ភ្ញាក់ផ្អើលទៀតហើយ ក្រោយការផ្ទុះឡើង ជំងឺអ៊ីបូឡា ២ករណីថ្មី ក្នុងប្រទេសមួយ នៅទ្វីបអាហ្រ្វិក

ហ្គីណេ៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងព្រួយបារម្ភសារជាថ្មីម្តងទៀត បន្ទាប់ពីអង្គការសុខភាពពិភពលោក អះអាងថា មានករណីថ្មី នៃមេរោគមរណៈ អ៊ីបូឡា ចំនួន២ទៀត ត្រូវបានរកឃើញ នៅក្នុងប្រទេសហ្គីណេ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មេរោគអ៊ីបូឡា ចំនួន២ករណី ត្រូវបានគេរកឃើញ នៅតំបន់ ២ផ្សេងគ្នា។ ក្នុងនោះ អ្នកជម្ងឺម្នាក់ ស្ថិតនៅទីក្រុង Conakry ត្រូវគេរកឃើញថា ហាក់ដូចជាកើតមានមេរោគអ៊ីបូឡានេះ ដោយខ្លួនឯង ស្របពេលដែលម្នាក់ទៀត នៅទីក្រុង Forecariah ត្រូវបានចម្លងពីអ្នកដទៃ។

អ្នកស្រី Margaret Harris អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បានថ្លែងថា “ពួកយើងកំពុងតែ ផ្តោតសំខាន់ទៅលើ ករណីដ៏មិនល្អបែបនេះ ព្រោះថាអត្រាគ្រោះថ្នាក់ ចំពោះការរីកដុះដាលឡើងវិញ នៃមេរោគអ៊ីបូឡា មានអត្រាខ្ពស់ ដូច្នេះហើយពួកយើង នឹងរៀបចំធ្វើយ៉ាងណា ឲ្យផលប៉ះពាល់ ធ្លាក់មកនៅត្រឹម កម្រិតទាបបំផុត”។

ស្ត្រីអ្នកនាំពាក្យដដែល បានបន្តទៀតថា “យ៉ាងណាមិញ យើងពិតជាមិនចង់ ឲ្យរឿងដែលយើង បានរំពឹងទុកនោះ កើតឡើងនោះទេ ដូច្នេះហើយ ពួកយើងនឹងធ្វើការ តាមដានបន្តទៀត ចំពោះករណី មេរោគអ៊ីបូឡា នៅក្នុងប្រទេសហ្គីណេ ក្នុងរយៈពេល៤២ថ្ងៃ ឲ្យបានដិតដល់បំផុត”។

ភ្ញាក់ផ្អើលទៀតហើយ ក្រោយការផ្ទុះឡើង ជំងឺអ៊ីបូឡា ២ករណីថ្មី ក្នុងប្រទេសមួយ នៅទ្វីបអាហ្រ្វិក
ការតាមដាន និងពិនិត្យដើម្បី ការពារការផ្ទុះឡើងវិញ នូវមេរោគមរណៈ អ៊ីបូឡា

គួរបញ្ជាក់ថា ប្រទេសហ្គីណេ នឹងត្រូវចាត់ទុកថា រួចផុតពីការផ្ទុះឡើង និងរីកដុះដាលនៃ មេរោគមរណៈអ៊ីបូឡា ប្រសិនណាបើគ្មាន ករណីថ្មីណាមួយ ទាក់ទងទៅនឹងមេរោគមួយនេះ កើតឡើងក្រោយពេល ៤២ថ្ងៃ។

នេះជាព័ត៌មានគួរឲ្យព្រួយបារម្ភមួយ ស្តីអំពីមេរោគអ៊ីបូឡា ដែលវាធ្លាប់បានឆក់យកជីវិតមនុស្ស ជុំវិញពិភពលោក អស់ជាង ១១,០០០នាក់ រួចមកហើយ ត្រឹមតែរយៈពេល ២ឆ្នាំតែប៉ុណ្ណោះ៕

ភ្ញាក់ផ្អើលទៀតហើយ ក្រោយការផ្ទុះឡើង ជំងឺអ៊ីបូឡា ២ករណីថ្មី ក្នុងប្រទេសមួយ នៅទ្វីបអាហ្រ្វិក
រូបភាពមួយ ដែលបង្ហាញពីភាពលំបាក វេទនាដោយសារ ការសាយភាយមេរោគ អ៊ីបូឡា

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត