បឹងកេត លត់វេស្ទើន ដើម្បីមានប្រៀបលើភ្នំពេញក្រោន ក្នុងការប្រជែងយកលេខ១

បើ​ទោះ​បី​ជា​ក្រុម​ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​ក្រុម​អគ្គស្នង​ការដ្ឋាននគរ​បាល​ជាតិ​(ប៉ូលិស) កាល​ពី​​ថ្ងៃ​សៅរ៍ ដើម្បីបង្កើត​ឱកាស​ក្នុង​ការ​ប្រកួត​យក​លេខ​១​ជាមួយ​ក្រុម​បឹង​កេត​អង្គរ ឡើង​វិញ​ ប៉ុន្តែ​ការ​លត់​ក្រុម​វេស្ទើន ៥-២ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ នៅ​តែ​ជួយ​ឲ្យ​បឹង​កេត មាន​ប្រៀប​ជាង​ភ្នំពេញ​ក្រោន ក្នុង​ការ​ប្រជែង​នេះ​ដែល រីឯ​ក្រុម​ណាហ្គាវើល និងខេមបូឌាន​ថាយហ្គឺរ ​កំពុងមាន​ភាព​កក់ក្តៅ​ក្នុង​ការ​ឈរ​នៅតំបន់ Top4។
1
2
ក្រុម​ភ្នំពេញ​ក្រោន បាន​​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​ប៉ូលិស ២-១ ទាំង​បុក​ពោះ​ហើយ​ការ​ឈ្នះ​ទាំង​លំបាក​នោះ​បាន​ធ្វើ​ឲ្យ​លោក Sam Schweingruber ​ជា​គ្រូ​បង្គោល មាន​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ លោក​បានកោត​​សរសើរ​ដល់​ការ​ប្រឹង​ប្រែង​លេង​យ៉ាង​ល្អ​របស់​កូន​ក្រុម​ ពិសេស​ខ្សែ​ប្រយុទ្ធ កែវ សុខផេង និង កីឡាករ​កូន​កាត់​ខ្មែរ-​បារាំង​ វ៉ា សុខថន ដែល​បាន​ជួយ​ឲ្យ​ភ្នំពេញ​ក្រោន ឈ្នះ​លើក​នេះ ព្រោះ​ការ​ឈ្នះ​លើក​នេះ​បាន​ជួយ​ឲ្យ​​ក្រោន មាន​ឱកាស​ឡើង​វិញ ក្នុង​ការ​ប្រកួតដណ្តើម​យក​លេខ​១ជាមួយ​បឹង​កេត នា​ជំនួប​ចុង​ក្រោយ នា​ថ្ងៃ​ព្រហស្បតិ៍​ ខាង​មុខ​នេះ។

យ៉ាង​ណា​ក៏​ដោយ​ការ​បន្ត​យក​ឈ្នះ​លើ​ក្រុម​វេស្ទើន ៥-២ ដែល​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Benga Samuel (៣​គ្រាប់) និង​ ចាន់ វឌ្ឍនាកា(២​គ្រាប់) នៅ​ស្តាត​ចាស់ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ នៅ​តែ​ជួយ​ឲ្យ​ក្រុម​បឹង​កេត មាន​បៀប​លើ​ភ្នំពេញ​ក្រោន ក្នុង​ការ​ដណ្តើម​យក​លេខ​១​ដដែល ព្រោះ​​ការ​មាន​៥៤​ពិន្ទុ​លើស​ក្រោន​៣ពិន្ទុ​នោះ គឺ​បឹង​កេត ត្រូវ​ការ​ត្រឹម​ស្មើ​ក៏​ទទួល​បាន​លេខ​១​ដែរ ប៉ុន្តែ​ក្រោន ត្រូវ​ការ​ឈ្នះ​បឹង​កេត ជា​ដាច់​ខាត ទើប​ទទួល​បាន​លេខ​១។
3
4
ចំណែកក្រុម​ខេមបូឌាន​ថាយហ្គឺរ បាន​បន្ត​យក​ឈ្នះ​លើ​ក្រុម​ស៊ីម៉ាក់ ក្នុង​លទ្ធ​ផល ២-១ ហើយ​ជ័យ​ជម្នះ​នៅ​កីឡដ្ឋាន​វេស្ទើន កាល​ពី​ម្សិល​មិញ បាន​ជួយ​ឲ្យ​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​៤ ដោយ​មាន​៣៧​ពិន្ទុ គឺ​​បាន​ទម្លាក់​ក្រុម​ក្រសួង​ការពារ​ជាតិ ដែល​បាន​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប ៤-២ កាល​ពី​ថ្ងៃ​សៅរ៍ឲ្យ​មក​ឈរ​នៅ​លេខ​ទី​៥​វិញ ព្រោះ​ក្រសួង​ការ​ពារ​ជាតិ មាន​ត្រឹម​៣៥ពិន្ទុ​ស្មើ​ក្រុម​ប៉ូលិស​ប៉ុណ្ណោះ។
5
6
យ៉ាងណាមិញ ក្រុម​ណាហ្គាវើល បាន​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​៣ ដោយ​មាន​៣៨​ពិន្ទុ បន្ទាប់​ពី​ក្រុម​មួយនេះ​បាន​យក​ឈ្នះ​ក្រុម​គិរីវង់​សុខសែន​ជ័យ ២-១ កាល​ពី​ថ្ងៃ​សៅរ៍។ ប៉ុន្តែ​ក្រុម​ក្រុម​មាន​៣២​ពិន្ទុ​ក្នុងដៃ ស្វាយ​​រៀង លែង​មាន​ឱកាស​ប្រជែង​ឡើង​មក Top4 ទៀត​ហើយ បន្ទាប់​ពី​ពួក​គេ​បាន​ចាញ់​ក្រុម​បៀល​ប្រាយ ៦-៥ កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ដែរ៕