សម្តេចតេជោ នឹងជួបជាមួយ ម្ចាស់ក្រុមហ៊ុន លក់ប្រេងឥន្ធនៈ ជាលើកដំបូង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានប្រកាសឱ្យដឹងនូវផែនការរបស់សម្តេច អំពីការជួបជាមួយបណ្តាឈ្មួញ អ្នករកស៊ីលក់ប្រេងនៅក្នុងប្រទេសកម្ពុជាទាំងអស់ ដើម្បីពិភាក្សាគ្នាពីបញ្ហាឡើងចុះ នៃតម្លៃប្រេងសាំងនៅកម្ពុជា ដែលកំពុងរងការរិះគន់យ៉ាងចាស់ដៃ ពីប្រជាពលរដ្ឋអ្នកប្រើប្រាស់។

ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នាវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមហ៊ុនលក់សាំងនានានៅកម្ពុជា មានការបញ្ចុះតម្លៃហើយ ប៉ុន្តែ បានជាចុះហើយ កុំឡើងវិញ។ “តិចតែចុះ១០០រៀល ឡើងវិញដល់៣០០ណា! ហ្នឹងងាប់ណា!។ មានគេបង្ហោះ Facebook ចូលមក Add ជាមួយខ្ញុំ ប្រាប់ថាប្រយ័ត្នចុះ ១០០ (រៀល) មុនភ្ជុំឡើង ៣០០ (រៀល) ក្រោយភ្ជុំណា កុំណា សូមផ្តាំផ្ញើទៅអ្នកលក់សាំងទាំងឡាយអើយ បើមិនបានចុះបន្តទេ សូមអាណិតកុំឡើង”។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្តថា “ខ្ញុំបាននិយាយហើយ មានហេតុផល ដែលអាចយោគយល់នៅត្រង់អីចេះ ពេលដែលប្រេងចុះថ្លៃ គាត់ថាគាត់មិនទាន់ចុះបានទេ ដោយសារគាត់ទិញយកមកមុនវាថ្លៃ អីចឹងគាត់ស្តុកទុក គាត់រក្សាតម្លៃនេះមួយរយៈ ដល់ទិញអាថ្មីមក ទើបគាត់ចុះ។ ប៉ុន្តែ រឿងដែលចង់សើចនៅកន្លែងនេះ! ឮសូតែប្រេងឡើងថ្លៃនៅទីក្រុងឡុងដ៍ ឬញូយ៉កគាត់ឡើងថ្លៃប្រេងនៅភ្នំពេញភ្លាម ក្នុងពេលដែលគាត់ មិនទាន់បាននាំចូលមួយតំណក់! អាហ្នឹងដែលយល់គ្នាអត់បាន។ ខ្ញុំនឹងជួបជាមួយអ្នកលក់សាំងដោយផ្ទាល់តែម្តង ហើយកំពុងឲ្យរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មធ្វើមេគុណឲ្យខ្ញុំ ដើម្បីកំណត់និយាយជាមួយគ្នាអារឿងឡើងចុះនេះ កុំឲ្យតាមវ៉ាល់របស់ខ្លួននេះ”។

សូមបញ្ជាក់ថា បន្ទាប់ពីមានការអំពាវនាវពីសម្តេចតេជោ ហ៊ុន សែន មុនរដូវភ្ជុំបិណ្ឌ សុំឲ្យក្រុមហ៊ុនប្រេងឥន្ធនៈទាំងអស់ បញ្ចុះតម្លៃប្រេង សាំងនោះ ក្រសួងពាណិជ្ជកម្ម ក៏បានជួបប្រជុំជាមួយបណ្តាតំណាងក្រុមហ៊ុនទាំងអស់ ជាលទ្ធផលក្រុមហ៊ុន ក៏បានព្រមព្រៀងបញ្ចុះ តម្លៃប្រេងក្នុង ១លីត្រ ១០០រៀល ដោយមានក្រុមហ៊ុនចំនួន ៦ បានប្រាប់ថា ចាប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ចាប់ផ្តើម បញ្ចុះតម្លៃសាំង ហើយក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈពីរទៀត គឺក្រុមហ៊ុនតូតាល់ និងកាល់តិច បញ្ចុះតម្លៃនៅថ្ងៃទី១០តុលា៕