ពលរដ្ឋ​ខ្មែរ​នៅ​បារាំង​គ្រោង​ធ្វើ​បាតុកម្ម​គាំទ្រ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣​តុលា

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង គ្រោង​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ ដើម្បី​គាំទ្រ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា នៅ​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​នេះ។ ប្រធាន​សមាគម​អភិវឌ្ឍន៍​សង្គមកិច្ច លោក អ៊ី បញ្ញាវុធ ដែល​ជា​តំណាង​សមាគម​មួយ​ក្នុង​ចំណោម​សមាគម​ខ្មែរ​នានា​នៅ​ប្រទេស​បារាំង ចំនួន​ជិត ១០​សមាគម ដែល​គ្រោង​ចូលរួម​បាតុកម្ម​នោះ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ទី​១៨ តុលា ថា ពលរដ្ឋ​នៅ​ប្រទេស​បារាំង មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​សកម្មភាព​ចុង​ក្រោយ​នេះ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​រំលោភ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ ដោយ​អះអាង​ថា ធ្វើ​ឲ្យ​បាត់បង់​ទឹក​ដី​កម្ពុជា ទៅ​ក្នុង​កណ្ដាប់​ដៃ​វៀតណាម ដោយ​ការ​ប្រើប្រាស់​កិច្ច​ព្រមព្រៀង​ខុស​ច្បាប់។

លោក អ៊ី បញ្ញាវុធ ថ្លែង​ថា «យើង​ទាំងអស់​គ្នា​បាន​ដឹង​ហើយ ២៣ តុលា ជា​សន្ធិសញ្ញា​មួយ​របស់​ខ្មែរ​យើង​រួបរួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​រៀបចំ​ស្រុក​ទេស​យើង​ឡើង​វិញ។ តែ​យើង​ឃើញ​ហើយ​សព្វថ្ងៃ​នេះ នៅ​ប្រទេស​កម្ពុជា យើង ការ​គោរព​សិទ្ធិ​សេរីភាព​ក្តី ឬ​អ្វីៗ​ក្តី​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​មិន​មាន​ដំណើរ​ការ​សោះ។ យើង​ចង់​សុំ​ឲ្យ​អ្នក​ដឹក​នាំ​ប្រទេស​ខ្មែរ​ហ្នឹង ទាំង​បក្ស​ប្រឆាំង យើង​ត្រូវ​គោរព ព្រោះ​ជា​ប្រយោជន៍​ប្រទេស​ជាតិ ហើយ​ជា​អាយុ​ជីវិត​ទៅ​ទៀត។ យើង​មើល​ទៅ ឆ្នាំ​នេះ​អត់​ស្រួល​ទេ កាន់​តែ​ដុនដាប អំណាច លោក ហ៊ុន សែន ខ្លាំង​មែន​ទែន សង្កត់​យក​រឿង​ព្រំដែន អត់​មាន​នរណា​ហ៊ាន​និយាយ​ទេ សូម្បី​គណបក្ស​ផ្សេងៗ​ទៀត​ខ្លាច គឺ​យើង​ស្ថិត​នៅ​ក្នុង​គំនាប​មួយ​ខ្លាច អត់​ហ៊ាន​ធ្វើ​អ្វី​ទេ»

លោក អ៊ី បញ្ញាវុធ បន្ត​ថា តាម​គម្រោង ពលរដ្ឋ​ដែល​គេ​រំពឹង​ថា នឹង​ចូលរួម​ប្រមាណ ៥០០​នាក់ នឹង​ជួប​ជុំ​គ្នា​ពេល​ព្រឹក​នៅ​វត្ត​ពោធិ៍វង្ស ដើម្បី​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​វិញ្ញាណក្ខន្ធ​ដល់​វីរ​បុរស​នារី ដែល​បាន​បូជា​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ ហើយ​នៅ​ពេល​ថ្ងៃ​ត្រង់ បាតុករ​ទាំង​នោះ​នឹង​បន្ត​ដំណើរ​ទៅ​ទីលាន​នៃ​សិទ្ធិ​មនុស្ស នៅ​ត្រូកាដេរ៉ូ ដើម្បី​ចូលរួម​មហា​បាតុកម្ម​គាំទ្រ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ថ្កោលទោស​របប​ដឹក​នាំ​របស់ លោក ហ៊ុន សែន និង​ពួក​អាណានិគម​និយម​វៀតណាម ដែល​បាន​រំលោភ​បំពាន​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​លើ​សិទ្ធិ​មូលដ្ឋាន​នៃ​ប្រជាពលរដ្ឋ និង​ជាតិ​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។