អាជីវករ​ផ្សារ​លើ​ខេត្ត​កំពង់ឆ្នាំង​មិន​ពេញ​ចិត្ត​នឹង​ការ​បែង​ចែក​កន្លែង​លក់​ដូរ​ថ្មី

គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ផ្សារ​លើ ខេត្ត​កំពង់ឆ្នាំង ចុះ​វាស់​ទី​កន្លែង​បែង​ចែក​កន្លែង​លក់​ដូរ​ជូន​អាជីវករ​លក់​ដូរ​សេរី​ជាង ៤០០​កន្លែង។ អាជីវករ​ខ្លះ មិន​ពេញ​ចិត្ត​នឹង​ការ​វាស់វែង​ដី​បែង​ចែក​នេះ​ឡើយ ដោយ​ត្អូញត្អែរ​ថា កន្លែង​លក់​ដូរ​ដែល​បែង​ចែក​ថ្មី​មាន​ទំហំ​តូច​ពេក។

ក្រុម​មន្ត្រី​នៃ​គណៈកម្មការ​ដែល​អម​ដំណើរ​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​កំណត់​រយៈពេល​ពីរ​សប្ដាហ៍ គិត​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ដើម្បី​ក្រាល​សាប​កន្លែង​លក់​ត្រី និង​បែង​ចែក​ទីតាំង​លក់​ដូរ​ជូន​អាជីវករ​នៅ​ប៉ែក​ខាង​ត្បូង និង​ខាង​ជើង​ផ្សារ​លើ។ អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន​វិនិយោគ​ផ្សារ អះអាង​ស្រដៀង​គ្នា​ថា ការ​កំណត់​ទំហំ​កន្លែង​លក់​ដូរ​នេះ គឺ​មាន​ភាព​ស្មើ​គ្នា​សម្រាប់​អាជីវករ​គ្រប់​រូប។

អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែង​ថា ការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​កន្លែង​លក់​ដូរ​នេះ គឺ​សំដៅ​លើក​កម្ពស់​អនាម័យ សោភ័ណភាព​ផ្សារ និង​អាច​ជួយ​សម្រួល​ដល់​ការ​លក់​ដូរ​របស់​អាជីវករ​ផង។ លោក​ថា អាជីវករ​បាន​ព្រមព្រៀង​អនុវត្ត​គោលការណ៍​ចំនួន ១១​ចំណុច ហើយ​ចំណុច​ទាំងអស់​នេះ បាន​អនុវត្ត​នៅ​តែ​ពីរ ឬ​បី​ចំណុច​ទៀត​ប៉ុណ្ណោះ៖ «សុំ​គាត់​លក់​រាល់​ថ្ងៃ​អត់​មាន​រោង ពេល​ឆត្រ​ត្រូវ​ភ្លៀង​ត្រូវ​ខ្យល់​ដាច់​រហែក មើល​ទៅ​អត់​មាន​សណ្ដាប់ធ្នាប់​ល្អ ហើយ​ទី​២ វា​អត់​មាន​អនាម័យ​ពេល​ខែ​វស្សា​ភ្លៀង​មក មាន​ភក់​ជ្រៀត​ចូល​បន្លែ។ អ៊ីចឹង​យើង​ចង់​រៀប​រោង​នេះ គឺ​មិន​មែន​ទៅ​រៀប​រោង​ខ្នាត​ដូច​ខាង​ក្នុង​ទេ គ្រាន់​តែ​ជា​របៀប​ដូច​ឆត្រ​ដែរ ប៉ុន្តែ​គ្រាន់​តែ​ធ្វើ​ខ្ពស់​ពី​ដី​កន្លះ​ម៉ែត្រ ដើម្បី​ឲ្យ​គាត់​អង្គុយ​លក់ ហើយ​ទី​២ កុំ​ឲ្យ​ពេល​ភ្លៀង ឬ​ខ្យល់​កុំ​គាត់​ត្រូវ​ទឹក​ភ្លៀង»

យ៉ាង​ណា ក្រុម​អាជីវករ​លក់​ដូរ​សេរី​នៅ​ប៉ែក​ខាង​ត្បូង​ផ្សារ ដែល​កំពុង​ឈរ​មើល​ការ​វាស់វែង​បែង​ចែក​កន្លែង​លក់​ដូរ​របស់​ខ្លួន ខ្សឹកខ្សួល​គ្នា​ដោយ​ភាព​ភ័យ​ខ្លាច​ថា ទីតាំង​ថ្មី​តូច​ពេក និង​រិះគន់​អាជ្ញាធរ ថា​បាន​បែង​ក្រឡា​ទំហំ​កន្លែង​លក់​ដូរ​តូច ដើម្បី​កេង​កន្លែង​ទុក​លក់​ឲ្យ​អាជីវករ​មក​ពី​ក្រៅ។ អាជីវករ​ខ្លះ​ថា បើ​អាជ្ញាធរ​នៅ​តែ​បែង​ចែក​បែប​នេះ អាច​មាន​បញ្ហា​ជាមួយ​អាជីវករ​នៅ​ប៉ែក​ខាង​ជើង​ផ្សារ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​លើ ខេត្ត​កំពង់ឆ្នាំង លោក លន់ ថា បញ្ជាក់​ថា គណៈកម្មការ​ដែល​មាន​ការ​សហការ​ជាមួយ​មន្ត្រី​រៀបចំ​សណ្ដាប់ធ្នាប់​ផ្សារ​លើ គ្រោង​បញ្ចប់​ការ​វាស់វែង​បែង​ចែក​កន្លែង​លក់​ដូរ​ជាង ៤០០​កន្លែង​ក្នុង​រយៈពេល​បី​ថ្ងៃ។ កន្លែង​លក់​ដូរ​នីមួយៗ​មាន​ទំហំ​ទទឹង ១​ម៉ែត្រ ៧​តឹក និង​បណ្ដោយ ១​ម៉ែត្រ ៤​តឹក។ លោក​យល់​ថា ការ​បែង​ចែក​ទំហំ​តូប​ប៉ុនៗ​គ្នា​នេះ គឺ​មាន​ភាព​យុត្តិធម៌៖ «រាល់​ថ្ងៃ​ហ្នឹង​ប្រទាញប្រទង់​គ្នា វា​មាន​ឈ្លោះ​ប្រកែក​គ្នា​ញឹកញាប់​ណាស់ ព្រោះ​អា​រឿង​កន្លែង​លក់​ដូរ​ហ្នឹង ខ្លះ​ធំ​ខ្លះ​តូច ខ្លះ​ម្នាក់​មាន​ទៅ​ពីរ​ទៅ​បី​កន្លែង​អ៊ីចឹង​ទៅ ហើយ​ឥឡូវ​គណៈកម្មការ​មិន​ទាន់​ឲ្យ​យើង​ធ្វើ​ទេ ចាំ​ក្រុម​ចម្រុះ​មក​រៀបចំ​តែ​ម្ដង​ឲ្យ​ស្រេច។ ឥឡូវ​នេះ​ចាប់​ផ្ដើម​រៀប​ហើយ ចាំ​មើល​យ៉ាង​ម៉េច​ទៅ​ទៀត»

ក្រុម​អាជីវករ​លក់​ដូរ​សេរី​នៅ​ប៉ែក​ខាង​ត្បូង និង​ខាង​ជើង​ផ្សារ​លើ​ជាង ៤០០​តូប បាន​ផ្អាក​ការ​លក់​ដូរ​របស់​ខ្លួន​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ ដើម្បី​ឲ្យ​គម្រោង​ចៃកា (JICA) ប្រទេស​ជប៉ុន ស្ថាបនា​ប្រព័ន្ធ​លូ​រំដោះ​ទឹក និង​ក្រាល​ការ៉ូឡា។ រយៈពេល​ជិត​មួយ​ឆ្នាំ​ក្រោយ​ស្ថាបនា​រួច ក្រុម​អាជីវករ​នាំ​គ្នា​លួច​ចូល​លក់​ដូរ​របៀប​ឆក់​កណ្ដៀត និង​ប្រជ្រៀត​គ្នា ដោយ​អាជ្ញាធរ​ដេញ​មិន​ឲ្យ​លក់ និង​រង់ចាំ​ការ​បែង​ចែក​កន្លែង​ជា​ថ្មី​រួច​រាល់​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។