iPhone 6s/6s Plus ពណ៌​មាស​ក្រហម លក់​ដាច់​ខ្លាំង​នៅ​បណ្តា​ហាង​ទូរសព្ទ​ដៃ​ធំៗ


iPhone 6s/6s Plus ពណ៌​មាស​ក្រហម លក់​ដាច់​ខ្លាំង​នៅ​បណ្តា​ហាង​ទូរសព្ទ​ដៃ​ធំៗ

រយៈ​ពេល​ជិត១ខែ​មក​នេះ iPhone 6s/6s Plus បាន​ដាក់​លក់​លើ​ទីផ្សារ​ព្រោងព្រាត​នៅ​តាម​បណ្ដា​ហាង​លក់​ទូរសព្ទ​ដៃ​ធំៗ ហើយ​ក្នុង​នោះ iPhone 6s/6s Plus ពណ៌​មាស​ក្រហម (Rose Gold) ទទួល​ការ​ពេញ​និយម​ខ្លាំង​បំផុត បើ​ធៀប​នឹង​បី​ពណ៌​ផ្សេងទៀត។

 

iPhone 6s/6s Plus ពណ៌​មាស​ក្រហម លក់​ដាច់​ខ្លាំង​នៅ​បណ្តា​ហាង​ទូរសព្ទ​ដៃ​ធំៗ

 

លោក អ៊ុក ឡជី ​អ្នក​គ្រប់គ្រង​មួយ​រូប​​ក្នុង​ហាង​លក់​ទូរសព្ទ នីកា នៅ​ម្ដុំ​គិរីរម្យ​បាន​ឱ្យ​ដឹង​ថា iPhone 6s/6s Plus ពណ៌​មាស​ក្រហម​ដែល​ដាក់​លក់​ក្នុង​ហាង​របស់​លោក ទទួល​ការ​ពេញ​និយម​ខ្លាំង​ហើយ​មិន​ថា​បុរស​ឬ​នារី​នោះ​ទេ គឺ​សុទ្ធ​តែ​មក​ទិញ iPhone ពណ៌​មាស​ក្រហម​នេះ​ដូចគ្នា។

 

លោក​បាន​បន្ត​ថា ទោះ​បី​ជា​តម្លៃ iPhone 6s/6s Plus ពណ៌​មាស​​ក្រហម​នៅ​ហាង​លោក លក់​ថ្លៃ​ជាង ៣ពណ៌​ដទៃ​ទៀត (ប្រហែល​ពី ៣០ទៅ ៥០ដុល្លារសម្រាប់ទំហំ 16GB) ក៏​ពិត​មែន តែ​អតិថិជន​នៅ​តែ​ពេញ​ចិត្ត iPhone 6s/6s Plus ពណ៌​មាស​ក្រហម ព្រោះ​វា​ជា​ពណ៌​ថ្មី និង​ស្រស់​ស្អាត។

 

មួយ​វិញ​ទៀត លោក​ថា គួប​ផ្សំ​នឹង​បច្ចេកវិទ្យា​ថ្មី​ដូចជា​ កាមេរ៉ា​ដល់​ទៅ 12MP បច្ចេកវិទ្យា​ទំនើប 3D Touch ហើយ​ថែម​ទាំង​មាន​ពណ៌ មាស​ក្រហម​ប្លែក​ទៀត​នោះ អ្នក​ប្រើប្រាស់​កាន់​តែ​ចង់​ទិញ iPhone ពណ៌​នេះ (មាស​ក្រហម) ​ទៅ​ប្រើ​មួយ​កម្រិត​ទៀត។

 

ដោយ​ឡែក​សម្រាប់​ហាង​លក់​ទូរសព្ទ​ដៃ​ទំនើប សុខ លី វិញ​ក៏​បាន​ឱ្យ​ដឹង​ស្រដៀង​គ្នា​​នេះ​ដែរ ថា iPhone 6s/6s Plus ពណ៌ Rose Gold លក់​ដាច់​ជាង ៣ពណ៌​ផ្សេង​ទៀត ហើយ​ក្នុង​ចំណោម​អតិថិជន​​ទាំង​នោះ ភាគ​ច្រើន​ជា​នារី​ទោះ​បី​ពណ៌​នេះ​មាន​តម្លៃ​ថ្លៃ​ជាង​ពណ៌​ដទៃ​ក៏​ដោយ ហើយ​សម្រាប់​​អតិថិជន​បុរសៗ​​របស់​ហាង​វិញ ​ច្រើន​ទិញ iPhone 6s/6s Plus ពណ៌​មាស ប្រផេះ ឬ​ពណ៌​ខ្មៅ។

 

បើ​តាម​ការ​បញ្ជាក់​ពី​ភ្នាក់ងារ​លក់​ក្នុង​​ហាង​ទូរសព្ទ សុខ លី តម្លៃ iPhone 6s/6s Plus  បច្ចុប្បន្ន​ថ្លៃ​ជាង​បី​ម៉ូដែល​ទៀត​ប្រហែល​ពី ២០ទៅ៣០ដុល្លារ (៧៥០ដុល្លារ សម្រាប់ iPhone 6s Rose Gold ​ទំហំ 16GB)។​

 

ចំណែក​ឯ​​អ្នក​លក់​ទូរសព្ទ​មួយ​រូប​ក្នុង​ហាង ហាក់ សែ នៅ​ម្តុំ​ផ្សារ​ធំ​ថ្មី បាន​ឱ្យ​ដឹង​ថា ភាគ​ច្រើន​អតិថិជន​ទាំង​បុរស​និង​នារី​ដែល​មក​ទិញ iPhone 6s/6s Plus ពី​ហាង​ ហាក់ សែ យក​ទៅ​ប្រើប្រាស់ ច្រើន​តែ​ជាវ​ពណ៌​មាស​ក្រហម ជា​ជាង៣ ពណ៌​ផ្សេងៗ​ទៀត ដោយ​សារ​​ពណ៌​មាស​ក្រហម​នេះ​ប្លែកៗ​និង​មិន​ធ្លាប់​មាន​លើ iPhone ស៊េរី​មុន។ អ្នក​លក់​រូប​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា ចាប់​តាំង​ពី​ហាង ហាក់ សែ នាំ​ចូល iPhone 6s/6s Plus យក​មក​លក់​លើ​ទីផ្សារ​កន្លង​មក iPhone ពណ៌​មាស​ក្រហម​នេះ លក់​បាន​​ច្រើន​​រាប់​រយ​គ្រឿង​ឯ​ណោះ៕

 

អាន៖ iPhone 6s/6s Plus តម្លៃ​ចុងក្រោយ​​​​បន្ត​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក

 

អត្ថបទ៖ ប៉ែត ផាន់និត