បំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តឧត្ដរមានជ័យ បង្ហាញ​ពី​ការរើសអើង​ផ្នែក​នយោបាយ​គួរ​ឲ្យ​ព្រួយបារម្ភ​

​កាល​ពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​១​ផ្ទាំង នៅក្នុង​ភូមិ​សំបួរមាស សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ត្រូវបាន​ក្រុមមនុស្ស​ប្រមាណ​២០​នាក់​នាំគ្នា​ដុតបំផ្លាញ​ក្រោម​ហេតុផល​ថា​គ្មាន​ជំនឿ​លើ​គណបក្សប្រឆាំង​។ បញ្ហា​នេះ​ក្នុងនាម​លោក សរ ថា​វី ជា​អភិបាលខេត្ត​ឧត្ដរមានជ័យ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បញ្ហា​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ចំណុច​នេះហើយ​ដែល​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​រិះគន់ថា ការបំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រុង​សំរោង ជាការ​រើសអើង​ផ្នែក​នយោបាយ​គួរ​ឲ្យ​ព្រួយបារម្ភ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រុ​សំរោង លោក ឃុំ សុខុន បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល​ប៉ុស្តិ៍​សង្កាត់​បន្សាយ​រាក់ ឈ្មោះ សំ និង​អធិការនគរបាល​ក្រុង​សំរោង ឈ្មោះ ស៊ុន សាន្ត មិន​ទទួលយក​ពាក្យបណ្ដឹងរ​បស់​លោក​ដែល​ប្ដឹង​ឲ្យ​ជួយ​រក​យុត្តិធម៌​ករណី​ដុតបំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ហើយ​ជំរុញ​ឲ្យ​ប្ដឹងទៅ​សាលាក្រុង​សំរោង​វិញ​។ លោក ឃុំ សុខុន បាន​លើកឡើងថា ការមិន​ទទួលយក​ពាក្យបណ្ដឹងរ​ប​ស់លោក គឺជា​ការ​លំអៀង​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុងខណៈដែល​ជនដៃដល់​ឈ្មោះ កែន កុសល និង​ឈ្មោះ ម៉ៃ ខៈ ត្រូវគេ​ស្គាល់​ថា​ជា​អ្នកគាំទ្រ​គណបក្សកាន់អំណាច​។ ចំណែក​លោក ស៊ុន សាន្ត អធិការនគរបាល​ក្រុង​សំរោង បាន​ដោះសា​រថា ករណីនេះ​មិនមែនជា​តួនាទី​របស់ខ្លួន ហើយ​ថា​ករណី​ដុតបំផ្លាញ​គណបក្សប្រឆាំង​នោះ​ជា​រឿង​នយោបាយ​។

​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ករណី​ដុតបំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រុង​សំរោង គឺជា​បទល្មើស​ជាក់ស្ដែង ហើយ​ការដែល​សមត្ថកិច្ច​មិន​ចាត់ការ​តាមច្បាប់​គឺជា​ការរើសអើង​នយោបាយ​។ មជ្ឈដ្ឋាន​នានា​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ថា បើ​សមត្ថកិច្ច​ប្រកាន់​បក្ខពួក ប្រកាន់​និន្នាការ នយោបាយ​បែបនេះ អាច​នាំ​ឲ្យ​ជនល្មើស​បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ​តាម​អំពើ​ចិត្ត​។ ក្រុម​អ្នកសង្កេតការណ៍​បាន​កត់សម្គាល់ថា​នៅក្នុង​ខេត្តឧត្ដរមានជ័យ ដែលមាន​លោក សរ ថា​វី ជា​អភិបាលខេត្ត និង​ជាម​ន្ត្រី​យោធា​ជាន់ខ្ពស់​ផង​នោះ មានការ​រើសអើង​នយោបាយ​យ៉ាងខ្លាំង រហូត​បង្ក​ឲ្យ​មាន​ករណី​ដុតបំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ យ៉ាង​កំរោល​បំផុត​៕

Use for Font Limon for Microsoft Office 2000 & Xp.