែល​នៅ​ក្នុង​ក្រុង​ Hebron នៃ​តំបន់​ត្រើយ​ខាងលិច​នៃ​ទន្លេ Jordan កាន់កាប់​ដោយអ៊ីស្រាអែល និង​នៅ​ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម។ ក្រុម​ប៉ូលិស​បាន​រាយការណ៍​ថា​ មាន​ជនជាតិ​ប៉ាឡេស្ទីន​កាន់​កាំបិត​យ៉ាង​តិចណាស់​បួន​នាក់​ដោយ​មាន​រួម​បញ្ចូល​ទាំង​យុវនារី​ម្នាក់​អាយុ១៦​ឆ្នាំ​ផង​ដែរ បាន​ស្លាប់​នៅ​ក្នុង​ឧប្បត្តិហេតុ​ដាច់​ដោយ​ឡែក​ពី​គ្នា។ អាជ្ញាធរ​បាននិយាយថា​ បុគ្គលិក​សន្តិសុខ​អ៊ីស្រាអែល​មួយចំនួន​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​វាយប្រហារ​ទាំង​នោះ​ដែរ។

មាន​ជនជាតិប៉ាឡេស្ទីន​យ៉ាង​ហោចណាស់​៤០នាក់ ​និង​ជនជាតិ​អ៊ីស្រាអែល ៧​នាក់​បាន​ស្លាប់នៅ​ក្នុង​អំពើហិង្សា​តាម​ដង​ផ្លូវ​កាល​ពី​ប៉ុន្មាន​សប្តាហ៍នេះ​ ដែល​ក្រុម​មន្ត្រី​ប៉ាឡេស្ទីន​បាន​ផ្សារ​ភ្ជាប់​ដោយ​ផ្នែក​ជាមួយ​នឹង​កំណើន​នៃ​ការ​ទន្ទ្រាន​របស់​ពួក​ជ្វីព​នៅ​ក្នុង​កន្លែង​ពិសិដ្ឋ​មួយ​ក្នុង​ប៉ែក​ខាង​កើតនៃ​ក្រុង​ហ្ស៊េរុយសាឡិម ដែល​ពួក​អ្នកកាន់​សាសនា​ឥស្លាម​ហៅ​ថា​ព្រះវិហារ​ al-Aqsa ហើយ​ដែល​ពួក​ជ្វីព​ហៅ​ថា​ Temple Mount។ អ៊ីស្រាអែល​បាន​បដិសេធដាច់ខាត​ថា​ ខ្លួន​គ្មាន​បំណង​ក្តាប់​យក​ទីសក្ការបូជា​នេះ​ទេ៕