សម្តេច​ហ៊ុនសែន នឹង​ជួបប្រជុំ​ជាមួយនឹង​ក្រុមហ៊ុន​ប្រេងសាំង នៅ​កម្ពុជា​

ភ្នំពេញ: ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​របស់​សាកលវិទ្យាល័យ វេ​ស្ទើ​ន នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​១៩​តុលា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​ប្រកាសថា សម្តេច​នឹង​ជួបប្រជុំ​ដោយផ្ទាល់​ជាមួយនឹង​ក្រុមហ៊ុន​ប្រេងសាំង នៅ​កម្ពុជា ទាំងអស់ ដើម្បី​និយាយ​ពី​ការ​ចុះថ្លៃ​ប្រេង​បន្ថែមទៀត​។ គម្រោង​ជួបប្រជុំ​នោះ មិន​ត្រូវ​បាន​សម្តេច​ហ៊ុនសែន ប្រកាស​កំណត់​ថ្ងៃ​នៅឡើយ​ទេ តែ​សម្តេច​ប្រកាសថា ពេលនេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កំពុងតែ​រៀបចំ​គិតគូ​ពី​កិច្ចប្រជុំ​នោះ​។​

​សេចក្តីប្រកាស​របស់​ស​ម្តេច​ហ៊ុនសែន អំពី​គម្រោង​ជួបប្រជុំ​ជាមួយនឹង​ក្រុមហ៊ុន​ចែកចាយ​ប្រេងសាំង នៅ​កម្ពុជា​នោះ បានធ្វើ​ឡើង បន្ទាប់ពី​ក្រុមហ៊ុន​ប្រេង ចំនួន ៨ បាន​ជួបប្រជុំ​ពីរលើក​មកហើយ ជាមួយនឹង​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និយាយ​ពី​ការ​ចុះថ្លៃ​ប្រេងសាំង​បន្ថែមទៀត ខណៈដែល​តម្លៃ​ប្រេងសាំង​លើ​ពិភពលោក បាន​ចុះថ្លៃ​យ៉ាងគំហុក​។​

​ក៏ប៉ុន្តែ​កិច្ចប្រជុំ​ពីរលើក កាលពី​ថ្ងៃទី​១​តុលា និង​នៅ​ថ្ងៃទី​៨​តុលា មិន​ទទួលបាន​លទ្ធផល​​អ្វីដុំកំភួន​​ទេ​។ ជាចុងក្រោយ គឺ​គ្រាន់តែ​ក្រុមហ៊ុន​ប្រេងសាំង ព្រម​ចុះថ្លៃ ១០០ រៀល ក្នុង​ប្រេង​មួយ​លីត្រ សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​៩ ដល់ថ្ងៃទី១៥​ ខែតុលា ឆ្នាំ​២០១៥​។​

​តម្លៃ​ប្រេង​តាម​ស្ថានីយ​ប្រេងសាំង នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៩​តុលា រហូតដល់​ពេលនេះ មានតម្លៃ​ថេរ​ដដែល ពោលគឺ​នៅ​ស្ថានីយ​ប្រេងសាំង កាល់​តិច តូ​តា​ល់ និង Ptt ប្រេងសាំង​ស៊ុប​ពែរ មានតម្លៃ ៣៩៥០ រៀល ក្នុង​លីត្រ ប្រេងសាំង​ធម្មតា តម្លៃ ៣៧០០ រៀល និង​ប្រេងម៉ាស៊ូត តម្លៃ ៣៥០០ រៀល​។ ចំណែក​នៅ​ស្ថានីយ​ប្រេងសាំង ដែលមាន​ថៅកែ​ជា​ជនជាតិខ្មែរ ដូចជា តេ​លា និង​សូគីម៉ិច តម្លៃ​ប្រេងសាំង​ស៊ុប​ពែរ ៣៩០០ រៀល ប្រេងសាំង​ធម្មតា ៣៦៥០ រៀល និង​ប្រេងម៉ាស៊ូត ៣៤០០ រៀល​។ ក៏ប៉ុន្តែ​នៅ​ស្ថានីយ​ប្រេង​ដទៃទៀត នៅ​ជាយៗ​ក្រុង ដូចជា តេ​លា និង LHR ជាដើម ប្រេងសាំង​មានតម្លៃ​ថោក​ជាង​នេះ គឺ​ប្រេងសាំង​ស៊ុប​ពែរ ត្រឹម ៣៤០០ រៀល ប្រេង​សាំង​ធម្មតា ៣២០០ រៀល និង​ប្រេងម៉ាស៊ូត ២៥០០ រៀល​៕​