ថ្ងៃនេះការប្រកួតប្រដាល់ជើងឯកជាតិបានចាប់ផ្ដើមហើយ

ភ្នំពេញ:    ​ភ្នំពេញ​:​ការប្រកួត​កីឡាប្រដាល់​ជើងឯក​ជាតិ​ឆ្នាំ​២០១៥​បានចាប់ផ្ដើម​ហើយ ​នៅ​រសៀល​ថ្ងៃទី​១៩​តុលា​នេះ​ បន្ទាប់​ពីមន្ត្រី​បច្ចេកទេស​បានធ្វើ​ការបែងចែក​ពី​ក្របខ័ណ្ឌ​របស់​អ្នក​ ប្រដាល់​ទាំងនោះ​ចប់​នោះ ។​    ​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​ជួបប្រជុំ​ជាមួយ​គ្រូបង្វឹក និង អ្នក​បច្ចេកទេស​ដែល​ចូលរួម​ការប្រកួត​នេះ​នៅ​ថ្ងៃទី​១៩​តុលា​នា​ស្ដា​ត​ អូឡាំពិក ។​

​    ​លោក​បាន​សំណូមពរ​ឲ្យ​គ្រូបង្វឹក​-​មន្ត្រី​ដឹកនាំ​ត្រូវ​ណែនាំ​កីឡាករ​ របស់ខ្លួន​ឲ្យ​គោរព​វិន័យ​កន្លែង​ស្នាក់​នៅក្នុង​អម្លុងពេល​ប្រកួត ត្រូវមាន​អនាម័យ​ក្នុងការ​សម្រាក ហូបចុក និង​ត្រូវ​ទៅ​ឲ្យ​ទាន់ពេល​ថ្លឹង និង ពេល​ប្រកួត ។​លោក​បាន​បញ្ជាក់ថា​ក្នុងអម្លុងពេល​ប្រកួត​នេះ​លោក​បានដាក់​ពេទ្យ​ឲ្យ​ ប្រចាំការ ២៤​ម៉ោង​ក្នុង​ទីស្នាក់ការ​សហព័ន្ធ​តែម្ដង ។​

​    ​សម្រាប់​ការប្រកួត​ឆ្នាំនេះ​សហព័ន្ធ​បានដាក់​ឲ្យ​មានការ​ប្រកួត​ប្រដាល់​ សាកល​នារី​ដែលមាន​នារី ៨ រូប​ចូលរួម​ប្រកួត​ហើយ​ការប្រកួត​សម្រាប់​នារី​មានតែ មួយ​ប្រភេទ​ទម្ងន់​ប៉ុណ្ណោះ ។​ចំពោះ​កីឡាប្រដាល់​សាកល​បុរស​មាន​ចំនួន​២២១​នាក់ ចែកជា ២ ក្របខ័ណ្ឌ​គឺ​ក្របខ័ណ្ឌ ក​-១ និង ក​-២ ។​ប្រដាល់​ក្បាច់គុន​បូរាណ​ខ្មែរ​៣១៦​នាក់​ចែកជា​ក្របខ័ណ្ឌ ក​-១ និង ក​-២​ដែរ ។​

​    ​ការ​ថ្លឹង​ទម្ងន់​បានធ្វើ​ពេញ​មួយ​ព្រឹក​ថ្ងៃទី​១៩​តុលា​ក្រោម​ ការត្រួតពិនិត្យ​យ៉ាង​ប្រយ័ត្នប្រយែង​ពី​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ ។​