ប្រសាសន៍ទាំងស្រុង របស់សម្តេចតេជោ ក្នុងពិធីប្រគល់សញ្ញាបត្រ នាព្រឹកមិញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៥នេះ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ  វេស្ទើន នៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រនេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារនយោបាយទៅកាន់មេបក្សប្រឆាំងជុំវិញ  ការរិះគន់ទៅលើតម្លៃសញ្ញាបត្រ និងការអប់រំនៅកម្ពុជា។ សម្តេចតេជោ បានស្នើឱ្យប្រជាពលរដ្ឋពិចារណាលើសំដី មេបក្សប្រឆាំងថា តើគួរបោះឆ្នោតឱ្យគេទៀតទេ បើគេមើលងាយមើកថោកថា សញ្ញាបត្រគ្មានតម្លៃ?

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យឡើងប្រាក់ខែមន្ត្រីរាជការ គឺធ្វើឡើងនៅមុនបុណ្យចូលឆ្នាំខ្មែរជារៀងរាល់ឆ្នាំ  និង បើកប្រាក់ខែឱ្យបានទៀតទាត់។សម្តេចតេជោ ហ៊ុន សែន ប្រកាសពន្យល់ប្រជាពលរដ្ឋខ្មែរតាមរយៈ face  book ដើម្បីឆ្លើយតបនឹងការរិះគន់ទាំងឡាយមកលើរាជរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីមោទនភាពយ៉ាងខ្លាំង ចំពោះការរីកចម្រើនរបស់កម្ពុជា និងងាយស្រួលក្នុង ការធ្វើដំណើរទោះទីជិតទីឆ្ងាយក្តី។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុមអ្នករត់តាក់ស៊ីនៅស្រុកខ្មែរឡើងថ្លៃ ពេលចូលឆ្នាំ និងភ្ជុំបិណ្ឌ តែសណ្ឋាគារនៅញូវយ៉កឡើងថ្លៃពេលប្រជុំអង្គការសហប្រជាជាតិ។

ពាក់ព័ន្ធបញ្ហាប្រេងសាំង សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេច នឹងជួបផ្ទាល់ជាមួយអ្នករកស៊ី លក់ប្រេង សាំង ដើម្បីជជែកពីមូលហេតុមិនព្រមចុះថ្លៃ និងឡើងថ្លៃលឿន។ សម្តេចតេជោ បញ្ជាក់ថា វាជារឿងមិនអាច ទទួលយកបាន ពេលសាំងអន្តរជាតិឡើងថ្លៃ នៅខ្មែរឡើងថ្លៃភ្លាម ទាំងមិនទាន់នាំចូលមួយដំណក់ផងនោះ។

សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ថា ការជួបផ្ទាល់របស់សម្តេច ជាមួយក្រុមហ៊ុនលក់ប្រេងនៅកម្ពុជា នឹងទទួល បានលទ្ធផលល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យសាលារាជធានីភ្នំពេញប្រុងប្រៀបត្រៀមរៀបចំបុណ្យអុំទូក ទោះឆ្នាំនេះ ទឹកតូចយ៉ាងក៏ដោយ។

ខាងក្រោមនេះ គឺជាប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ដែលបានថ្លែងជាងមួយម៉ោង នាព្រឹកមិញនេះ៖