សម្តេចតេជោ ៖ ថៅកែរោងចក្រ មួយចំនួនបង្វែទិស ដៅពីកម្ពុជា ឆ្ពោះទៅប្រទេស មានតម្លៃពលកម្មទាប

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ថា ថៅកែរោងចក្រមួយចំនួន ដែលបោះទុនវិនិយោគ នៅស្រុកខ្មែរ លើផ្នែកវាយនភ័ណ្ឌ បានចាក ចេញពីកម្ពុជាឆ្ពោះទៅបណ្តាក់ទុន រកស៊ីនៅបណ្តាប្រទេស ដែលមានប្រាក់កម្រៃ ពលកម្មទាបជាងស្រុកខ្មែរ។

ក្នុងឱកាសចុះចែកសញ្ញាបត្រ ដល់និស្សិតនៅសកលវិទ្យាល័យ វេស្ទើននៅព្រឹកថ្ងៃទី១៩ តុលានេះ សម្តេចតេជោ បានមានប្រសាសន៍ថា ប្រាក់ខែគោលអតិប្បរមា របស់កម្មករពី១២៨ទៅ១៤០ដុល្លារ ហើយរាប់បន្ថែម ទាំងប្រាក់ អត្ថប្រយោជន៍ផ្សេងៗបានច្រើនលើសនេះទៀត។

សម្តេចបន្ថែមនៅមីយ៉ាន់ម៉ា ប្រាក់ខែកម្មករតម្លើងបាន៦៧ដុល្លារ , ឡាវ៨០ដុល្លារ , ចំណែកនៅតំបន់សេដ្ឋកិច្ច ពិសេសបង់ក្លាដែសមានត្រឹម៧៥ដុល្លារទេ។ ដោយឡែកនៅឥណ្ឌា និងនេបាល់គឺទាបជាងនេះទៅទៀត។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ចឹងទេអាចថា រោងចក្រមួយចំនួនចាកចេញ ពីកម្ពុជាតម្រង់ ទៅកន្លែង ដែលមានតម្លៃពលកម្មថោកជាង ។ តែយើងប្រឹងប្រែងធ្វើការរួមគ្នា ដើម្បីរក្សារោងចក្រទុក នៅក្នុងប្រទេស របស់យើង”។

នៅពេលខាងមុខដ៏ឆាប់នេះ ក្រុមសហជីពឯករាជ្យនៅកម្ពុជាមួយក្រុមគ្រោងនឹងជូបប្រជុំគ្នា ដើម្បីទាមទារប្រាក់ខែកម្មករ ១៦០ដុល្លារ ខណៈពួកគេមិនយល់ព្រមនូវប្រាក់១៤០ដុល្លារនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ តុលា ក្រោយពីបញ្ចប់កិច្ចពិភាក្សាលើប្រាក់ខែកម្មករប្រចាំឆ្នាំ២០១៦ អស់រយៈ ពេលពេញ មួយព្រឹក ត្រីភាគី បានសម្រេចយក១៣៥ដុល្លារ គឺជាការ កំណត់ប្រាក់គោល របស់កម្មកររោង ចក្រកាត់ដេរ និងស្បែកជើង សម្រាប់ឆ្នាំ២០១៦។ព្រមជាមួយគ្នានេះដែរ លោក អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារបានប្រកាសថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបន្ថែម៥ដុល្លារទៀត ៕

សម្តេចតេជោ ៖ ថៅកែរោងចក្រ មួយចំនួនបង្វែទិស ដៅពីកម្ពុជា ឆ្ពោះទៅប្រទេស មានតម្លៃពលកម្មទាប