លទ្ធផល​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃអាទិត្យ​កន្លង​មក

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​កាលពី​ថ្ងៃអាទិត្យ ទី​១៨​តុលា​កន្លង​មកនេះ ជ័យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា បាន​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ជើង​ថ្មី អិន កំសត់​មក​ពី​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ចាញ់​ការ​ប្រកួត​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត ។

សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​១ វណ្ណៈ​នៅ​មិន​ទាន់​ហ៊ាន​ចូល​វាយ​សម្រុក​ទៅ​លើ កំសត់​ភ្លាម​នោះ​ទេ ទោះបី​ដឹង​មុន​ថា​កំសត់ ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ក៏​ដោយ ។ កំសត់ ដែល​មាន​មាឌ​ស្ដើង​ហើយ​ខ្ពស់​ជាង​នោះ​បាន​ទាត់​ជា​ប្រយោល​និង​វាយ​ចេញ​ស្រាល​ៗ​ក្នុង​ស្ថាន ភាព​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត ។ វណ្ណៈ​បាន​ព្យាយាម​ចូល​កៀក ដើម្បី​ងាយស្រួល​វាយ​ឱ្យ​ចំ​គោលដៅ ប៉ុន្តែ​ត្រូវ​កំសត់ ធាក់​ចេញ​មិន​ឱ្យ​ចូល​ជិត​បាន​ដោយ​ងាយ​នោះ​ឡើយ​។

២​ទឹក​កន្លង​ទៅ​ការ​ប្រកួត​រវាង​ពួក​គេ​ទាំង​២​នៅ​មិន​ទាន់​មាន​ខាង​ណា​មាន​ប្រៀប​ជាង​ខាង​ណា​ឡើយ​។ ចូល​ដល់​ទឹក​ទី​៣ វណ្ណៈ​កាន់តែ​បង្កើន​ការ​វាយលុក​ដោយ​ដើរ​ចូល​ទាត់​ចេញ​ជាមួយ​ទម្ងន់​ជើង​ធ្ងន់​ៗ ប៉ុន្តែ​មាន​ពេល​ខ្លះ​ក៏​ត្រូវ​កំសត់​ចាប់ជើង​ជាប់​ហើយ​រុញ​ឱ្យ​ដួល​ទាំង​ច្រងាប់ច្រងិល​ទៀត​ផង ។ វណ្ណៈ​មាន​ប្រៀប​ជាង​បន្តិច ខណៈ​ការ​ប្រកួត​ឈាន​ចូល​ដល់​ទឹក​ទី​៤ ដោយសារ​កម្លាំង​របស់​គេ​នៅ​មិន​ទាន់​ស្រុត​ចុះ​ខ្លាំង ប៉ុន្តែ​ការ​ចាញ់​ប្រៀប​កម្ពស់​ផ្ដល់​ផល​អាក្រក់​សម្រាប់​រូបគេ គឺ​ពិបាក​ចូល​កៀក​វាយ​ឱ្យ​ចំ​គោលដៅ​ខ្លាំង​ណាស់ ទើប​ការ​ប្រកួត​បាន​អូស​បន្លាយពេល​រហូត​ដល់​ទឹក​ទី​៥ និង​បាន​ត្រឹមតែ​ឈ្នះ​ពិន្ទុ​គូប្រកួត​ទាំង​វេទនា​បំផុត ។

ចាន់ រក្សា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា បាន​ផ្ដួល​អ្នក​ប្រដាល់​ជើង​ថ្មី​សម័យ សួន មក​ពី​ក្លិប​កុមារ​ទេព ឱ្យ​សន្លប់​នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១​។ គ្រាន់តែ​ស្នូរ​ជួង​ទឹក​ទី​១​បន្លឺ​ឡើង​ចប់​ភ្លាម រក្សា​បាន​សម្រុកចូល​វាយ​និង​ទាត់​គ្មាន​ប្រណី​ទៅ​លើ​គូប្រកួត​ធ្វើ​ឱ្យ​សម័យ សួន ដែល​មិន​ទាន់​ប្រុង​ប្រយ័ត្ន​ខ្លាំង​នៅឡើយ​នោះ​បាន​ប្រឹង​លោត​គេច ចេញ​ទាំង​ព្រលឹង​ចុង​សក់​។ សម័យ សួន មិន​ទាន់​បញ្ចេញ​ក្បាច់​វាយ​តបត​វិញ​ឱ្យ​បាន​ពេញដៃពេញជើង​ផង​ស្រាប់តែ​ភ្លាត់ស្នៀត​បណ្ដោយ​ឱ្យ​រក្សា​ទាត់​ត្រូវ​ជើង​ឆ្វេង​ផ្ទួន​ៗ បណ្ដាល​ឱ្យ​ដួល​ទោះបី​អាជ្ញាកណ្ដាល​រាប់​ដល់​១០ ទៅ​ហើយ​ក្ដី ក៏​គេ​នៅ​តែ​មិន​អាច​ក្រោក​ប្រកួត​ទៀត​បាន​ដែរ ។

ចំណែក​លទ្ធផល​គូ​ផ្សេង សុខ ទូ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ផ្ដួល​រិ​ទ្ធ ប្រាក់​ប៊ិ​ន មក​ពី​ក្លិប​កងពលតូច​លេខ​៧០​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៥ ។ ទូច វិ​រៈ មក​ពី​ក្លិប​ច័ន្ទ​បុរី​វង្ស​កីឡា ផ្ដួល​ផុ​ន សុភា មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៤ និង​គូ​ចុង​ក្រោយ សិទ្ធ លី​ដា មក​ពី​ក្លិប​សាមគ្គី​ពន្លឺ​កូន​ខ្មែរ ផ្ដួល ឡុ​ង សុ​ផា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​១​ប៉ុណ្ណោះ ៕