តេជោ សែន៖ កម្ពុជា ពុំមានការ ស្នងតំណែងពីឪពុក ទៅកូន ដូចការតែងតំាង ព្រះរាជទាយាទ ក្នុងប្រទេសរាជានិយមទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជំហយ៉ាងច្បាស់ជាសាធារណៈ ថាការជ្រើសរើសនាយករដ្ឋមន្រ្តី នៅក្នុងប្រទេសកម្ពុជា ត្រូវធ្វើឡើងដោយការបោះឆ្នោតតាមច្បាប់ នៃរបបប្រជាធិបតេយ្យ ហើយពុំមានការស្នងតំណែងពីឪពុក ទៅកូន ដូចជាការតែងតំាងព្រះរាជទាយាទ ក្នុងប្រទេសរាជានិយមមួយចំនួននោះទេ។ ការបញ្ជាក់ជំហរ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងពីធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើន នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៩ ខែតុលា នេះ ខណៈដែលទូរទស្សន៍អូស្ត្រាលី បានសួរទៅកាន់លោក ហ៊ុន ម៉ាណែត ថាតើចង់ស្នងតំណែងពីឪពុកឬអត់?

សម្តេច បានមានប្រសាសន៍បញ្ជាក់ថា “ប្រទេសប្រជាធិបតេយ្យ អាណាទៅស្នង ប្រទេសប្រជាធិបតេយ្យ វាទៅជាស៊ីសងលើការបោះឆ្នោត វាមិនចំនុះទៅលើការផ្ទេរ ដូចជាការតែងតំាងព្រះរាជទាយាទ ឲ្យស្នងរាជ្យជំនួស ដូចប្រទេសរាជានិយម សូម្បីតែព្រះមហាក្សត្រនៅប្រទេសយើង គឺប្រទេសរបស់យើង រាជានិយមជ្រើសតាំង ព្រះមហាក្សត្រគ្មានសិទ្ធិ តែងតំាងព្រះរាជទាយាទឲ្យគ្រងរាជជំនួសនោះទេ អ្នកដែលជ្រើសរើស ព្រះមហាក្សត្រ គឺក្រុមប្រឹក្សារាជ្យសម្បត្តិនោះទេ ត្រូវយល់ន័យត្រង់កន្លែងហ្នឹង”។

សម្តេចបានមានប្រសាសន៍ បញ្ជាក់បន្ថែមទៀតថា “កន្លងមក អ្នកខ្លះបំផុស សុទ្ធតែ ខ្លះ ហ៊ុន ម៉ាណែត ខ្លះហ៊ុន ម៉ានិត ខ្លះហ៊ុន ម៉ានី ត្រូវធ្វើជានាយករដ្ឋមន្រ្តី បើចឹងចំាបាច់ទៅអនុវត្តដំណើរការបោះឆ្នោតធ្វើអី កូនវាចេះឆ្លើយខ្លួនវាហើយ គ្រាន់តែយើងពន្យល់បន្ថែម កុំឲ្យបន្ត តភាគ”។ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ទូរទស្សន៍ ABC អូស្ត្រាលី បានធ្វើកិច្ចសម្ភាសន៍ដ៏កម្រមួយ ជាមួយ លោក ហ៊ុន ម៉ាណែត ក្នុងដំណើរ ទស្សនៈកិច្ចទៅបំពេញបេសកកម្ម នៅប្រទេសអូស្ត្រាលី អំពីជំហរបស់លោកចំនួន៣ចំណុច ពាក់ព័ន្ធទៅនឹងការដឹកនាំប្រទេសកម្ពុជា ទី១.ថាតើលោករំពឹងថា លោកនឹងស្នងតំណែងឪពុករបស់លោក? ទី២.តើលោក ចង់ក្លាយជានាយករដ្ឋមន្រ្តី? និងទី៣.តើលោកចង់ដឹកនាំ ប្រជាជនរបស់លោកទេ?

លោក ហ៊ុន ម៉ាណែត បានឆ្លើយតបទៅកាន់ TV ABC ថា ប្រទេសកម្ពុជា ជាប្រទេសប្រកបដោយ លទិ្ធប្រជាធិបតេយសេរីពហុបក្ស ហើយរដ្ឋធម្មនុញ្ញបានចែងថា យើងមានការបោះឆ្នោតរាល់៥ឆ្នាំម្តង ដូចការជ្រើសរើសនិងការសម្រេចចិត្តថា នរណាជាអ្នកដឹកនាំហើយ និងនៅពេលណា គឺស្ថិតលើប្រជាជនកម្ពុជា។ ចំពោះចំឡើយចង់ក្លាយជានាយករដ្ឋមន្រ្តី លោកមិនអាចឆ្លើយបាន និងមិនដឹងទេ។ លោកគិតថា ជាថ្មីម្តងទៀត វាជាការចង់បាន និងការសម្រេចរបស់ប្រជាជន។ ហើយប្រសិនប្រជាជនកម្ពុជាចង់បានដូចនេះ យើងធ្វើតាមការចង់បាន របស់ពួកគាត់៕