បែ មករា៖ ប្រកួត Final ពាន MCL មិន​គួរ​មាន ២​ជើង​ឡើយ

បែ មករា៖ ប្រកួត Final ពាន MCL មិន​គួរ​មាន ២​ជើង​ឡើយ

លោក បែ មករា អ្នក​ចាត់ការ​ទូទៅ​ក្រុម​បឹង​កេត​អង្គរ​បាន​និយាយ​ថា ការ​ប្រកួត​បាល់​ទាត់​លីក​កំពូល​កម្ពុជា​វគ្គ​ផ្ដាច់​ព្រ័ត្រ​មិន​គួរ​ធ្វើ​ឡើង២​ជើង​ឡើយ​(Home&Away) ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​ខ្លាំង ឯ​អ្នក​គាំទ្រ​ត្រូវ​រង់ចាំ​យូរ។

 

បែ មករា៖ ប្រកួត Final ពាន MCL មិន​គួរ​មាន ២​ជើង​ឡើយ
លោក បែ មករា

 

តាម​លិខិត​ផ្លូវការ​របស់​សហព័ន្ធ​បាន​បង្ហាញ​ថា ការ​ប្រកួត​ទាំង២២​សប្ដាហ៍ នឹង​បញ្ចប់​ទាំង​ស្រុង​ត្រឹម​ថ្ងៃ​ទី២២ ខែ​តុលា​នេះ។ បន្ទាប់​មក​ក្រុម​កំពូល​តារាង​ទាំង៤ នឹង​ត្រូវ​លេង Play Off ជាមួយ​គ្នា​រវាង​លេខ១ និង​លេខ ៤ ឯ​លេខ ២ និង ៣ ពីរ​ជើង​ដូច​គ្នា ដើម្បី​រក​ក្រុម​ខ្លាំង​២ ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នោះ ត្រូវ​ប្រកួត ២​ជើង​ទៀត ដោយ​ជើង​ទី១ នៅ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឯ​ជើង​ទី២ នៅ​ថ្ងៃ​ទី១២ ខែ​ធ្នូ។

 

លោក បែ មករា បាន​លើក​ឡើង​ថា៖ «បើ​តាម​ខ្ញុំ​គិត Final មិន​គួរ​មាន​ការ​ប្រកួត ២​លើក​ទេ… បាទ! Semi Final ខ្ញុំ​ឯកភាព​ឲ្យ​មាន​ការ​ប្រកួត​ពីរ​លើក Home​&​Away​ ប៉ុន្តែ Final គួរ​លេង​តែ​មួយ​ជើង​នៅ​​ក្នុង​ស្តាត​អូឡាំពិក​បាន​ហើយ»។ លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​ប្រកួត២​ជើង អាច​នឹង​ធ្វើ​​​ឲ្យ​អ្នក​គាំទ្រ​ធុញទ្រាន់​ព្រោះ​រង់ចាំ​យូរ ហើយ​ពួកគេ​​ចង់​ឃើញ​ការ​ប្រកួត​តែ​​មួយ​ជើង​លើក​ពាន​តែ​ម្ដង​ទើប​ជក់​ចិត្ត​មាន​អារម្មណ៍​រំភើប។

 

អ្នក​ចាត់​ការ​រូប​នេះ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​កាល​វិភាគ​ប្រកួត​ដ៏​មមាញឹក​របស់​សហព័ន្ធ​។ ដោយសារ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​មួយ​ទៀត​នៅ​ប្រទេស​ចិន ទើប​សហព័ន្ធ​លើក​ពេល​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ទៅ​ថ្ងៃ​ទី១២ ខែ​ធ្នូ​វិញ ប៉ុន្តែ Play Off វគ្គ Semi Final រំលង​គ្នា​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ក្រុម​កំពូល​តារាង​ត្រូវ​បំពេញ​យុទ្ធនាការ​ក្នុង​ពាន​រង្វាន់ Toyota Mekong Cup ទៀត។ លោក បែ មករា បាន​បញ្ជាក់​ថា នឹង​ធ្វើ​លិខិត​ផ្លូវ​ការ​មួយ​ស្នើ​ទៅ​សហព័ន្ធ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​បញ្ហា​នេះ៕
​​​

 

អត្ថបទ៖ គង់ វិសាល