​ជនជាតិ​យួន​រស់​នៅតាម​មាត់ទន្លេ​ក្នុង​ក្រុង​ស្ទឹងត្រែង​រង​ការចោទប្រកាន់ថា​ជួញដូរ​ឈើ​ប្រណីត​

​ប្រភពព័ត៌មាន​ពី​ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ការធ្វើ​អាជីវកម្ម​កែច្នៃ​ឈើ​ប្រណីត និង​ផលប៉ះពាល់​ដល់​បរិស្ថាន​ដែល​កើតចេញពី​ការរស់នៅ​របស់​ជនជាតិ​យួន​មាន​ច្រើន​អនេក ហើយ​ពួកគេ​ជា​អ្នកជួញដូរ និង​កែច្នៃ​ឈើ​ណី​ត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ច្រើន​ឆ្នាំ​មកហើយ​ដែល​បញ្ហា​នេះ បើ​អាជ្ញាធរ​ខ្មែរ​មិន​ពាក់ព័ន្ធ ឬ​ទទួលបាន​ផលប្រយោជន៍ ក៏​ជនជាតិ​យួន​ទាំងនោះ​មិនអាច​ធ្វើអំពើ​ល្មើសច្បាប់​បានដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ពីមុន​ទឹកទន្លេ​ស្អាត​ណាស់ តែ​បច្ចុប្បន្ន សូម្បីតែ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជិះទូក​តាម​មាត់ទន្លេ ក៏​ធុំ​ក្លិនស្អុយ​ដែរ​។ ប្រជាពលរដ្ឋ​ក្រុង​ស្ទឹងត្រែង​បាន​បញ្ជាក់ថា​ជនជាតិ​យួន​ទាំងនោះ បាន​បន្ទោ​របង់ និង​ចោល​កាកសំណល់​រឹង​រាវ​ចូល​ទន្លេ ដែលជា​ប្រភព​នៃ​ប៉ារ៉ាស៊ីត និង​មេរោគ​ឆ្លង​ផ្សេងៗ​ដល់​អ្នកប្រើប្រាស់​ទឹក​។​

ជុំវិញ​បញ្ហា​នេះ ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាន​រៀបរាប់ថា បើ​អាជ្ញាធរ​នៅតែ​ព្រងើយកន្តើយ​មិន​ជម្លៀស​ពលរដ្ឋ​យួន​ដែល​រស់​នៅតាម​មាត់ទន្លេ​នៅ​ក្រុង​ស្ទឹងត្រែង​ឲ្យ​បាន​ឆាប់​ទេនោះ ផលប៉ះពាល់​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ប្រភព​ដដែល​បាន​ត្អូញត្អែរថា ពលរដ្ឋ​យួន​អាច​រស់នៅ​ស្រុក​ខ្មែរ​បាន​ដោយ​សេរី និង​អាច​បើក​អាជីវកម្ម​ដូចជា​សិប្បកម្ម​ផ្សេងៗ ភាគច្រើន​តាម​មាត់ទន្លេ និង​តាម​ទីប្រជុំជន តែ​អាជ្ញាធរ​ខ្មែរ​បែរជា​គ្មាន​ចំណាត់ការ​ឲ្យ​មាន​ប្រសិទ្ធភាព នោះទេ គឺ​គ្រាន់តែ​ចាប់​ជនជាតិ​យួន​ចំនួន​តិចតួច​រួច​ថត​ដាក់​ទូរទស្សន៍​ឲ្យ​ប្រជាពលរដ្ឋ​មើល ខណៈ​នៅតាម​ព្រំដែន​ជនជាតិ​យួន​អាច​ឆ្លងដែន​ចូលមក​ប្រទេស​ខ្មែរ​បាន​យ៉ាង​ងាយស្រួល​បំផុត​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ជនបរទេស​អាច​ចូល​ប្រទេស​កម្ពុជា​បាន​យ៉ាង​ងាយស្រួល តែ​ជនជាតិខ្មែរ បើទោះជា​ទៅធ្វើ​ពលករ​នៅ​បរទេស​ស្របច្បាប់​ក៏​ពិបាក​ដែរ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ សកម្មជន​សិទ្ធិមនុស្ស​នៅ​ខេត្តស្ទឹងត្រែង​បាន​កត់សម្គាល់ថា ពលរដ្ឋ​ដែល​រស់​នៅតាម​មាត់ទន្លេ​ក្រុង​ស្ទឹងត្រែង ភាគច្រើន​ជា​ពលរដ្ឋ​យួន ប្រកប​របរ​នេសាទ ជាង​កែច្នៃ​គ្រឿងសង្ហារិម និង​ជួញដូរ​ឈើ​ប្រណីត​ដែល​បញ្ហា​នេះ គឺ​បណ្តា​លពី​ប្រព័ន្ធ​ច្បាប់​កម្ពុជា​នៅ​ទន់ខ្សោយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​រដ្ឋាភិបាល​គួរ​រឹតបន្តឹង​ការហូរចូល​ជនជាតិ​យួន​ចូលមក​ប្រទេស​កម្ពុជា ព្រោះ​ការ​បណ្តែតបណ្តោយ​ឲ្យ​ជនជាតិ​យួន​ហូរ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា ហើយ​ចាំ​ដោះស្រាយ​បញ្ហា​ដូច​ករណី​នៅ​ក្រុង​ស្ទឹងត្រែង​នេះ វា​មាន​លក្ខណៈ​ស្មុគស្មាញ​ណាស់​៕

image