រថយន្តដឹកឈើគ្រញូង សង្ស័យរបស់ ឈ្មោះសេង ប៊ុនតេង ក្រឡាប់ហើយយក រថយន្តផ្សេងមក រំដោះដឹកចូល បន្ទាយបាត់

កំពង់ធំ ៖ សេចក្ដីរាយការណ៏ ពីខេត្តកំពង់ធំ បានអោយដឹងថា រថយន្តដឹកឈើ គ្រញូងមួយគ្រឿង បានបើកនៅ លើផ្លូវវាង ក្រុង (ផ្លូវវាងទីរួមខេត្ត) ហើយក៏ក្រឡាប់ដោយសារ តែអ្នកបើកបរ បើកបួងចង្កូតខ្លាំងពេក តែក្រោយ មកស្រាប់តែគេឃើញ រថយន្តផ្សេងទៀត ចំនួន២គ្រឿង ដែលគេស្គាល់ថា បើកបរដោយមន្ត្រី អាវុធហត្ថខេត្ត មករំដោះយក ដុំឈើគ្រញូងជា ច្រើនដុំចេញពីរថយន្តក្រឡាប់ ហើយបើកយកចូលទៅក្នុងអង្គភាព អាវុធហត្ថខេត្ត បាត់ទៅដោយមិនទុកអោយមន្ត្រីជំនាញ និងមេព្រៃមកទាន់ឡើយ ដោយគេអះអាងថា ឈើខាងលើនេះ ជារបស់ មន្ត្រីអាវុធហត្ថខេត្តឈ្មោះសេង ប៊ុនតេង ដែលជា អ្នករកស៊ីឈើគ្រញូងផង និងជាសមត្ថកិច្ចចាប់ផងដែរ។

ហេតុការណ៏កើតគ្រោះថ្នាក់ចរាចរណ៏ក្រឡាប់រថយន្ត ដឹកឈើគ្រញូងខាងលើនេះ បានកើតឡើង កាលពីវេលា ម៉ោង២ និង១០នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ នៅតាមបណ្ដោយផ្លូវវាងក្រុង ស្ថិតក្នុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំតែម្ដង។ រថយន្តដឹកឈើគ្រញូង បើកធ្លាក់ផ្លូវក្រឡាប់ខ្លួនឯងនេះ ម៉ាកឆេរ៉ូឡែត២បាំង ពណ៌ស ពាក់ស្លាកលេខ ២ag4440 បើកចេញពីផ្លូវព្រែកស្បូវ ឆ្ពោះមកផ្លូវវាងក្រុង ក្នុងទិសដៅពីជើងទៅត្បូង ក៏បួងចង្កូតជ្រុសធ្លាក់ផ្លូវ ក្រឡាប់ តែម្ដងទៅ ។ ក្រោយក្រឡាប់ស្រាប់តែគេឃើញ មានឈើគ្រញូង ជាច្រើនដុំធ្លាយ ចេញពីក្នុង រថយន្តហើយមួយសន្ទុះ ក្រោយមកគេ ក៏ឃើញមានរថយន្ត២គ្រឿង ១គ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ត្រី ឆ្លូញនិង១គ្រឿងទៀត មិនស្គាល់ម៉ាកបើកបរ ដោយមន្ត្រី អាវុធហត្ថខេត្ត មករំដោះយកឈើគ្រញូង ទាំងអស់ដឹក ចូលទៅក្នុងអង្គភាពអាវុធហត្ថខេត្ត បាត់អស់ទៅដោយ អ្នកមករំដោះ យកឈើទាំងអស់នោះថែមទាំង គំរាមអ្នក កាសែត ពេលទៅថតរូបនិងយកព័ត៌មាន មិនអោយថតទៀតផង បន្ទាប់មកទើបគេឃើញ មានមនុស្សហៅ រថយន្តស្ទូចមកអូសយករថយន្តខាងលើទៅបាត់អស់ ទៅដោយមិនមាន សមត្ថកិច្ចណា ចុះទៅអន្តរាគមន៏ ឃាត់ ឡើយព្រោះគេសំអាងថារថយន្តក្រឡាប់ខ្លួនឯងមិនបង្ក គ្រោះថ្នាក់ដល់អ្នក ដ៏ទៃនោះទេ។

មន្ត្រីអាវុធហត្ថខេត្តកំពង់ធំឈ្មោះសេង ប៊ុនតេង ត្រូវបានអ្នកខេត្តកំពង់ធំ ស្គាល់ថាគឺជាឈ្មួញរកស៊ីនិងរត់ការផ្លូវ ឈើគ្រញូងនិងឈើប្រណីតផ្សេងៗទៀតដ៏ល្បីល្បាញប្រចាំខេត្តកំពង់ធំមួយរូប ហើយរូបគេក៏ត្រូវបានមេផ្ដល់សិទ្ធិ អោយធ្វើជាសមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើផងដែរ ដែលគេតែងតែនិយាយថាដៃម្ខាងចាប់ ដៃម្ខាងជួញ។

ពាក់ពន្ធ័ព័ត៌មានចោទប្រកាន់ខាងលើ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពីលោក សេង ប៊ុនតេង បានឡើយ ព្រោះគ្មានលេខទូរស័ព្ឌសម្រាប់ធ្វើការទាក់ទង ៕

រថយន្តដឹកឈើគ្រញូង សង្ស័យរបស់ ឈ្មោះសេង ប៊ុនតេង ក្រឡាប់ហើយយក រថយន្តផ្សេងមក រំដោះដឹកចូល បន្ទាយបាត់

រថយន្តដឹកឈើគ្រញូង សង្ស័យរបស់ ឈ្មោះសេង ប៊ុនតេង ក្រឡាប់ហើយយក រថយន្តផ្សេងមក រំដោះដឹកចូល បន្ទាយបាត់