ភ្ញៀវ​​ទៅ​កម្សាន្ត​ច្រក​ទ្វា​រអានសេះរិះគន់​ផ្លូវ​ចេញពី​ទីរួមស្រុក​ជាំ​ក្សាន្តទៅ​ច្រក​អានសេះសុទ្ធតែ​សំរាម​

​ខេត្ត​ព្រះ​វិហារ​ ៖ ភ្ញៀវ​ទេសចរ​​ដែល​បាន​ឡើង​ទៅ​កម្សាន្ត​នៅ​ច្រក​ទ្វា​អានសេះបាន​រិះគន់​ត​ៗ​គ្នាចំពោះ​ផ្លូវ​​​ចេញពី​ទីប្រជុំជន​ស្រុក​ជាំ​ក្សាន្តប្រមាណ​២០០​ម៉ែត្រឆ្ពោះទៅ​កាន់ច្រក​ទ្វា​អានសេះលើ​ខ្នងភ្នំ​ដងរែកពោរពេញ​ដោយ​សំរាមពេញ​សងខាង​ផ្លូវ តែ​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​មិន​អើពើ ។

​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ស្រុក​ជាំ​ក្សាន្តសុំ​មិន​បញ្ចេញ​ឈ្មោះបាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា ទាំង​រដូវប្រាំង និង​រដូវវស្សា ផ្លូវ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ច្រក​ទ្វារ​អានសេះដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ទីនោះពោរពេញ​ដោយ​សំរាម​តែ​ម្តង ដែល​ធ្វើ​ឲ្យ​ជះក្លិន​ស្អុយប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​អ្នក​រស់នៅ​ក្បែរ​នោះ ជា​ពិសេស​បាន​ធ្វើ​ឲ្យ​បាត់បង់​នូវសោ​ភ័ណភាព​ទីប្រជុំជន​ស្រុក​ទាំងមូល​តែ​ម្តង ។

​ជុំវិញ​ការ​រិះគន់​នេះ​ដែរ លោក ជា គឹ​ម​សេង អភិបាលស្រុក​ជាំ​ក្សាន្ត បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ​តុលា ​២០១៥​ថា ការ​ចាក់សំរាមគរ​ចោល​ពេញ​ផ្លូវ​នេះ​ដែរ អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត បាន​ធ្វើការ​ណែនាំ​រួច​មក​ហើយ​ដល់​អាជីវករក៏​ដូច​ជា​ប្រជាពលរដ្ឋដែល​រស់នៅ​តំបន់​នោះឲ្យ​ប​ឈ្ឈប់​យក​សំរាម​ទៅ​ចាក់ចោល​នៅ​ទីនោះ​ទៀត ព្រោះ​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​មាន​កន្លែង​សម្រាប់​ឲ្យប្រជាពលរដ្ឋ​ចាក់សំរាម តែ​ពលរដ្ឋ​ឆ្លើយ​តប​វិញ​ថា ដោយសារ​កន្លែង​ចាក់សំរាម​មាន​ចម្ងាយ​ឆ្ងាយ​ពេក​ទើប​ពួក​គាត់​ខ្ជិលយ​ក​ទៅ​ចាក់ចោល​នៅ​ទីនោះ ។

លោក ជា គឹ​ម​សេង បន្ត​ថា កន្លង​ទៅ​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្តក៏​បាន​សហការ​ជាមួយ​សិស្សានុសិស្សធ្វើការ​សំអាត​នៅ​ទីនោះ៣ទៅ​៤​ដង​មក​ហើយ តែ​ដោយសារ​ប្រជាពលរដ្ឋមួយ​ចំនួន​មិន​ព្រម​សហការ​ធ្វើការ​សំអាត​រួម​គ្នា​ជាមួយ​អាជ្ញាធរ​ស្រុក ហើយ​នៅ​បន្ត​យក​ទៅ​ចាក់​ទៀត ។

លោក ជា គឹ​ម​សេង ក៏​បាន​លើក​ឡើង​ទៀត​ថា ឆាប់​ៗ​នេះអាជ្ញាធរ​ស្រុក​នឹងចុះ​ធ្វើការ​សម្អាត​គំនរ​សំរាម​នៅ​ទីនោះ​ម្តងទៀត ព្រមទាំង​មាន​វិធានការ​ក្តៅ និង​បិទ​ប្រកាស​ជា​សាធារណៈ ប្រសិនបើ​បុគ្គល​ណា​​​នៅ​តែ​បន្ត​យក​សំរាម​ទៅ​ចាក់ចោល​នៅ​ទីនោះ​ទៀត លើក​ទី​១​ និង​លើក​ទី​២ ត្រូវ​ឃាត់ខ្លួនធ្វើ​កិច្ចសន្យា ថតរូប និង​លើក​ទី​៣​បើ​នៅ​តែ​បន្តនឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​តែ​ម្តង៕