ប្រព័ន្ធតុលាការ​ក្នុងប្រទេស​កម្ពុជា នៅតែ​ប្រឈម​នឹង​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា

​បើទោះបី​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្លាប់​អះអាង​ពី​ការកែទម្រង់​ប្រព័ន្ធតុលាការ​យ៉ាងណាក៏ដោយ ក៏​ជាក់ស្ដែង​ប្រព័ន្ធតុលាការ​ក្នុងប្រទេស​កម្ពុជា​នៅតែ​ប្រឈម​នឹង​ការ​រិះគន់ថា ពុំមាន​ភាព​ឯករាជ្យ ហើយ​ជា​ឧបករណ៍​របស់​អ្នកកាន់អំណាច​។ សូម្បីតែ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត ដែល​មក​បំពេញ​ទស្សនកិច្ច​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ក៏​ជំរុញ​ឲ្យ​មានការ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​ដែរ​។ មានន័យថា ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុ​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​ផ្ដល់​ភាពយុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​គ្រប់​សំណុំរឿង​នៅក្នុង​តុលាការ​។

ថ្មីៗ​កន្លងទៅនេះ​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា បាន​មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹងធ្វើ​ឲ្យ​បានល្អ និង​ជោគជ័យ​ចំពោះ​គោលនយោបាយ​របស់​ខ្លួន​ដែល​បានដាក់​ចេញ​។ នៅក្នុង​វេទិកា​ជួប​ជាមួយ​ម្ចាស់ឆ្នោត​នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត កាលពី​ថ្ងៃទី​១៧ ខែតុលា​ឆ្នាំ​២០១៥ លោក កឹម សុខា បាន​ថ្លែង​ជា​សាធារណៈ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះឆ្នោត​នៅ​អណ​ត្តិ​ក្រោយ​នឹង​កែទម្រង់​មុនគេ គឺ​ប្រព័ន្ធតុលាការ​និង​ស្ថាប័ន​រដ្ឋសភា​។ លោក កឹម សុខា បាន​មានប្រសាសន៍ថា ដោយសារតែ​ប្រព័ន្ធ​ទាំងពីរ​នេះ​មិនអាច​ជឿទុកចិត្ត​បាន ដូច្នេះហើយ​ទើប​ជំរុញ​ឲ្យ​មាន​ភាពអយុត្តិធម៌​ក្នុងសង្គម​កាន់តែ​យ៉ាប់​ទៅៗ​។

ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​ដែល​តាមដាន​ប្រព័ន្ធយុត្តិធម៌​ក្នុងប្រទេស​កម្ពុជា​បាន​កត់សម្គាល់ថា ការអនុវត្ត​ច្បាប់​សព្វថ្ងៃ​នៅមាន​ភាពខ្វះ​ចន្លោះ​យ៉ាងច្រើន ហើយ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​និង​ក្រីក្រ​ជាច្រើន​បានក្លាយ​ទៅជា​ជនរងគ្រោះ ដោយសារ​ប្រព័ន្ធយុត្តិធម៌​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ទទួលស្គាល់ថា ការវាយតម្លៃ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ស្របទៅតាម​ស្ថានភាព​ជាក់ស្ដែង ហើយ​ការដាក់ទោស ឃុំខ្លួន​មន្ត្រីជាន់ខ្ពស់ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស បាន​បង្ហាញថា​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំមាន​ភាព​ឯករាជ្យ​នោះទេ​។ ជាងនេះទៅទៀត​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​បាន​លើកឡើងថា ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​សាលាដំបូង​តាម​បណ្ដា​ខេត្ត​នានា កន្លងមក​តែងតែ​សម្រេច​ក្ដី​ផ្ទុយ​ពី​អង្គហេតុ ហើយ​សកម្មជន​នយោបាយ​និង​សកម្មជន​បរិស្ថាន​ត្រូវ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​បំផុត​៕

Siv channa02_69 thumb