ឧត្តម​សេនីយ៍​ឯក ម៉ក់ ជីតូ បើក​កិច្ច​ប្រ​ជុំ​វាយ​តម្លៃ​សកម្មភាព អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿង​ញៀន រយៈ​ពេល​៩ខែ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាបគ្រឿងញៀន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ បានដឹកនាំកិច្ចប្រជុំវាយតម្លៃ តម្លៃសកម្មភាពការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន នៅរយៈពេល៩ខែ ឆ្នាំ២០១៥កន្លងទៅនេះ។

កិច្ចប្រជុំនេះរៀបចំឡើង នៅនាយកដ្ឋាននគរបាលយុត្តិធម៌ ក្រសួងមហាផ្ទៃ ដោយការចូលរួមពីមន្ត្រីនគរបាលជាន់ខ្ពស់ នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ និង ស្នងការរង-ប្រធានការិយាល័យ ទទួលបន្ទុកផែន បង្ក្រាបគ្រឿងញៀនទាំង២៥ រាជធានី-ខេត្ត ជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងនូវសកម្មភាព ការងារអនុវត្តន៍ច្បាប់ ប្រឆាំងគ្រឿងញៀននៅរយៈពេល ៩ខែឆ្នាំ២០១៥ (គិតពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ដល់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥) ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានធ្វើការបង្ក្រាបករណី ជួញដូរគ្រឿងញៀន បានចំនួន១៦៦៨ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៣៤០២នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដែលនេះជាបង្ក្រាបករណីជួញដូរគ្រឿងញៀន ដ៏ច្រើនសម្បើម។
 
លោកឧត្តមសេនីយ៍ឯក ខៀវ សាម៉ន បានថ្លែងឲ្យដឹងទៀតថា នៅរយៈពេល៩ខែដើមឆ្នាំនេះ កម្លាំងនគរបាលមន្ទីរប្រឆាំង គ្រឿងញៀនទូទាំងប្រទេស សហការយ៉ាងជិតស្និទ្ធជាមួយតុលាការ និងអាជ្ញាធរដែនដីគ្រប់រាជធានីខេត្ត បានធ្វើការបង្ក្រាបករណី ជួញដូរគ្រឿងញៀន បានចំនួន១៦៨៨ករណី ឃាត់ខ្លួនមនុស្ស៣៤០២នាក់ ក្នុងនោះមានស្ត្រី៩៩នាក់ ដកហូតគ្រឿងញៀនជាង៨៧គីឡូក្រាម ហើយបើប្រៀបធៀបនឹង៩ខែនៅឆ្នាំមុខ បង្ក្រាបបានតែជាង៥០០ករណី ដកហូតគ្រឿងញៀនតែ ៣៧គីឡូក្រាមប៉ុណ្ណោះ។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនជាតិខ្មែរ ចំនួន៣៣០៣នាក់ វៀតណាម៧០នាក់ ឡាវ៧នាក់ ថៃម្នាក់ ចិន២នាក់ អង់គ្លេស៧នាក់ អ៊ុយរ៉ាហ្គាយម្នាក់ និងនីហ្សេរីយ៉ា៩នាក់ ។ ជាមួយគ្នានោះដែរ ជនសង្ស័យដែលត្រូវ បានចាប់ខ្លួន តាមដីកាតុលាការ មានចំនួន១១៥នាក់។ ដោយឡែកសម្រាប់ការបង្ក្រាបករណីគ្រឿងញៀនធំៗ បានចំនួន៤៣ករណី ឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនធំៗ ចំនួន៨៨នាក់ រីឯបង្ក្រាបករណីជួញដូរកញ្ឆាស្ងួត សរុបចំនួន១៤៨៧គីឡូក្រាម និងប្រេងកញ្ឆា ចំនួន១,៥គីឡូក្រាមផងដែរ។

ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ ដែលមន្ទីរប្រឆាំងគ្រឿងញៀន ក៏ដូចជាបណ្តាស្នងការខេត្តនានា ដែលសម្រចបាននារយៈពេល៩ខែកន្លងមកនេះ។ ជាមួយគ្នានេះដែរ លោកអគ្គស្នងការរង ក៏បានបើកិច្ចពិភាក្សាដើម្បីរកចំណុចខ្លាំង និងចំណុចខ្សោយរបស់ មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំរបាយការណ៍ ដាក់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិស្តីពីការបង្ការ និងបង្រ្កាបគ្រឿងញៀននៅពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក បានយកវេទិកានេះ ថ្លែងអំណរគុណដល់ លោកអភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ជាថវិកា គាំទ្រជាប្រចាំខែចំនួន១០លានរៀល ជូនដល់កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីធ្វើជំរុញលើកទឹកចិត្តនគរបាលអនុវត្តន៍ ច្បាប់ប្រឆាំងគ្រឿងញៀន ខណៈដែលអភិបាលខេត្ត២៤ផ្សេងទៀត មិនទាន់ឃើញចូលរួមនៅឡើយនោះ។

សូមជម្រាបថា ក្នុងឱកាសនោះ ឧត្តមសេនីយ៍ ម៉ក់ ជីតូ បាននាំយកនូវអំណោយជាម៉ូតូប្រដេញ៥គ្រឿង របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនមន្ទីរប្រឆាំងគ្រឿងញៀនផងដែរ៕

ឧត្តម​សេនីយ៍​ឯក ម៉ក់ ជីតូ បើក​កិច្ច​ប្រ​ជុំ​វាយ​តម្លៃ​សកម្មភាព អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿង​ញៀន រយៈ​ពេល​៩ខែ

ឧត្តម​សេនីយ៍​ឯក ម៉ក់ ជីតូ បើក​កិច្ច​ប្រ​ជុំ​វាយ​តម្លៃ​សកម្មភាព អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿង​ញៀន រយៈ​ពេល​៩ខែ

ឧត្តម​សេនីយ៍​ឯក ម៉ក់ ជីតូ បើក​កិច្ច​ប្រ​ជុំ​វាយ​តម្លៃ​សកម្មភាព អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿង​ញៀន រយៈ​ពេល​៩ខែ