ស្រា​បៀរ Heineken ចាប់ផ្តើម​ដំណើរការ​នៅ​មី​យ៉ា​ន់​ម៉ា

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ តាម​រយៈ​ការ​បង្ហាញ​វត្តមាន​របស់​ស្រា​បៀរ Heineken ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​សុក្រ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​បើក​ច្រកចូល​ជា​ផ្លូវការ​របស់​យីហោ​ស្រា​បៀរ​ធំ​ជាងគេ ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង Amsterdam ប៉ុន្តែ​តំណែង​របស់​ក្រុមហ៊ុន​ក្នុង​ទីផ្សារ​នេះ​នឹង​ត្រូវការ​យុទ្ធសាស្ត្រ​ជា​ច្រើន​ឆ្នាំ ។

ជាមួយនឹង​ការ​សាងសង់​រោងចក្រ​ថ្មី​ៗ​នៅ​ឃុំ Hmawbi ក្រុមហ៊ុន​ពហុ​ផលិតផល​មួយ​នេះ​បាន​ចាប់ផ្តើម​លក់​ស្រា​បៀរ​របស់​ពួក​គេ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មក ដែល​ជា​ឱកាស​នៃ​ការ​ធ្វើតេស្ត​ទីផ្សារ និង​ការ​បង្វិល​ក្បាលម៉ាស៊ីន​ឡើង​វិញ ។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ថា មី​យ៉ា​ន់​ម៉ា​មិនមែន​ជា​ប្រទេស​ដែល​រីកសាយ​ភាយ​នៃ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​ឡើយ ។ ប្រទេស​នេះ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​កម្រិត​ទាប​ជាងគេ​បំផុត ក្រៅពី​ជន​មូ​ស្លី​ម​នៅ​លើ​ពិភពលោក ។

លោក Lester Tan អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន APBABC និង​ជា​អ្នក​ផលិត Heineken នៅ​មី​យ៉ា​ន់​ម៉ា បាន​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា ៖ «​មី​យ៉ា​ន់​ម៉ា នៅ​តែ​ជាទី​ផ្សារ​ដែល​មាន​កាលានុវត្តភាព​ដដែល​» ។

ក្រុមហ៊ុនស្រា​បៀរ​ដែល​មាន​អាយុកាល​១៥១​ឆ្នាំ​នេះ ពុំ​មាន​អ្វី​ប្លែក​ជាង​មុន​ឡើយ​ក្នុង​ការ​អភិវឌ្ឍ​យីហោ​នេះ​លើ​ទីផ្សារ​ថ្មី ប៉ុន្តែ​ស្ថានភាព​តែ​មួយ​គត់​នៅ​មី​យ៉ា​ន់​ម៉ា បាន​ធ្វើ​ឲ្យ​ខ្លួន​ពិចារណា​ឡើង​វិញ​នូវ​ផលប​ត្រ​ស្រា​បៀរ​ដើម្បី​អន្ទង​អ្នក​ពិសា និង​ពង្រីក​អតិថិជន​បន្ថែម​ទៀត ។
Heineken បាន​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​មី​យ៉ា​ន់​ម៉ា តាម​រយៈ​ផលិតករ​ក្នុងស្រុក APBABC ជា​អ្នក​ផលិត និង​ចែកចាយ​នៅ​ទូ​ទាំង​ប្រទេស ។

បន្ទាប់​ពី​ក្រុមហ៊ុន F&N បាន​ចាក​ចេញពី​ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​ពេល​ជួប​គ្រោះ​នៃ​ការ​រកស៊ី​រួម​គ្នា​ជាមួយ​សម្ព័ន្ធ​អាជីវកម្ម និង​ក្រុមហ៊ុន Myanmar Brewery Limited (MBL) ក្រុមហ៊ុន Heineken ក៏​បាន​បង្កើន​ស្លាក​យីហោ​នៅ​មី​យ៉ា​ន់​ម៉ា Tiger Beer និង ABC Stout ។ ជាមួយនឹង​ការ​ទទួល​បាន​មក​នូវ​យីហោ​ទាំងនេះ​Heineken បាន​ពង្រីក​ខ្លួន​ពី​ការ​ធ្វើ​ជា​ម្ចាស់​គ្រប់គ្រង​យីហោ​មួយ​ទៅ​បួន​យីហោ ដែល​នាំ​មក​នូវ​ផលប​ត្រ​ភេសជ្ជៈ​បី​ខុស​ៗ​គ្នា ។

ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ ស្រា​បៀរ​នេះ​នៅ​តែ​បន្ត​បំពេញតម្រូវការ​ជាមួយនឹង​ភាព​កាន់តែ​ទូលំទូលាយ​នៃ​ការ​ចុះបញ្ជី​ផលិតផល​ស្រា​ក្នុង​ឧស្សាហកម្ម​ដូច​ជា ៖ Myanmar Beer, Dagon, Andaman Gold, Mandalay Beer, Yoma និង Tuborg របស់ Carlsberg ក៏​ដូច​ជា​ការ​រាលដាល​នៃ​ការ​លួច​នាំ​ចូល​ស្រា​បៀរ Singha និង Chang ពី​ប្រទេស​ថៃ ។

ដោយឡែក​ចំពោះ​តម្រូវការ​វិញ លោក Tan លើក​ឡើង​ថា ៖ «​ស្រា​បៀរ​ជា​ច្រើន​មុខ​កំពុង​តែ​មានការ​កើនឡើង​ក្នុង​ការ​ចូល​មក​កាន់​ទីផ្សារ​មី​យ៉ា​ន់​ម៉ា ប៉ុន្តែ​កត្តា​នេះ​នឹង​ស្ងប់ស្ងាត់​ទៅ​វិញ​នៅ​ពេល​ខាង​មុខ​» ៕