សហការី​ទូរទស្សន៍​បាយ័ន​-CTN ត្រូវ​មិត្ត​ចាស់​រឹត​ក​ប្លន់​ម៉ូតូ សំណាងល្អ​បាន​រួច​ជីវិត

សហការី​ទូរទស្សន៍​បាយ័ន​-CTN ត្រូវ​មិត្ត​ចាស់​រឹត​ក​ប្លន់​ម៉ូតូ សំណាងល្អ​បាន​រួច​ជីវិត

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម លី​ហេង សហការី​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​CTN​បាន​រង​របួស​យ៉ាង​ធ្ងន់ ដោយ​សារ​មិត្តភក្តិ​បបួល​ជូន​ទៅ​ផ្ទះ​រួច​យក​ខ្សែ​នីឡុង​រឹត​ក ប្លន់​យក​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ខ្មៅ ទៅ​បាត់ កាលពី​វេលា​ម៉ោង​៣​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ តុលា នៅ​ផ្លូវ​បេតុង​មួយ​កន្លែង ក្បែរ​បុរី​៩៩៩ ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រំ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ។ ទោះបីជា​បែប​ណា សហការី​ទូរទស្សន៍​រូប​នេះ មិន​រង​គ្រោះ​ដល់​ស្លាប់​នោះ​ទេ គ្រាន់តែ​រង​របួស​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។

ទាក់ទិន​នឹង​អំពើ​ប្លន់​ខាងលើ​នេះ លោក ម៉​ម លី​ហេង បាន​រៀបរាប់​ប្រាប់​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ថា ជន​ឈ្មោះ ឈុ​ន ឈាង មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ជា​អតីត​មិត្តភក្តិ​ធ្លាប់​រៀន​ភាសា​អង់គ្លេស​នៅ​ព្រះ​វិហារ ASC  កាលពី​អំឡុង ៣​ឆ្នាំ​មុន ហើយ​បាន​ជួប​គ្នា​ដោយ​ចៃដន្យ ខណៈ​រូប​គាត់ កំពុង​ជិះ​ម៉ូតូ​ទៅ​យក​ព័ត៌មាន ពេល​យប់​ជំនួស​មិត្ត​ភក្តិ​នៅ​ថ្ងៃ​សៅរ៍ អាទិត្យ​។

ខណៈនោះ​ឈ្មោះ ឈុ​ន ឈាង ឃើញ​តាម​ផ្លូវ​ក៏​ស្រែកហៅ​ឱ្យ​ឈប់ ហើយ​ការ​ជួប​មិត្ត​ចាស់​នេះ ក៏​មានការ​សំណេះ​សំណាល​គ្នា និង​រំលឹក​អំពី​ប្រវត្តិ​នៃ​ការ​រៀនសូត្រ​កន្លង​មក​។ ដោយ​យល់​ឃើញ​ថា ឈ្មោះ​ឈុ​ន ឈាង ជា​មនុស្ស​មាន​ចំណេះ​ដឹង​ខាង​ភាសា​អង់គ្លេស​ច្បាស់លាស់ និង​ជា​មនុស្ស​ត្រឹមត្រូវ គាត់​ក៏​ចំណាយ​ពេលវេលា​ជួប​ឈ្មោះ ឈុ​ន ឈាង ដោយ​នាំ​គ្នា​ទៅ​ហូប​ទឹកក្រឡុក​តាម​ផ្លូវ ហើយ​អង្គុយ​ជជែក​គ្នា​លេង​អស់​ជា​ច្រើន​ម៉ោង ។

ប្រភព​ដដែល​បន្ត​ថា ធាតុ​ពិត​ឈ្មោះ​ឈុ​ន ឈាង មាន​ចេតនា​ទុច្ចរិត ដោយ​ឃុបឃិត ជាមួយ​មិត្តភក្តិ​របស់​ខ្លួន​ម្នាក់​ទៀត​ដែល​គាត់​មិន​ស្គាល់ឈ្មោះ លួងលោម​គាត់​ពង្វក់​អារម្មណ៍​ពេល​យប់ ពី​លិចទៅ​កើត ពី​កើត​ទៅ​លិច​ជា​ច្រើន​គោលដៅ រហូត​ដល់​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ ក៏​បានឱ្យ​គាត់​ជូន​ត្រឡប់​ទៅ​ផ្ទះ​ជួល​របស់​មិត្តភក្តិ​គេ រួច​ធ្វើ​សកម្មភាព​យក​ខ្សែ​នីឡុង​រឹត​ក​គាត់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ទោះជា​យ៉ាងណា ក្នុង​គ្រា​ដ៏​គ្រោះថ្នាក់​នោះ លោក ម៉​ម លី​ហេង បាន​រើបម្រះ​រួច​ពី​ក្រញាំ​ដៃ​ឃាតករ រួច​រត់គេច​ខ្លួន ហើយ​ឆ្លៀត​ទូរស័ព្ទ​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ទំពុន​ឱ្យមក​ជួយ​អន្តរាគមន៍​។ ដោយសារ​លោក ម៉​ម លី​ហេង មាន​ភាពរឹងមាំ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត ទើប​ជនល្មើស​ដណ្តើម​យក​តែ​ម៉ូតូ​រួច​ជិះ​គេចខ្លួន​បាត់ ក្រោយ​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។ ដោយឡែក លោក ម៉​ម លី​ហេង បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរ​ព្យាបាល​ឯកជន​មួយ​ភ្លាម​ៗ ។

ចំពោះ​ករណី​ខាងលើ​នេះ ក្រុម​គ្រួសារ​របស់​មុខសញ្ញា​ចោរប្លន់​ខាងលើ កំពុង​អង្វរករ​លោក ម៉​ម លី​ហេង ដើម្បី​សុំ​ឱ្យ​ដក​ពាក្យបណ្តឹង​ពី​ឈ្មោះ ឈុ​ន ឈាង ទាក់ទិន​នឹង​បទល្មើស​ប្លន់​ប៉ង​សម្លាប់​នេះ​។ សមត្ថកិច្ច​សន្និដ្ឋាន​ថា ជនល្មើស​មាន​ចេតនា​ប្លន់​ហើយ​សម្លាប់​ជន​រង​គ្រោះ​បំបិទមាត់ ព្រោះ​ជា​មនុស្ស​ស្គាល់គ្នា តែ​សំណាងល្អ​ដែល​ជន​រង​គ្រោះ​មាន​ភាពរឹងមាំ​ទើប​មិន​ស្លាប់ ។ សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​ជនល្មើស​ហើយ និង​បាន​កសាង​សំណុំរឿង​ដើម្បី​ឈាន​ទៅ​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕   

ផ្តល់​សិទ្ធិ​ដោយ ៖ កោះសន្តិភាព