តុលាការ​បើក​សវនា​ការ លើ​លោក ព្រំ សាន តាម​បណ្តឹង​របស់លោក​ស្រី កែវ ម៉ាលី ពីបទ​បរិហារកេរ្តិ៍​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ លោក ព្រំ សាន ជា​អនុប្រធាន នាយកដ្ឋាន​ព័ត៌មាន នៃ​ក្រសួង​ព័ត៌មាន ចូលទៅ​កាន់​សាលាដំបូងរាជធានី​ភ្នំពេញ នៅ​សាល សវនា​ការ​ទី​៣ តាម​បណ្តឹង​របស់លោក​ស្រី កែវ ម៉ាលី សមាជិក​ព្រឹទ្ធសភា គណបក្ស​ប្រជាជន​កម្ពុជា ពីបទ​បរិហារកេរ្តិ៍​។

​លោក វ៉ា សក្តា ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​បង្គាប់ អោយឈ្មោះ ព្រំ សាន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ ជា​អនុប្រធាន នាយកដ្ឋានព័ត៌មាន មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៥១ ផ្លូវ​១០៩ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជា​ធានី​ភ្នំពេញ ចូលមក​កាន់​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​សាល​សវ​ការ​ទី​៣ ជាន់​ទី​១ នា​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០​​១៥ វេលា​ម៉ោង​៨​ព្រឹក តាម​បណ្តឹង​របស់លោក​ស្រី កែវ ម៉ាលី សមាជិក​ព្រឹទ្ធសភា គណបក្ស​ប្រជាជន​កម្ពុជា ពីបទ​បរិហារកេរ្តិ៍ និង​ទាមទារ​ប្រាក់​ចំនួន ៥០ ម៉ឺន​ដុល្លារ​អាមេរិក​។​

​ក្នុងនោះដែរ លោក ផែង វណ្ណៈ មុខរបរ ជា​មន្ត្រីនគរបាល ក្រសួង​មហា​ផ្ចៃ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ក៏ត្រូវ​បាន លោក ហ៊ីង ប៊ុនថន ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​អោយចូល​ទៅកាន់ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង ២:៣០ នាទី​រសៀល ដើម្បី​សាកសួរ​ពី​ដំណើររឿង ពាក់ព័ន្ធ​ទៅនឹង​បណ្តឹង​ឈ្មោះ កែវ ស៊ួ​យ​សេង មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ពីបទ​បរិហារកេរ្តិ៍ និង​ផ្សព្វផ្សាយ​ព័​ត៌មាន​មិន​ពិតតាម Facebook៕V​/S