សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យ សាលារាជធានីភ្នំពេញ ត្រៀមរៀបចំ ព្រះរាជពិធី បុណ្យអុំទូក ទោះឆ្នាំនេះ ទឹកតូចក្តី

ភ្នំពេញ៖ ខណៈពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែជិតឈានចូលមកដល់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃចន្ទទី១៩ ខែតុលា ឆ្នាំ២០១៥នេះ បានបញ្ជាឱ្យសាលារាជធានីភ្នំពេញ ប្រុងប្រៀបត្រៀមរៀបចំព្រះរាជ ពិធីបុណ្យបុណ្យអុំទូក ទោះឆ្នាំ នេះ ទឹកតូចយ៉ាងណាក៏ដោយ ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតនៃសាកលវិទ្យាល័យវេស្ទើន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ នាវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសាលារាជធានីភ្នំពេញ ត្រូវត្រៀមរៀបចំពិធីបុណ្យអុំទូក ទោះបីមានទឹកតូចក៏ដោយ “គឺអុំទូក នៅតែអុំ” ។ សម្តេចបន្តថា “ ទឹកតូចវិញហើយ គឺមិនមានអ្វីត្រូវព្រួយបារម្ភទៀតទេ ដូចជាទឹកជំនន់ឬព្យុះជាដើម” ។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ឆ្នាំនេះនឹងប្រព្រឹត្ត ទៅថ្ងៃទី២៤ -២៥-២៦ ខែវិច្ឆិកាខាងមុខនេះ។

សូមបញ្ជាក់ថា ពិធីបុណ្យអុំទូក ដែលជាពីធីបុណ្យជាតិដ៏សំខាន់មួយ ក្នុងចំណោមពិធីបុណ្យធំៗជាច្រើនទៀត របស់កម្ពុជានេះ ត្រូវបាន ផ្អាករយៈពេលឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០១១ គឺដើម្បីកាន់ទុកឱ្យអ្នកស្លាប់នៅកោះពេជ្រ ឆ្នាំ២០១២ ហេតុផលគ្រោះទឹកជំនន់ធំ និងនៅឆ្នាំ ២០១៣ គឺដើម្បីកាន់ទុកការសោយទីវង្គត នៃព្រះរាជបិតាជាតិខ្មែរព្រះបាទ នរោត្តម សីហនុ ៕

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យ សាលារាជធានីភ្នំពេញ ត្រៀមរៀបចំ ព្រះរាជពិធី បុណ្យអុំទូក ទោះឆ្នាំនេះ ទឹកតូចក្តី