ក្រសួងដែនដីផ្ដល់ ជំនួយបច្ចេកទេស ដល់រដ្ឋបាលថ្នាក់ ក្រោមជាតិ រៀបចំប្លង់គោល

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៥នេះ បាន សហការជាមួយ ដៃគូអភិវឌ្ឍន៍នានា ដើម្បីផ្ដល់ការគាំទ្រ ផ្នែកបច្ចេកទេស ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់កសាងផែនការ រៀបចំដែនដី ប្លង់គោល និងផែនការប្រើប្រាស់ ដីស្ទើរគ្រប់កម្រិត។

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានថ្លែងក្នុងសិក្ខាសាលាស្ដីពី ក្របខណ្ខយុទ្ធសាស្រ្តជាតិ ស្ដីពី ការអភិវឌ្ឍន៍ទីក្រុង-ទីប្រជុំជន នាសណ្ឋាគារភ្នំពេញថា ក្រសួងបានសហការ ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បី ផ្ដល់ការគាំទ្រ ផ្នែកបច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកសាងផែនការ រៀបចំដែនដីប្លង់គោល និង ផែនការប្រើប្រាស់ដី ស្ទើរគ្រប់កម្រិតក្នុងនោះ ផែនការរៀបចំដែនដីតំបន់ឆ្នេរសមុទ្រកម្ពុជា, ផែនការរៀបចំដែន ដីថ្នាក់ខេត្ត, ប្លង់គោលរាជធានី ភ្នំពេញ, ប្លង់គោលប្រើប្រាស់ដី, ផែនការប្រើប្រាស់ដីក្រុង ស្រុក ខណ្ឌ, និងទីប្រជុំ ជនចំនួន៤៣ ផែនការប្រើប្រាស់ដីថ្នាក់ ឃុំចំនួន១២៨ និងកំពុងបន្តសិក្សារៀបចំ អនុម័តប្លង់គោល និងផែនការ ប្រើប្រាស់ដីជាបន្ទាប់ទៀត។

ប្រភពដដែលបន្ថែមថា “លទ្ធផលនៃនគរូបនីយកម្ម បានរួមចំណែកធ្វើឲ្យការវិនិយោគ វិស័យសំណង់មាន កំណើន ជារៀងរាល់ឆ្នាំជាក់ស្ដែងក្នុងរយៈពេល៩ខែឆ្នាំនេះ មាន១៥៣២គម្រោង ផ្ទៃក្រឡាសំណង់៤ ៥៩០ ៣៧៦ម៉ែត្រការេ មានតម្លៃប៉ាន់ស្មាន ១ ៧៥២ លានដុល្លារសហរដ្ឋអាម៉េរិក បើប្រៀបធៀបក្នុងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០១៤ មានការកើនឡើងប្រមាណ ១៣,៧៥%”។

ក្រសួងដែនដីក៏បានសំណូមពរដល់រាជរដ្ឋាភិបាលជប៉ុន ធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធបន្តជួយ គាំទ្រ មូលនិធិសិក្សារៀបចំបញ្ចប់កម្រិតលម្អិតនូវយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទីក្រុង-ទីប្រជុំជន ពេញលេញ និងការបណ្ដុះ បណ្ដាល នៅក្របខណ្ឌទូទាំងប្រទេស ជាបន្តនៅពេលបញ្ចប់គម្រោង ជំនួយបច្ចេក ទេសសម្រាប់ការកសាង សមត្ថភាពគ្រប់គ្រងទីក្រុងទីប្រជុំជនដែលបានបញ្ចប់កាលពីខែមេសាឆ្នាំ២០១៥ ហើយបានបន្តបន្ថែមរហូតដល់ថ្ងៃនេះ៕

ក្រសួងដែនដីផ្ដល់ ជំនួយបច្ចេកទេស ដល់រដ្ឋបាលថ្នាក់ ក្រោមជាតិ រៀបចំប្លង់គោល

ក្រសួងដែនដីផ្ដល់ ជំនួយបច្ចេកទេស ដល់រដ្ឋបាលថ្នាក់ ក្រោមជាតិ រៀបចំប្លង់គោល

ក្រសួងដែនដីផ្ដល់ ជំនួយបច្ចេកទេស ដល់រដ្ឋបាលថ្នាក់ ក្រោមជាតិ រៀបចំប្លង់គោល