ព្រះមហាក្សត្រ និង​សម្តេចម៉ែ ប្រទាន​ព្រះរាជដំណាក់ នៅ​ខេត្តកោះកុង ជូន​លោក Beat Richner ដើម្បី​លក់ យកលុយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​

ភ្នំពេញ: ​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត ទ្រង់​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន ប្រគល់​ព្រះរាជដំណាក់ ដែលជា​ព្រះរាជ​ទ្រព្យ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ នៅ​ខេត្តកោះកុង នា​សម័យ​សង្គមរាស្ត្រនិយម ក្នុង​ទសវត្ស​ទី​៦០ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ប៊ុនរ៉ានី ហ៊ុនសែន​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩​តុលា​ថា "​ការសម្រេច​ព្រះទ័យ​ដ៏​មហា​ធំធេង មិនអាច​កាត់ថ្លៃ​បាន​របស់​ព្រះករុណា ព្រះមហាក្សត្រ​នេះ នៅ​គ្រា​ដែល​ព្រះអង្គ​ទត​ឃើញ​ពី​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត Beat Richner ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប កំពុង​ប្រឈមមុខ​នឹង​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​"​។​

​សម្តេច​ប៊ុនរ៉ានី ហ៊ុនសែន បន្តថា "​ព្រះករុណា ព្រះមហាក្សត្រ មាន​ព្រះរាជ​ហ​ឬ​ទ័យ​ជឿជាក់ថា ព្រះរាជ​អំណោយ​នេះ នឹង​ជួយ​រំលែក និង​ដោះស្រាយ​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​បំរើ​ផលប្រយោជន៍​កុមារ​ក្រីក្រ នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា​"។

ស្ថា​និក​មន្ទីរពេទ្យ​គន្ធបុប្ផា ជនជាតិ​ស្វី​ស លោក ប៊ីត រី​ច​ន័​រ បាន​លើកឡើងថា នៅ​ឆ្នាំ​២០១៥​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា ត្រូវ​ចំណាយ​ថវិកា​ចំនួន ៤៣,៥ លាន​ដុល្លារ​។ ថវិកា​ទាំងនោះ បានមកពី​កញ្ចប់​ថវិកា​ជំនួយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ស្វី​ស និង​បាន​ពី​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​។​
 
​ក្នុង​មួយខែៗ មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប បាន​ជួយ​ពិនិត្យ ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ភាគច្រើន​ជា​កុមារ ជាង ៨ ម៉ឺន​នាក់​។​

​របាយការណ៍​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា បង្ហាញថា ក្នុង​រយៈពេល ២៣ ឆ្នាំ កន្លងមកនេះ មន្ទីរពេទ្យ​បានផ្តល់​ប្រឹក្សា​វេជ្ជសាស្ត្រ​ដល់​អ្នកជំងឺ​កុមារ ចំនួន ១៤,៥ លាន​នាក់ ការផ្តល់​ការព្យាបាល​ជាសះស្បើយ​ដល់​កុមារ ចំនួន ១,៦ លាន​នាក់ ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ ការផ្តល់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ខួរក្បាល​ដល់​កុមារ​ប្រមាណ ៥០០ នាក់ ក្នុង​មួយថ្ងៃ និង​ការផ្តល់សេវា​ពិនិត្យ​ផ្ទៃពោះ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​ការផ្តល់សេវា​សម្រាល​មាតុភាព​។​

​នៅក្នុង​សេចក្តីប្រកាស​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ចុះ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៥ បង្ហាញថា នៅក្នុង​ឆ្នាំ​២០១៥​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​បដិភាគ​ថវិកា​ប្រមាណ ៦,៥ លាន​ដុល្លារ​។ ក្នុងនោះ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ចំនួន ២១.៩៧៣ លាន​រៀល ( ប្រមាណ ៥,៤ លាន​ដុល្លារ ) បៀវត្ស​បុគ្គលិក​ក្របខ័ណ្ឌ ១៤២ នាក់ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ចំនួន ១.១៣៦ លាន​រៀល ( ប្រមាណ ២៨០.០០០ ដុល្លារ ) ចំណាយ​ដំណើរការ​ចំនួន ៧.៩៧៧ លាន​រៀល ( ប្រមាណ ១,៩ លាន​ដុល្លារ ) ជំនួយ​សង្គម ( ជំនួយ​ប្រជាជន​សម្រាក​ពេទ្យ ) ចំនួន ១២.៨៦០ លាន​រៀល ( ប្រមាណ ៣,២ លាន​ដុល្លារ​អាមេរិក ) និង​ចំណាយ​ដំណើរការ​មន្ទីរ ពេទ្យ​ជ័យ​វរ្ម័នទី​៧ ខេត្តសៀមរាប ចំនួន ៤.៥៦០ លាន​រៀល ( ប្រមាណ ១,១ លាន​ដុល្លារ​អាមេរិក ) សម្រាប់​អគ្គិសនី និង​ទឹក​។​

​សេចក្តីប្រកាស​ដដែល គូសបញ្ជាក់ថា សម្រាប់​ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​កម្ពុជា នឹង​បង្កើន​ថវិកា​វិភាគទាន​ជា​សាច់ប្រាក់​ចំនួន ២ លាន​ដុល្លារ​អាមេរិក បន្ថែម​លើ​ថវិកា​វិភាគទាន​ជា​សាច់ប្រាក់ ៣,២ លាន​ដុល្លារ ដែល​បានសម្រេច​ផ្តល់​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​រួចហើយ ហើយនឹង​បង្កើន​ថវិកា​វិភាគទាន​ជា​សាច់ប្រាក់ រហូតដល់ ៦ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៦៕​

ព្រះមហាក្សត្រ និង​សម្តេចម៉ែ ប្រទាន​ព្រះរាជដំណាក់ នៅ​ខេត្តកោះកុង ជូន​លោក Beat Richner ដើម្បី​លក់ យកលុយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​

ព្រះមហាក្សត្រ និង​សម្តេចម៉ែ ប្រទាន​ព្រះរាជដំណាក់ នៅ​ខេត្តកោះកុង ជូន​លោក Beat Richner ដើម្បី​លក់ យកលុយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​

ព្រះមហាក្សត្រ និង​សម្តេចម៉ែ ប្រទាន​ព្រះរាជដំណាក់ នៅ​ខេត្តកោះកុង ជូន​លោក Beat Richner ដើម្បី​លក់ យកលុយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​

ព្រះមហាក្សត្រ និង​សម្តេចម៉ែ ប្រទាន​ព្រះរាជដំណាក់ នៅ​ខេត្តកោះកុង ជូន​លោក Beat Richner ដើម្បី​លក់ យកលុយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​

ព្រះមហាក្សត្រ និង​សម្តេចម៉ែ ប្រទាន​ព្រះរាជដំណាក់ នៅ​ខេត្តកោះកុង ជូន​លោក Beat Richner ដើម្បី​លក់ យកលុយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​

ព្រះមហាក្សត្រ និង​សម្តេចម៉ែ ប្រទាន​ព្រះរាជដំណាក់ នៅ​ខេត្តកោះកុង ជូន​លោក Beat Richner ដើម្បី​លក់ យកលុយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​
( រូបភាព និងព្រះរាជសារ យក​ចេញពីហ្វេសប៊ុកសម្តេចប៊ុនរ៉ានី ហ៊ុនសែន )