Maybank Indonesia នឹង​ពង្រីក​ប្រតិបត្តិការ​ដើម្បី​បង្កើន​បរិមាណ​អតិថិជន​ក្នុង​តំបន់​អាស៊ាន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ តាម​ការ​ឲ្យ​ដឹង​ពី​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​សាមី​បញ្ជាក់​ថា នៅ​ផ្នែក​នានា​លើ​សាកលលោក​របស់​ធនាគារ Maybank Indonesia នឹង​ផ្តោត​លើ​ការ​បង្កើន​បរិមាណ​អតិថិជន​ក្រុមហ៊ុន​ធំ​ៗ​នៅ​ឆ្នាំ​ក្រោយ តាម​រយៈ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ធ្វើ​សមាហរណកម្ម​សេវា​ហិរញ្ញវត្ថុ ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​សម្រាប់​អតិថិជន​ក្នុង​តំបន់​អាស៊ាន ។

លោក Eri Budiono អគ្គនាយក​គ្រប់គ្រង​ធនាគារ​លើ​ពិភពលោក​របស់ Maybank Indonesia បាន​ប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ស្តី​ពី​ការ​ទូទាត់​ការ​បង់​សេវា​ផ្សេង​ៗ​តាម​អន​ឡាញ​ជាមួយ​ក្រុមហ៊ុន Kalstar Aviation និង​បណ្តា​ទីភ្នាក់ងារ​អាកាសចរណ៍​មួយ​ចំនួន​ទៀត​ថា ៖ «​យើង​នឹង​ដាក់​ទិស​ដៅ​លើ​ក្រុមហ៊ុន​ធំ​ៗ​ក្នុង​ការ​ធ្វើ​ឲ្យ​រីក​ចម្រើន​លើ​វិស័យ​មួយ​ចំនួន​ដូច​ជា អចលនទ្រព្យ ដឹក​ជញ្ជូន ផលិតកម្ម ដូង ប្រេង​ឆៅ កសិកម្ម រោងចក្រ​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម» ។

លោក​បន្ថែម​ថា ៖ «Maybank Indonesia ជា​ការ​កែ​ឈ្មោះ​យីហោ​ថ្មី​របស់ PT Bank International Indonesia ដែល​ធ្វើ​ឡើង​តាម​រយៈ​អ្នកកាន់កាប់​ហ៊ុន​ធំ ។ Maybank Group នឹង​បង្កើន​ចំណូល​លើ​មូលដ្ឋាន​បង់ថ្លៃ​ឈ្នួល​ក្នុង​កិច្ចការជំនួញ​រវាង​ពាណិជ្ជករ និង​ពាណិជ្ជករ ជា​ពិសេស​ក្នុង​តំបន់​អាស៊ាន​តែ​ម្តង ស្រប​ពេល​ដែល​គម្រោង​នឹង​ពង្រឹង​វត្ត​មាននៅ​ក្នុង​តំបន់ ។ មិនតែប៉ុណ្ណោះ នឹង​ធ្វើ​ប្រតិបត្តិការ​យ៉ាង​ពេញលេញ​ក្នុង​សមាគម​សេដ្ឋកិច្ច​អាស៊ាន​ដែល​នឹង​បង្កើត​ឡើង​នៅ​ឆ្នាំ​ក្រោយ​នេះ​» ។

Maybank ជា​អ្នក​ប្រកប​ជំនួញ​ផ្នែក​ហិរញ្ញវត្ថុ​មួយ​មាន​មូលដ្ឋាន​នៅ​ម៉ា​ឡេ​ស៊ី និង​បង្កើត​បាន​យីហោ​របស់​ខ្លួន​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ដូច​ជា ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី សិង្ហ​បុរី វៀតណាម ហ្វ៊ី​លី​ពី​ន ព្រុយ​ណេ មី​យ៉ា​ន់​ម៉ា កម្ពុជា និង​ឡាវ ។

លោក Eri Budiono លើក​ឡើង​ថា ៖ «​ធនាគារ​មាន​ក្តី​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ធ្វើ​សមាហរណកម្ម​នៃ​ប្រព័ន្ធ​សេវា​ហិរញ្ញវត្ថុ​សម្រាប់​អតិថិជន​របស់​ខ្លួន តាម​រយៈ​បណ្តា​ក្រុមហ៊ុន​សាខា​ខុស​ៗ​គ្នា​ជ្រក​ក្រោម​ស្លាក​យីហោ​ក្រុមហ៊ុន ។ ម្យ៉ាងទៀត យើង​បាន​បំពេញ​ប្រតិបត្តិការ​ជំនួញ​ផ្នែក​ហិរញ្ញវត្ថុ​រួចរាល់​ហើយ​ដែរ ។ ដូច្នេះ​មាន​តែ​ករណី​មួយ​ប៉ុណ្ណោះ គឺ​មធ្យោបាយ​ធ្វើ​សមាហរណកម្ម​បណ្តា​ក្រុមហ៊ុន​ទាំងនោះ​ឲ្យ​ប្រសើរ​ឡើង​ទាំងអស់​ក្នុង​ពេល​តែ​មួយ​» ។  នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក្រុមហ៊ុន​មាន​សាខា​ដូច​ជា Maybank Kim Eng Securities, Maybank Syariah Indonesia, BII Finance និង WOM Finance ។

លោក Eri Budiono បញ្ជាក់​ថា ៖ «​ក្រៅពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវាកម្ម​សម្រាប់​អតិថិជន​ក្នុងស្រុក​ហើយ​នោះ យើង​ក៏​បាន​ដាក់​ទិស​ដៅ​ចំពោះ​បណ្តា​ក្រុមហ៊ុន​បរទេស​ក្នុង​តំបន់​ដែរ​នូវ​វិស័យ​មួយ​ចំនួន​ដូច​បាន​គ្រោងទុក ព្រមទាំង​ដើរតួ​នាទី​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​តំបន់​សមាគម​សេដ្ឋកិច្ច​អាស៊ាន​» ។

លោក​បន្ត​ថា ៖ «​ការ​ជួញដូរ​រវាង​ពាណិជ្ជករ និង​ពាណិជ្ជករ​ក្នុង​ការ​នាំ​ចេញ​-​នាំ​ចូល ការ​ប្រកប​មុខ​ជំនួញ និង​សង្វា​ក់​ផ្គត់ផ្គង់​បាន​នាំ​មក​នូវ​គុណប្រយោជន៍​ដល់​ចំណូល​លើ​មូលដ្ឋាន​នៃ​ការ​បង់ថ្លៃ​ឈ្នួល​ផ្សេង​ៗ ។ ចំណែក​ចំណូល​ផ្នែក​ធនាគារ​លើ​ពិភពលោក​របស់ Maybank Indonesia មាន​ចំនួន​៣០% នៃ​ចំណូល​ទទួល​បាន​ពី​ការ​បង់ថ្លៃ​សេវា​ផ្សេង​ៗ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៥ ។ ចំណូល​ពី​ការ​ទូទាត់​ថ្លៃ​ឈ្នួល​សេវា​ផ្សេង​ៗ​មាន​ចំនួន​៥០% ដែល​ទទួល​បាន​ពី​ការ​ជួញដូរ​ក្នុង​វិស័យ​អាកាសចរណ៍ ហើយ​នៅ​សេសសល់​៥០% ទៀត​ទទួល​បាន​មក​ពី​ការ​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ​ក្នុង​ផ្នែក​ដឹក​ជញ្ជូន មុខ​ជំនួញ​កុំព្យូទ័រ និង​ធានា​រ៉ាប់រង​» ។

លោក Eri Budiono ថា Maybank បាន​ស្វែងរក​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ទីភ្នាក់ងារ​អាកាសចរណ៍​ច្រើន​ជាង​៦០០​ទៀត ដែល​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Kalstar ហើយ​បច្ចុប្បន្ន Maybank បាន​សហការ​ជាមួយ​ដៃគូ​ត្រឹមតែ​២០​ប៉ុណ្ណោះ ៕