សម្តេច​ហ៊ុនសែន អំពាវនាវ​ដល់​ប្រជាកសិករ ឲ្យ​រក្សា​ទឹក​ទុក ព្រោះ​ទឹកទន្លេ​លែង​ឡើង​ហើយ​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​របស់​សាកលវិទ្យាល័យ វេ​ស្ទើ​ន នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​១៩​តុលា​នេះ បានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​រក្សា​ទឹក​ទុក ព្រោះ​តាម​សម្តេច ទឹកទន្លេ​មេគង្គ នៅពេលនេះ លែង​ឡើង​ហើយ ខណៈដែល​ទឹកតូច នៅ​ឆ្នាំនេះ​។​

​ជាមួយនឹង​ការអំពាវនាវ​ដូច្នេះ សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាស​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ធ្វើការ​ជាមួយនឹង​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ចាត់ចែង បញ្ចេញ​ម៉ាស៊ីនបូមទឹក ចុះ​បូមទឹក រក្សាទុក​ក្នុង​អាង​ស្តុក​ទឹក​នានា នៅ​ទូទាំងប្រទេស​។​

​សម្តេច​ហ៊ុនសែន ក៏បាន​ស្នើ​ដល់​មេឃុំ មេស្រុក និង​អភិបាលខេត្ត​នានា ត្រូវ​លើក​គម្រោង ស្នើ​មកកាន់​រដ្ឋមន្ត្រី​ទាំងពីរ​នោះ ដើម្បី​បញ្ជូន​ម៉ាស៊ីនបូមទឹក ទៅ​បូមទឹក សម្រាប់​ស្តុក​ទុក​ក្នុង​អាងទឹក សម្រាប់​ប្រជាកសិករ​ធ្វើស្រែ​ចម្ការ​៕​