ក្រសួងដែនដី នឹងចែកប័ណ្ណកម្មសិទ្ធិ ដីធ្លីឲ្យបាន ៥៧%-៦៥% ក្នុងឆ្នាំ២០១៥

ភ្នំពេញ៖ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម បានអះអាងថា នៅក្នុងឆ្នាំ២០១៥នេះ ក្រសួងនឹងផ្តល់ ប័ណ្ណកម្មសិទ្ធិដី ធ្លីជូនទាំងរដ្ឋ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេសឲ្យបាន ពី៥៧%ទៅ៦៥%។

ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងវិស័យដីធ្លីដល់ក្រុមប្រឹក្សារាជធានី និងក្រុមប្រឹក្សាខណ្ឌ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នាទីស្តីការក្រសួង លោក អ៊ឹម ឈុនលឹម បានមាន ប្រសាសន៍ថា ក្នុងនីតិកាលទី៥នេះ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តបន្តអនុវត្តកាន់តែសកម្ម និងស៊ីជម្រៅថែម ទៀត នូវការកែទម្រង់ដីធ្លី ដើម្បីរួមចំណែកធ្វើឲ្យសម្រេចគោល ដៅជាតិក្នុងការកាត់បន្ថយ ភាពក្រីក្រ ការធានា សន្តិសុខស្បៀង ការការពារបរិស្ថាន និងធនធានធម្មជាតិ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

 លោកបន្ថែមថា “ដើម្បីសម្រេចនូវគោលដៅនេះ រាជរដ្ឋាភិបាល ផ្តល់អាទិភាពលើការជំរុញល្បឿន នៃការចុះ បញ្ជីដីធ្លី និងការផ្តល់ប័ណ្ណកម្មសិទិ្ធលើដីធ្លី ទាំងដីរដ្ឋ ទាំងដីឯកជន និងទាំងដីសហគមន៍ ជនជាតិដើមភាគតិច ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពឲ្យបាន ៥៧%ទៅ៦៥% នៅឆ្នាំ២០១៥, ៧០% នៅឆ្នាំ២០១៨ និង១០០%នៅឆ្នាំ២០២០”។

លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានបញ្ជាក់ថា រហូតមកដល់ពេលនេះ គោលនយោបាយច្បាប់ និងលិខិតបទ ដ្ឋាន ជាសារវ័ន្តក្រោមច្បាប់សម្រាប់ការងារដីធ្លីត្រូវបានរាជរដ្ឋាភិបាល សម្រេច និងដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ មានដូចជា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ, ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ, ការដោះស្រាយ វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ, ការគ្រប់គ្រង់ដីរដ្ឋ, ការផ្តល់សម្បទានដីសង្គមកិច្ច, ការផ្តល់សម្បទានដីសេដ្ឋកិច្ច និងការចុះបញ្ជីដីរបស់សហគមន៍ ជនជាតិដើមភាគតិចជាដើម។

បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី បានឲ្យដឹងថា បច្ចុប្បន្ន ក្រសួងបានផ្តល់ប័ណ្ណកម្មសិទ្ធិ ដីធ្លីទៅដល់ដៃប្រជាពលរដ្ឋនៅទូទាំងប្រទេសបានជាង៤លានប័ណ្ណហើយ។

 សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ តុលា មានគោលបំណងឲ្យសិក្ខាកាម ទាំងអស់បានយល់ដឹងអំពីកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើអចលនវត្ថុ ដែលមានចែងក្នុងរដ្ឋប្បវេណី, យល់ដឹងអំពីភោគៈ, របៀបទទួលបានកម្មសិទ្ធិលើដីធ្លី (លទ្ធកម្ម), ភាពខុសគ្នារវាងភោគៈ និងកម្មសិទ្ធិ, ការគ្រប់គ្រងដីរដ្ឋ សម្បទានដីមានសម្បទានដីសង្គមកិច្ច សម្បទានដីសេដ្ឋកិច្ច និងចំណេះដឹងពាក់ព័ន្ធនឹង វិស័យដីធ្លីជាច្រើនទៀត៕

ក្រសួងដែនដី នឹងចែកប័ណ្ណកម្មសិទ្ធិ ដីធ្លីឲ្យបាន ៥៧%-៦៥% ក្នុងឆ្នាំ២០១៥

ក្រសួងដែនដី នឹងចែកប័ណ្ណកម្មសិទ្ធិ ដីធ្លីឲ្យបាន ៥៧%-៦៥% ក្នុងឆ្នាំ២០១៥

ក្រសួងដែនដី នឹងចែកប័ណ្ណកម្មសិទ្ធិ ដីធ្លីឲ្យបាន ៥៧%-៦៥% ក្នុងឆ្នាំ២០១៥