ចំណូល​របស់ Petro Vietnam ធ្លាក់​ចុះ​ដោយសារ​តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ជាតិ​របស់​វៀតណាម ដែល​គេ​ស្គាល់​ថា ជា Petro Vietnam បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​របស់​ខ្លួន​មាន​កម្រិត​តិច​ជាង​មុន​ក្នុងអំឡុងពេល​៩​ខែ​ដើមឆ្នាំ​២០១៥ ដោយសារ​តែ​តម្លៃ​ប្រេង​សាកលលោក​ធ្លាក់​ថ្លៃ​ជាង​មុន ។

តាម​តួលេខ​ប្រាក់​ចំណូល​សរុប​របស់​ក្រុមហ៊ុន Pretro Vietnam ក្នុង​រយៈពេល​៩​ខែ​ដំបូង​នេះ​សម្រេច​បាន​ចំនួន​១៩,១​ប៊ី​លាន​ដុល្លារ ធ្លាក់​ចុះ​២៣,៥% ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ និង​មាន​តម្លៃ​ស្មើនឹង​៦០% ប៉ុណ្ណោះ​នៃ​ទិស​ដៅ​ប្រចាំឆ្នាំ ។

ម្យ៉ាងទៀត ការ​បង់ពន្ធ​របស់​ក្រុមហ៊ុន​ចូល​ថវិការដ្ឋ ក៏​មានការ​ថយ​ចុះ​ប្រមាណ​ជា​២៩%​ដែរ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ត្រឹមតែ​៤​ប៊ី​លាន​ដុល្លារ គិត​ត្រឹម​ខែកញ្ញា​នេះ ឬ​ស្មើនឹង​៥៦% នៃ​ការ​កំណត់​ទិស​ដៅ​សម្រាប់​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ ។

ក្រុមហ៊ុន​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ប្រេង​សាកលលោក បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដោយ​អវិជ្ជមាន​ដល់​សកម្មភាព​វិនិយោគ និង​ការ​ជួញដូរ​របស់ Petro Vietnam ។

តម្លៃ​ប្រេង​ជា​មធ្យម គឺ​៥៦,៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ក្នុង​ហាងឆេង​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ ថយ​ចុះ​៤៩% ធៀប​នឹង​តម្លៃ​ជា​មធ្យម​១១១​ដុល្លារ​ក្នុងអំឡុងពេល​៩​ខែ​ដើមឆ្នាំ​២០១៤។

ប្រេង​សាកលលោក​បច្ចុប្បន្ន​កំពុង​ជួញដូរ​ក្នុង​រង្វង់​៤៧​ដុល្លារ ទៅ​៥០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ។ Petro Vietnam បាន​វាយតម្លៃ​នូវ​តម្លៃ​ជា​មធ្យម​ក្នុង​រង្វង់​៥៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ក្នុង​ដំណាច់ឆ្នាំ​នេះ ។

ក្រុមហ៊ុន​បាន​ដាក់​ទិស​ដៅ​សម្រេច​ឲ្យ​បាន​ចំណូល​ចំនួន​៣២,១​ប៊ី​លាន​ដុល្លារ និង​បង់ពន្ធ​ចូល​ថវិការដ្ឋ​ចំនួន​៧,១​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​នេះ ។
នៅ​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ ក្រុមហ៊ុន​បាន​រាយការណ៍​ពី​កំណើន​ខ្ពស់​ជាង​មុន​ក្នុង​ទិស​ដៅ​ផលិតកម្ម​ដទៃ​ទៀត ។

ដោយឡែក កាលពី​ដំណាច់​ខែកញ្ញា​នេះ Petro Vietnam បាន​ធ្វើ​អាជីវកម្ម​លើ​ឧស្ម័ន​ធម្មជាតិ និង​ប្រេង​ឆៅ​របស់​ជាតិ​២១,៩​លាន​តោន គឺ​ច្រើន​ជាង​ទិស​ដៅ​របស់​ខ្លួន​សម្រាប់​អំឡុង​ពេល​នេះ​១១% និង​កើនឡើង​៧,៤% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ក្នុង​តួលេខ​នោះ​ដែរ ទិន្នផល​ប្រេង​ឆៅ​បាន​កើនឡើង​ជិត​១៤​លាន​តោន ខណៈ​ឧស្ម័ន​៧,៩​លាន​ម៉ែត្រគូប កើនឡើង​៩,៨% និង​៣,៤% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ចំណែក​ប្រេង និង​ឧស្ម័ន​បម្រុង​ទុក​សម្រេច​បាន​ចំនួន​៣០,៥​លាន​តោន កើនឡើង​៦,៩% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើនឹង​៨៧,១% នៃ​ផែនការ​ប្រចាំឆ្នាំ ។

រីឯ​ផលិតកម្ម​ថាមពល​អគ្គិសនី ជី​ដាក់​ដាំ​ណាំ និង​ប្រេង​វិញ ក៏​លើស​ទិស​ដៅ​ដែរ​សម្រាប់​អំឡុង​ពេល​នោះ គឺ​ស្ថិត​ក្នុង​ចន្លោះ​៦% និង ២៣% ។ ក្នុង​នោះ​ដែរ ទិន្នផល​អគ្គិសនី​សម្រេច​បាន​កំណើន​ខ្ពស់​ជាង​មុន​៣៥,៧% និង​ប្រេង​២៨,៨% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ដើម្បី​ធានា​បាន​នូវ​ទិស​ដៅ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ​២០១៥​នេះ Petro Vietnam ថ្លែង​ថា ខ្លួន​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​កត្តា​ជា​ច្រើន​ដែល​ប៉ះពាល់​ដល់​ការ​រុករក​ផលិតកម្ម​ប្រេង និង​ឧស្ម័ន ក៏​ដូច​ជា​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជំរុញ​ទិន្នផល​ប្រេង និង​ឧស្ម័ន​២៧,៦​លាន​តោន​នៅ​ដំណាច់ឆ្នាំ​នេះ កើនឡើង​៣,៦% ធៀប​នឹង​ទិស​ដៅ​ប្រចាំឆ្នាំ​របស់​ខ្លួន​២៦,៦​លាន​តោន ។

ក្រុមហ៊ុន​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ប្រេង​បរទេស​ទាំងឡាយ​ផង​ដែរ ដើម្បី​ស្វែងរក​គម្រោង​ក្រៅប្រទេស​ល្អ​ប្រសើរ​មួយ ក៏​ដូច​ជា​អំពាវនាវ​ដល់​ការ​វិនិយោគ​បរទេស​ក្នុង​គម្រោង​ឧស្ម័ន និង​ប្រេង​ធំ​ៗ​របស់​ខ្លួន ៕