គន្លឹះ​រៀន​ដោយ​ខ្លួន​ឯង​តាម​អ៊ីនធឺណិត


គន្លឹះ​រៀន​ដោយ​ខ្លួន​ឯង​តាម​អ៊ីនធឺណិត

ការ​សិក្សា​រៀន​សូត្រ​ មាន​ច្រើន​បែប​ច្រើន​របៀប​ តាម​មធ្យោបាយ​ផ្សេងៗ​គ្នា​ អ្នក​ខ្លះ​រៀន​ពី​ការ​អាន​​តាម​សៀវភៅ​ រៀន​ពី​ការ​សរសេរ​ រៀន​ពី​ការ​សន្ទនា​ ឬ​តាម​ការ​សង្កេត​ តាម​បណ្ដាញ​សង្គម ជាពិសេស​តាម​អ៊ីនធឺណិត។

 

លោក សេង ​សុភក្រ្ត​ ជា Administrator នៃ​គេហទំព័រ www.khmerservice.net ដែល​ផ្ដល់​ការសិក្សា​​តាម​អ៊ីនធឺណិត​លើ​ជំនាញ Linux និង​​តែង​តែ​ចែក​រំលែក​ព័ត៌មាន​ទាក់ទង​​នឹង​បច្ចេកវិទ្យា​ថ្មី លោក​នឹង​ចូល​ខ្លួន​មក​បកស្រាយ​លើ​ការ​រៀន​ខ្លួន​ឯង​តាម​អ៊ីនធឺណិត​ដល់​ប្រិយមិត្ត​ និង​​មិត្ត​អ្នក​សិក្សា​​ដើម្បី​សិក្សា​ស្វែង​យល់។

 

គន្លឹះ​រៀន​ដោយ​ខ្លួន​ឯង​តាម​អ៊ីនធឺណិត

 

តើ​ការ​រៀន​ដោយ​ខ្លួន​ឯង​ តាម​ អ៊ីនធឺណិត​គេ​ធ្វើ​ដូច​ម្ដេច​ទៅ? អីចឹង​សូម​តាម​ដាន​​ការ​សម្ភាសន៍​ជាមួយ​លោក​ដូច​ត​ទៅ​នេះ៖

 

Sabay៖ តើ​ការ​រៀន​​តាម​អ៊ីនធឺណិត​ តម្រូវ​ឲ្យ​យើង​ត្រូវ​ចេះ​អ្វី​ខ្លះ?
វាគ្មិន៖​ ការ​រៀន​​តាម​ អ៊ីនធឺណិត​ តម្រូវ​ឲ្យ​យើង​ចេះ​ភាសា​អង់គ្លេស ជា​ពិសេស​​ពាក្យ​គន្លឹះ ចេះ​ប្រើប្រាស់​កុំព្យូទ័រ​ ឬ​ ស្មាតហ្វូន ចេះ​ប្រើប្រាស់​អ៊ីនធឺណិត​ ព្រោះ​ការ​រៀន​ផ្ដោត​សំខាន់​ទៅ​លើ​ការ Search ច្រើន។

 

Sabay៖ ប្រសិន​បើ​ឯកសារ​ជា​ភាសា​​អង់គ្លេស​តើ​មាន​ការ​លំបាក​ទេ​ ដែល​រៀន​ដោយ​ខ្លួន​ឯង​ តាម​ អ៊ីនធឺណិត?
វាគ្មិន៖ មិន​ជា​ពិបាក​ណាស់​ណា​ទេ​ ព្រោះ​យើង​មិន​ចាំបាច់​បក​ប្រែ​ពាក្យ​ទាំងនោះ​ឲ្យ​អស់ ដើម្បី​យល់​ទេ យើង​គ្រាន់​តែ​ផ្គុំ​ពាក្យ​(ពាក្យ​ដើម​ និង​ពាក្យ​ចុង) ថា​គេ​ចង់​ប្រាប់​យើង​ពី​អ្វី?

 

Sabay៖​​ តើ​ការ​រៀន​តាម​តាម​ អ៊ីនធឺណិត​ អាច​ប្រាកដ​ដែរ​ទេ ព្រោះ​ឯកសារ​ខ្លះ​គ្មាន​ប្រភព​ច្បាស់លាស់​?
វាគ្មិន៖ យើង​មិន​អាច​ប្រាកដ​ ១០០%​ទេ​ ប៉ុន្តែ​អាច​យក​ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ប្រភព​ដទៃ​បាន​ តាម​បទពិសោធន៍​របស់​ខ្ញុំ​ គឺ​ខ្ញុំ​យក​មក​ផ្ទៀងផ្ទាត់​ បើ​ដូច​គ្នា​ច្រើន​ អាច​យក​ជា​ការ​បាន​ ហើយ​ល្អ​សម្រាប់​ខ្ញុំ​ទៅ​ថ្ងៃ​មុខ​។

 

Sabay៖ តើ​ការ​យក​ឯកសារ​ពី​អ៊ីនធឺណិត​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​មក​ប្រើប្រាស់ ​អាច​គ្រោះថ្នាក់​ដែរ​ទេ?
វាគ្មិន៖ ខ្ញុំ​គិត​ថា​​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ​ កុំ​ឲ្យ​តែ​យើង​យក​ទៅ​ប្រើ​ជា​លក្ខណៈ​ផ្លូវការ។ ឧទាហរណ៍​ថា ធ្វើ​សារណា​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ប៉ុន្តែ​ឯកសារ​យក​ចេញ​ពី​ Wikipedia ទាំង​ស្រុង នោះ​និង​មាន​គ្រោះ​ថ្នាក់ ព្រោះ​ប្រភព​មិន​ច្បាស់​លាស់។ ដើម្បី​ជៀស​វាង​បាន​ យើង​ត្រូវ​ចេះ​ប្រើ​ពាក្យ​គន្លឹះ​យក​ទៅ​ផ្គុំ​ ឬ​ដាក់ link នោះ​ជា Reference តែ​ម្ដង​។ ជា​បទ​ពិសោធន៍ គេហទំព័រ​ខ្ញុំ ​(www.khmerservice.net ) ពេល​ខ្ញុំ​មិន​ច្បាស់​ថា​វា​មាន​ប្រភព​មក​ពី​ណា​ ខ្ញុំ​ដាក់​ Link នៅ​ពី​ក្រោម​នោះ​តែ​ម្ដង​។

 

Sabay៖ តើ​ធ្វើ​ម៉េច​ទើប​ដឹង​ថា​​ វា​ជា​ប្រភព​ច្បាស់​លាស់​ឬ មិន​​ច្បាស់​លាស់?
វាគ្មិន៖ វា​អាស្រ័យ​ទៅ​លើ​ការ​ប្រមូល​ព័ត៌មាន​បាន​ច្រើន​ប៉ុណ្ណា រួច​យក​ទៅ​ប្រៀបធៀប​គ្នា​ដើម្បី​រក​មើល​ប្រភព​ ឬ​ដែល​ទុក​ចិត្ត​បាន​ ជៀស​វាង​ការ​យក​មក​ប្រើ​ទាំង​មិន​បាន​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់។

 

Sabay៖ តើ​របៀប​រៀន​តាម​អ៊ីនធឺណិត ខុស​ពី​របៀប​រៀន​តាម​សៀវភៅ​យ៉ាង​ម៉េច​ដែរ?
វាគ្មិន៖ គឺ​មាន​ការ​ខុស​គ្នា​ដូចជា ការ​រៀន​តាម​សៀវភៅ​ យើង​ត្រូវការ​អាន តាម​ដាន​ដើម្បី​រក​មើល​ចំណុច​ដែល​យើង​ចង់​ដឹង​ ណា​មួយ​វា​ក្រាស់ ពិបាក​យល់ នឹង​ប្រើ​ពេល​វេលា​យូរ​ ដើម្បី​បាន​លទ្ធផល ឯ​ការ​រៀន​តាម​អ៊ីនធឺណិត បើ​យើង​ចង់​ដឹង​កន្លែង​ណា​មួយ គ្រាន់​តែ​ចូល Search Engine ភ្លាម​បាន​លទ្ធផល​ភ្លាម។

 

Sabay៖​តើ​ធ្វើ​ដូចម្ដេច​ឲ្យ​ការ​រៀន​តាម​អ៊ីនធឺណិត មាន​ប្រសិទ្ធភាព?
វាគ្មិន៖ ដើម្បី​ឲ្យ​ការ​រៀន​តាម​អ៊ីនធឺណិត មាន​ប្រសិទ្ធភាព​អាស្រ័យ​លើ​បុគ្គល​អ្នក​រៀន​ខ្លួន​ឯង។ បើ​គ្រាន់​តែ​ទាញ​យក​ឯកសារ​មក​ទុក​នោះ​មិន​មាន​ប្រសិទ្ធភាព​ទេ​ តែ​បើ​ទាញ​យក​ចំណុច​ដែល​យើង​ចង់​ដឹង​ រួច​អនុវត្ត​នោះ​ទើប​មាន​ប្រសិទ្ធភាព​។

 

Sabay៖ លោក​អាច​រៀប​រាប់​ពី​ប្រវត្តិ​សិក្សា​របស់​លោក​និង​បទ​ពិសោធន៍​ការ​រៀន​តាម​អ៊ីនធឺណិត​របស់​លោក​បន្តិច​បាន​ទេ?
វាគ្មិន៖​ ខ្ញុំ​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០០៩ រួច​បន្ត​មក​រៀន​នៅ​ភ្នំពេញ ជំនាញ​ព័ត៌មានវិទ្យា​ នៅ​សាកលវិទ្យាល័យ​ន័រតុន​ តែ​រៀន​បាន២ឆ្នាំ ក៏​ដូរ​ទៅ​សាកលវិទ្យាល័យ​បៀលប្រាយ។ ពេល​ការ​រៀន​គេ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Ubuntu & Linux វា​ពិបាក​ក៏​ខ្ញុំ Search រួច​ក៏​ចេះ​ប្រើ ហើយ​ស្រូល​ប្រើ​ជាង​ ប្រព័ន្ធ​ប្រតិបត្តិការ របស់Window។​ ចំណែកC#,PHP, Design ជាដើម​ក៏​ចេះ​តាម​អ៊ីនធឺណិត​ដែរ​ និយាយ​រួម​ទៅ​ ខ្ញុំ​មិន​ចេះ​កន្លែង​ណា ខ្ញុំ Search កន្លែង​ហ្នឹង)។ ជាពិសេស​ខ្ញុំ​ចូលចិត្ត​ចូល​រួម Event​ ផ្សេងៗ​ដូចជា​ Bar camp ទាក់ទង​នឹង​បច្ចេកវិទ្យា​ ដើម្បី​ចង់​ដឹង​ពី​បច្ចេកវិទ្យា​ថ្មីៗ។

 

Sabay៖ ជា​ចុងក្រោយ​ ​តើ​លោក​​យល់​ឃើញ​យ៉ាង​ណា​ដែរ​ចំពោះ​ការ​រៀន​តាម​អ៊ីនធឺណិត?
វាគ្មិន៖ ខ្ញុំ​យល់​ឃើញ​ថា​ ល្អ​ ព្រោះ​វា​ផ្ដល់​ប្រយោជន៍​ ច្រើន​ដល់​យើង​ ថែម​ទាំង​អាច​ដឹង​ពី​អ្វី​ដែល​ថ្មី​នៅ​ លើ​ពិភពលោក​ទៀត​ផង។ សំខាន់​បំផុត​ គឺ​រាល់​ពេល​ រៀន​​ត្រូវ​នឹក​ថា​តើ​យើង​ទទួល​បាន​អ្វី​ខ្លះ?​ ហើយ​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពី​​ការ​រៀន​​នោះ​ ? ប្រសិន​បើ​មាន​គំនិត​អ្វី​​ថ្មីៗ លេច​ឡើង​ ត្រូវ​ចូល​ទៅ​មើល​នៅ​អ្វី​ដែល​ស្រដៀង​ ឬ​មិន​ទាន់​មាន​នៅ​លើ​ អ៊ីនធឺណិត ព្យាយាម​ស្ដាប់​​ឲ្យ​បាន​ច្រើន​ ព្រោះ​ការ​រៀន​តាម​ អ៊ីនធឺណិត​ទាម​ទារ​ឲ្យ​យើង​ ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ ព្យាយាម​សង្កេត​ឱ្យ​បាន​ល្អិត​ល្អន់​ កុំ​មើល​តែ​សំបក​ក្រៅ​ រួច​ពិចារណា​ពី​វា៕

 

អត្ថបទ៖ រក្សា