ហានិភ័យ នៃការប្រើ សំឡីត្បាល់ត្រចៀក ដែលអ្នក មិនធ្លាប់បានដឹង!

សំឡី​ត្បាល់ត្រចៀក​ត្រូវបាន​ប្រើសម្រាប់ធ្វើ​អនាម័យត្រចៀក ​ដើម្បី​​កម្ចាត់​​កាកសំណល់ (អាចម៍​ត្រចៀក) ​​ចេញ​ពី​ក្នុង​​ត្រចៀក។ ​តែ​ទោះបី​ជា​យ៉ា​ងណា ​ទាមទារ​​ឲ្យ​មាន​​ការ​ប្រុង​ប្រយ័ត្ន​ជាមុន ​ដើម្បី​ការពារ​កុំឲ្យ​ឈឺ​ត្រចៀកផងដែរ។

ហានិភ័យ នៃការប្រើ សំឡីត្បាល់ត្រចៀក ដែលអ្នក មិនធ្លាប់បានដឹង!

តាមការស្រាវជ្រាវមួយចំនួន ដកស្រង់ពីប្រភពបរទេស បាន​បង្ហាញ​ពីផលវិបាកខ្លះៗ​​ នៃការ​ប្រើ​សំឡី​ត្បាល់​​ត្រចៀក។​ វាត្រូវ​បាន​គេ​រក​ឃើញថា​ ​មនុស្ស​ភាគច្រើន​​ប្រើ​សំឡី​ត្បាល់​​ត្រចៀក​ ​បាន​ធ្វើ​ឲ្យ​​រហែក​ភ្នាស់ក្រដាស​​ត្រចៀក ​ហើយ​ប្រសិន​បើ​រុក​សំឡី​ចូល​ជ្រៅ​​ទៅ​ក្នុង​​ត្រចៀក ​វាអាច​បណ្តាល​​ឲ្យ​ខូច​ត្រចៀក​​ផងដែរ។ ​ដូចឧទាហរណ៏៖ ​លទ្ធផល​​អាច​ជា​​របួស​តូចតាច​​ រហូត​ក្លាយជា​​របួស​ធ្ងន់ធ្ងរក៏ថាបាន ដោយ​សារ​​បញ្ហា​​រហែក​ក្រដាស​ត្រចៀកនេះឯង។​ ហានិភ័យ​​នេះ​អាច​បណ្តាល​​ឲ្យ​វិលមុខ​ ឬអាចឈានដល់ករណីមួយចំនួន ដែលអាចបណ្តាលឲ្យមានការវះ កាត់ ដោយសារការប្រើសំឡីត្បាល់ ដោយមិនមានការប្រុងប្រយ័ត្ន។​

ឥលូវនេះ អ្នកបានដឹង​ពីផលវិបាក​មួយចំនួន​នៃ​ការ​​ប្រើ​សំឡី​ត្បាល់​ត្រចៀក​​ហើយ​ ដូច្នេះ​អ្វី​ដែល​​សំខាន់​ ​អ្នក​ត្រូវ​ចាំ​ក្នុង​ចិត្តថា​ ត្រូវ​​មាន​​ការ​ប្រុង​ប្រយ័ត្ន​​ចៀស​វាង​​ការ​​បង្ក​​គ្រោះ​ថ្នាក់​​ឡើង។

​ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​​មួយ​ចំនួន​​សម្រាប់​អ្នក៖

- សំឡីត្បាល់ត្រចៀក​ គួរប្រើសម្រាប់តែ​សម្អាតទងត្រចៀក ​និង​​ជុំវិញ​​​​រន្ធ​ត្រចៀក។

- សំឡី​ត្បាល់​ត្រចៀក​​ មិនគួរ​រុក​ឲ្យហួស​រន្ធ​ត្រចៀក​​ឡើយ។ ​បើមិន​​ដូច្នេះ​ទេ ​​វាអាច​រុញ​អាចម៍​​ត្រចៀក​ទៅ​​ដល់​បាត​ត្រចៀក និងអាច​​ធ្វើឲ្យ​ស្ទះ​ក្នុង​​រន្ធ​ត្រចៀកផងដែរ។​ ហើយអ្វីដែលពិសេសនោះគឺ​  ការ​រុក​សំឡី​ចូល​​ទៅ​ក្នុង​ត្រចៀក​​ជ្រៅពេក​អាច​​ធ្វើ​ឲ្យ​ធ្លុះ​​ក្រដាស​ត្រចៀក។​ ​នៅពេល​អាចម៍​ត្រចៀក​​ច្រើនក្នុងរន្ធត្រចៀករបស់អ្នក​ ​វាអាច​បណ្តាល​​ឲ្យ​វិលមុខ​ ​ឬប្រឈម​មុខ​​និង​បញ្ហា​​ការ​ស្តាប់​លែង​លឺថែមទៀតផង។

- ចំពោះ​ករណីក្មេងៗ គួរតែ​មានប្រភេទសំឡីត្បាល់ ​ដែលក្រាស់​ដើម្បី​​ការពារ​ការជាប់​​​នៅ​ក្នុង​​​រន្ធ​ត្រចៀកនោះ។

កត្តាសំខាន់ដែលអ្នក​គួរដឹងនោះគឺ ​អាចម៍ត្រចៀក​​ដែល​បាន​កើត​ឡើង​​ នៅ​​ក្នុង​រន្ធត្រចៀក​ពិត​​ជា​មាន​ប្រយោជន៏។​ ជា​ការពិត​ណាស់​ វាអាច​​ជួយ​ការពារ​​ត្រចៀក​​ពីដី​ធូលី​ ជាតិ​ពុល​ពីបាក់​តេរី ​និង​ពីទឹក។ ​ដូច្នេះ ​អ្នក​ត្រូវ​​កម្ចាត់​អាចម៍​ត្រចៀក​​ដោយ​ប្រុង​ប្រយ័ត្ន។

តែទោះបីជា​យ៉ាងណា ​ប្រសិន​បើ​អ្នក​នៅ​មិន​សុខ​ស្រួល​​ដោយ​សារ​បញ្ហា​​អាចម៍​ត្រចៀក​​ច្រើន ​ហើយ​អ្នក​​ចង់​ការពារ​​មិនឲ្យ​​អាចម៍​ត្រចៀក​​កើតឡើង​​នៅ​ចំ​កណ្តាល​​ត្រចៀក​លឿន​​រហ័ស​ពេក ​អ្នកត្រូវ​​សម្ងូត​ត្រចៀក​​ឲ្យបាន​ស្ងួតល្អ​ក្រោយ​​ពេល​ងូតទឹក​​រួច​ ព្រោះ​ទឹក​អាច​​ទៅ​បំប៉ោង​​អាចម៍ត្រចៀក​ឲ្យ​កាន់​តែ​ធំ​ឡើងៗ។

ប្រហែលជាឥលូវនេះអ្នក​បានដឹងពីផលវិបាក ​នៃការប្រើ​សំឡី​ត្បាល​់ត្រចៀក​​ហើយមែនទេ?​ ដូច្នេះ​អ្នកចង់​​ដឹង​ពី​ជម្រើស​ផ្សេង​ទៀត ​​សម្រាប់​ធ្វើការ​សម្អាត​ត្រចៀក​​របស់អ្នក។​ ពិត​ណាស់​ វិធី​អនាម័យ​​ត្រចៀក​​ វាមិនមែន​​មាន​តែ​វិធី​មួយ​​ប៉ុណ្ណោះទេ​ តែ​ក៏មាន​​វិធី​ផ្សេងៗ​ទៀត​ដែរ។​ អ្នក​អាច​​ប្រើក​ន្សែងដៃ។ ​ជម្រើស​ផ្សេង​ទៀត​​ត្រូវ​បណ្តក់​ថ្នាំ​​សម្លាប់​បាក់តេរី​ ២-៣​ដំណក់​​ចូល​ទៅ​​ក្នុង​​ត្រចៀក​​ឲ្យ​បាន​ម្តង​ទៅ​ ២ដង​ក្នុង​ ១ខែ បើសិនជាអាច។

សូមកុំស្ទាក់ស្ទើរ ក្នុងការចែករំលែក អត្ថបទដ៏មានប្រយោជន៍នេះ ទៅដល់ក្រុមគ្រួសារ ឬមិត្តភក្តិ ឲ្យយល់ដឹងពីផលវិបាក នៃការប្រើសំឡីត្បាល់ត្រចៀក៕

ប្រភព៖

ដោយ​​ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត