ប៉េ​អឹ​ម​ចាប់ផ្តើម​ចាត់វិធានការ​ត្រួតពិនិត្យ​យានជំនិះ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​

​កាលពី​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ចេញ​សេចក្តីណែនាំ​មួយ​លេខ​០៩/២០១៥​សណ​ន​ ចុះហត្ថលេខា​ដោយ​លោក​ឧត្តមសេនីយ៍ឯក​ វង្ស​ ពិ​សេន​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ស្តី​ពី​ការ​ត្រួតពិនិត្យ​ស្លាក​លេខ​ខេមរភូមិន្ទ​(​ខ​.​ម​)​លើ​មធ្យោបាយ​ប្រើប្រាស់​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ តាម​បទបញ្ជា​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​បាន​លើក​ឡើង​ក្នុង​អង្គប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​០៩​ខែ​ និង​ទិស​ដៅ​ការងារ​ត្រីមាស​ទី​៤​ ឆ្នាំ​២០១៥​ ដោយ​ដាក់​ចេញ​នូវ​វិធានការ​ត្រួតពិនិត្យ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ប្រើប្រាស់​ស្លាក​លេខ​ខេមរភូមិន្ទ​ខុសច្បាប់​ ។​

​សេចក្តីណែនាំ​បាន​បញ្ជាក់​ថា​ ក្រុមការងារ​ត្រួតពិនិត្យ​ត្រូវ​អនុវត្តន៍​ការ​ត្រួតពិនិត្យ​ចាប់ពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ខាង​មុខ​តទៅ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ យោង​តាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ និង​ប្រកាស​របស់​ក្រសួងការពារជាតិ​លេខ​០៦៤/២០០៩​ ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​ចេញ​ប័ណ្ណ​ ស្លាក​លេខ​ចរាចរណ៍​ និង​សញ្ញា​សំគាល់​ស្ថាប័ន​ កងឯកភាព​ ក្នុង​កង​យោធពលខេមរភូមិន្ទ​ គឺ​យានជំនិះ​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ ជា​យានយន្ត​របស់​ក្រសួងការពារជាតិ​ ប្រើប្រាស់​សម្រាប់​នៅ​សមរភូមិ​ និង​ការងារ​ការពារ​ជាតិ​ (​ដឹក​ជញ្ជូន​កងទ័ព​ និង​សម្ភារៈ​ទ័ព​)​ ដោយ​ត្រូវ​លាប​ពណ៌​ត្រេ​អ៊ី​ ឬ​ពណ៌​អ្វី​ផ្សេង​ជា​ពណ៌​ពិសេស​សម្រាប់​កងទ័ព​ ហើយ​លេខ​កូដ​សំគាល់​របស់​កងរាជអាវុធហត្ថ​(​ប៉េ​អឹ​ម​)​ គឺ​លេខ០៩)(​ខេមរភូមិន្ទ​០៩)​ ។​

​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ នា​ពេល​កន្លង​មក​ រហូត​ទល់​បច្ចុប្បន្ន​ យានយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ មាន​រូបភាព​អនាធិបតេយ្យ​សម្បើម​ណាស់​ ដោយ​បាន​រំលោភ​បំពាន​លើ​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ និង​អាច​ក្លាយជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ជា​ហូរហែ​ទៀត​ផង​ ៕​

ប៉េ​អឹ​ម​ចាប់ផ្តើម​ចាត់វិធានការ​ត្រួតពិនិត្យ​យានជំនិះ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ប៉េ​អឹ​ម​ចាប់ផ្តើម​ចាត់វិធានការ​ត្រួតពិនិត្យ​យានជំនិះ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​