នាយករដ្ឋមន្រ្តី ស្នើឲ្យនិស្សិត ចាត់ទុកសញ្ញាបត្រ នៅស្រុកខ្មែរ ជាវត្ថុមានតម្លៃ

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ បានថ្លែង អំពាវនាវឲ្យសិស្សនិស្សិតទាំងអស់ចាត់ទុកសញ្ញាបត្រ នៅក្នុងស្រុកជាសញ្ញាបត្រមានតម្លៃ ដែលបានមកពី ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ខ្លួន។

ការថ្លែងរបស់សម្តេចនេះបានធ្វើឡើងក្រោយពី លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានលើកឡើងថា សញ្ញាបត្រនៅស្រុកខ្មែរជាសញ្ញាបត្រគ្មានតម្លៃ និងមិនសូវទទួលស្គាល់។

នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញា បត្ររង បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យវេស្ទើន នាព្រឹកថ្ងៃទី១៩ តុលាថា ឆ្នាំ២០១៥នេះ នាវិទ្យាស្ថានជាតិអប់រំ។

កាលពីថ្ងៃទី៤ តុលា ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្សដែលទើបបញ្ចប់វគ្គសិក្សាខ្លី នៅមជ្ឈមណ្ឌល បណ្ដុះបណ្ដាល ដែលគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានរិះគន់ប្រព័ន្ធអប់រំនៅកម្ពុជាថា មានលក្ខណៈទន់ខ្សោយបំផុត ហើយភាគច្រើននៃសញ្ញាបត្រ ដែលទទួលបានមិនមានតម្លៃនោះទេ៕