បទល្មើស​កាប់​ឈើ​ក្រៅ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅតែ​កើតឡើង​យ៉ាង​រាលដាល​

​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស្រែគរ ស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅក្រៅ​តំបន់​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅតែ​កើតមាន​ដដែល​ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ជាងនេះទៅទៀត​ឈើមូល​ជាច្រើន​ដើម ត្រូវបាន​គេ​យកមក​អារច្រៀក​ក្នុង​តំបន់​ផ្ទៃ​អាង ដើម្បី​ដឹកចេញទៅ​ក្រៅ​បន្លំ​ថា​ជា​ឈើ​ស្របច្បាប់​មិនចាំបាច់​បង់ពន្ធ ឬ​ត្រូវ​បង់ពន្ធ​តិចតួច​ប៉ុណ្ណោះ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដែលមាន​ទំហំ​ជាង​៣​ម៉ឺន​ហិកតា​កំពុងតែ​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​យ៉ាង​ធំ​ក្នុង​ខេត្តស្ទឹងត្រែង​។ ឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹក​មកពី​តំបន់​ឆ្ងាយៗ​ដូចជា ស្រុក​សៀម​ប៉ាង ស្រុក​សេសា​ន តំបន់​ព្រៃស្រោង តំបន់​ព្រៃ​ចាស់ និង​ភ្នំ​ក្រឡា​ពស់​ជាដើម បន្ទាប់មក​គេ​បាញ់ថ្នាំ​សម្គាល់ថា​ជា​ឈើ​ក្នុង​តំបន់​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដើម្បី​ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់ និង​ដឹកជញ្ជូន​ចេញ​ដោយ​គ្មាន​ការបង្ក្រាប​។ បញ្ហា​នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ចាត់វិធានការ​ពិនិត្យ​និង​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា​ឈើមូល​ដែលជា​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ លេខ​២ និង​លេខ​៣ ត្រូវបាន​ក្រុម​ជនខិលខូច​ដឹកជញ្ជូន​ពី​តំបន់​ផ្សេង​មក​ស្តុក​ទុក​ក្នុង​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ មាន​ចម្ងាយ​ពី​ភូមិ​ស្រែគរ ប្រមាណ​១០០០​ម៉ែត្រ ឆ្លង​ទន្លេសេសាន រួច​កែច្នៃ​អារច្រៀក​និង​មាន​រថយន្ត​យី​ឌុប​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ចេញ​នៅពេល​យប់​។​សកម្មភាព​បទល្មើស​កាប់​ឈើ​ក្រៅ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ បាន​កើតឡើង​ច្រើន​ឆ្នាំ​មកហើយ​ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​មជ្ឈដ្ឋាន​នានា​រិះគន់ថា ប្រហែលជា​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ឈាង តុលា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ខិលខូច ទើប​បណ្ដោយ​ឲ្យ​បទល្មើស​កាប់​ឈើ​ក្រៅ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​៕

12088591_836508753132270_4074506664913650314_n image