ឥណ្ឌា៖ ​កុមារី​​អាយុ​២ឆ្នាំ និង​៥ឆ្នាំ ​ត្រូវ​បាន​រំលោភ​«ទៀត»

កុមារីពីរនាក់ ម្នាក់អាយុ២ឆ្នាំ និងម្នាក់ទៀតអាយុ៥ឆ្នាំ ត្រូវបានរំលោភយ៉ាងព្រៃផ្សៃ នៅយប់​ថ្ងៃ​សុក្រ ចូល​មក​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ នៅរដ្ឋធានី ញូដេលី ប្រទេសឥណ្ឌា។ បណ្ដាជនបានប្រមូលគ្នា មកជួបជុំនៅមុខ​គេហដ្ឋាន របស់​កុមារី​រង​គ្រោះ ដែល​មានវ័យ​ក្មេង​ជាង​គេ ដើម្បីធ្វើការបរិហា ពីអសមត្ថភាពរបស់អាជ្ញាធរ នៅចំពោះ​ការ​ចាប់​រំលោភ ដែល​ចេះ​តែ​កើត​ជា​បន្ត​បន្ទាប់។
ឥណ្ឌា៖  ​កុមារី​​អាយុ​២ឆ្នាំ និង​៥ឆ្នាំ ​ត្រូវ​បាន​រំលោភ​«ទៀត»
ជីដូនរបស់កុមារីម្នាក់ ដែលរងការរំលោភ កាលពីយប់ថ្ងៃសុក្រ កំពុងខ្ទប់មុខយំ។ (រូបថត AFP)

ហេតុការណ៍ដ៏តក់ស្លុតថ្មី ចំនួនពីរដាច់ដោយឡែកពីគ្នា បានបន្ថែមចំនួន ទៅក្នុងបញ្ជីនៃការចាប់រំលោភ​សេព​សន្ធវៈ ដែលកើតមានជាហូរហែរ នៅក្នុងប្រទេសឥណ្ឌា។ កុមារីពីរនាក់ ម្នាក់អាយុទើបនឹងបាន ២ឆ្នាំកន្លះ និង​ម្នាក់ទៀតអាយុ៥ឆ្នាំ ត្រូវបានចាប់រំលោភ នៅកណ្ដាលរដ្ឋធានី ញ៉ូដេលី កាលពីយប់ថ្ងៃសុក្រ ចូលមកថ្ងៃ​សៅរ៍ បង្កឲ្យមានការតក់ស្លុត និងរលកខឹកសម្បារមួយ ផ្ទុះឡើងពីសំណាក់បណ្ដាជន។

ម្នាក់ ក្នុងចំណោមកុមារីទាំងពីរ ត្រូវបានរំលោភបូក (ជាក្រុម)...

កុមារីដែលក្មេងជាងគេ ត្រូវបានចាប់ពង្រត់ចេញទៅ ដោយជនពីរនាក់ នៅក្នុងកម្មវិធីសាសនាមួយ ប្រព្រឹត្តិ​ទៅ​នាភាគខាងលិច នៃរដ្ឋធានី កាលពីយប់ថ្ងៃសុក្រ។ នាងតូចត្រូវបានរំលោភ យ៉ាងព្រៃផ្សៃ មុននឹងនាងត្រូវ​គេ​បោះ​បង់ចោល នៅក្នុងសួនឧទ្យានមួយ។ នេះបើតាមការអះអាង របស់នគរបាល និងញាតិមិត្តរបស់កុមារី។ នាយ​នគរបាលប្រចាំតំបន់ បាននិយាយថា កុមារីត្រូវបានរកឃើញ ស្ថិតក្នុងថ្លុកឈាម នៅប៉ុន្មានម៉ោង​ក្រោយការ​បាត់​ខ្លួន។ ការពិនិត្យទៅលើរាងកាយរបស់នាង បានឲ្យដឹងថា នាងតូចដែលមានអាយុ ទើបនឹងបាន២ឆ្នាំកន្លះ ត្រូវ​បានរំលោភ យ៉ាងហោចមួយដង។

ទូរទស្សន៍ «NDTV» បានផ្សាយឲ្យដឹងថា ជនសង្ស័យទាងពីរនាក់នេះ ត្រូវបានចាប់ខ្លួនហើយ នៅក្នុងផ្ទុះ​ដែល​ពួកគេរស់នៅ ក្នុងសង្កាត់តែមួយ នឹងកុមារីអាយុ២ឆ្នាំ ដែលជនសង្ស័យទាំងពីរ បានចាប់រំលោភ។ នគរបាល​បាននិយាយ ប្រាប់ទូរទស្សន៍ថា អាជ្ញាធរ បានចាប់ខ្លួនជនទាំងពីរ ដែលមានអាយុ១៧ឆ្នាំ ដោយយោង​តាម​រូបភាព នៅក្នុងកាម៉េរ៉ាសុវត្ថិភាព ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីផ្ទះរបស់កុមារី។

ចំណែកកុមារីម្នាក់ទៀត ដែលមានអាយុ៥ឆ្នាំ ត្រូវបានរំលោភបូក (ជាក្រុម) យ៉ាងអាណោចអាធម ដោយក្រុម​បុរស​៣នាក់ នៅក្នុងតំបន់«Anand Vihar» ភាគខាងកើតនៃរដ្ឋធានី ញ៉ូដេលី ក្នុងយប់ថ្ងៃសុក្រដដែល។ ទីភ្នាក់ងារ​សាព័ត៌មានបារាំង (AFP) បានស្រង់ប្រភព ពីនគរបាលនៅតំបន់នោះ មកបញ្ជាក់ឲ្យដឹងថា បុរសអ្នក​ជិតខាងទាំងនោះ បានលួងលោមកុមារីចូលទៅក្នុងផ្ទះ ហើយបានចាប់នាងតូចរំលោភ។ ប្រភពដដែល បាន​ថ្លែងឡើងថា៖ «ខោអាវរបស់នាង ត្រូវបានទាញឲ្យរហ័ក មួយចំហៀង ជាមួយស្នាមឈាមពាសពេញ។ គេ​បាន​រកឃើញនាង ហើយនាងបាននិយាយថា នាងត្រូវបានគេចាប់រំលោភ។»

ភ្លាមនោះ ហ្វូងមនុស្សបានចូលទៅក្នុងផ្ទះបុរសនោះ ហើយបានចាប់ខ្លួនបុរសសង្ស័យទាំងបី មកប្រគល់​ឲ្យ​នគរបាល។ ការត្រួតពិនិត្យ ទៅលើរាងកាយរបស់កុមារីអាយុ៥ឆ្នាំ បានបង្ហាញថា នាងត្រូវបានរំលោភ ជាច្រើន​ដង។ នេះជាការអះអាង របស់ប្រភពនគរបាលខាងលើ ដែលសុំលាក់ មិនបញ្ចេញឈ្មោះ។

បណ្ដាជនផ្ទុះការក្ដៅក្រហាយ!

កុមារីទាំងពីរ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ហើយមិនមានគ្រោះថ្នាក់ ដល់ជីវិតទេ។ ប៉ុន្តែនៅតាម​ដងផ្លូវវិញ ហ្វូងមនុស្សបានជ្រួលច្របល់ ហើយបានប្រមូលគ្នា រាប់រយនាក មកជួបជុំនៅមុខផ្ទះកុមារី ដែល​មាន​វ័យក្មេងជាងគេ ដើម្បីធ្វើការបរិហា ពីសមត្ថភាពរបស់នគរបាល ដែលមិនបានធ្វើអ្វីទាំងអស់ ក្នុងការ​បញ្ឈប់​ទង្វើទាំងនេះ។

ចំពោះអភិបាលរដ្ឋធានី ញ៉ូ ដេលី លោក «Arvind Kejriwal» វិញ បានច្រានចោលការទទួលខុសត្រូវ ហើយ​បានទម្លាក់កំហុស ទៅរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី «Narendra Modi»។ លោកបានសរសេរ នៅលើ​បណ្ដាញសង្គមទ្វីសធើរថា៖ «ការកើនឡើង នៃការចាប់រំលោភ នៅលើកុមារ ជាអំពើ​គួរ​ឲ្យ​ខ្មាសអៀន និងគួរ​ឲ្យ​ស្អប់ខ្ពើម។ នគរបាលនៃរដ្ឋធានី ញ៉ូ ដេលី បានបរាជ័យទាំងស្រុង ទៅការធានាសុវត្ថិភាព។ តើនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលរបស់គាត់ បានធ្វើអ្វីខ្លះ?»