ពួក​រដ្ឋ​អិុ​ស្លា​ម​ប្រមាណ​40​នាក់​ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​នៅ​ស៊ី​រី

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៨ តុលា ថា យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រមាណ​ជា​៤០​នាក់ បាន​ត្រូវ​ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​នៅ​ខេត្ត​ហា​ម៉ា​ភាគ​កណ្តាល​ស៊ី​រី ។

បណ្តា​យន្តហោះ​ចម្បាំង​ពុំ​ដឹង​មក​ពី​ខាង​ណា​បាន​វាយប្រហារ​លើ​ក្បួន​រថយន្ត​១​ខ្សែ​មាន​១៦​គ្រឿង​របស់​ក្រុម​រដ្ឋ​អិុស្លា​ម​ដែល​បើកបរ​រវាង​ខេត្ត​ហា​ម៉ា និង​ខេត្ត​រ៉ា​កា​ភាគ​ខាងជើង​ប្រទេស​ជាទី​តាំង​ធំ​របស់​ក្រុម​រដ្ឋ​អិុស្លា​ម ។ OSDH បន្ត​ថា ការ​វាយប្រហារ​តាម​អាកាស​នេះ ពិត​ណាស់ បណ្តាល​ឱ្យ​ពួក​រដ្ឋ​អ៊ិ​ស្លា​មរ​ង​ការ​បាត់បង់​ធ្ងន់ធ្ងរ​បំផុត ។

OSDH ពុំ​អាច​កំណត់​អត្តសញ្ញាណ​របស់​កង​យន្តហោះ​ប្រយុទ្ធ​ដែល​វាយប្រហារ​លើ​ក្បួន​រថយន្ត​នេះ​ឡើយ ព្រោះ​ក្រុម​រដ្ឋ​អិុ​ស្លា​ម​ក៏​តាម​វាយប្រហារ​ដោយ​កង​យន្តហោះ​របស់​ក្រុមចម្រុះ​ប្រឆាំង​ភេរវកម្ម​នាំមុខ​ដោយ​សហរដ្ឋ​អា​​មេ​រិ​ក ព្រមទាំង​ដោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​ដែរ ។

ចំណែក​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​កាលពី​ថ្ងៃ​ទី​១៨ តុលា ថា ប្រមុខ​ក្រុម​អិុ​ស្លា​ម​និយម KHORASAN លោក SANAFI AL NASR បាន​ត្រូវ​សម្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​ក្រុមចម្រុះ​ប្រឆាំង​ជី​ហា​ដ​នាំមុខ​ដោយ​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​១៥ តុលា កន្លង​មកនេះ នៅ​ភាគ​ពាយ័ព្យ​ស៊ី​រី ។

អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក PETER COOK ក្នុង​សេចក្តី​ប្រកាស​មួយ​បញ្ជាក់​ថា ការ​វាយប្រហារ​នេះ​បណ្តាល​ឱ្យ​លោក ABDUL MOHSEN ABDULLAH IBRAHIM AL SHARIKH ដែល​គេ​ស្គាល់​ដែរ​ក្រោម​ឈ្មោះ SANAFI AL NASR ជនជាតិ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​ជា​ជន​លេខ​មួយ​នៃ​បណ្តាញ ពួក​យុទ្ធ​ជន​ចេញ​មក​ពី​អាល់​កៃ​ដា ដែល​គេ​និយម​ហៅ​ក្រុម KHORASAN ។

អង្គការ OSDH កាលពី​ថ្ងៃ​ទី​១៦ តុលា បាន​រៀបរាប់​ពី​ការ​ស្លាប់​របស់​លោក SANAFI AL NASR ដោយ​អះអាង​ថា ជន​នេះ​ត្រូវ​សម្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​មួយ​នៅ​ខេត្ត​អា​ឡែ​ប ។

ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​ក៏​អះអាង​ដែរ​កាលពី​ថ្ងៃ​ទី​១៧ តុលា ពី​ការ​ស្លាប់​មេបញ្ជាការ​រូប​នេះ​របស់​គេ ។ ដោយ​ចាត់​ទុក​លោក SANAFI AL NASER ជា​មេ​បញ្ជាការ​របស់​ខ្លួន ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា និយាយ​ថា រថយន្ត​ដឹក​មេបញ្ជាការ​រូប​នេះ ព្រមទាំង​អ្នក​ទទួលខុសត្រូវ​២​រូប​ទៀត​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​តាម​អាកាស​មួយ កាលពី​ថ្ងៃ​ទី​១៦ តុលា នៅ​ដា​ណា​ជិត​ក្រុង​អីុដ​លី​ប ។

រណសិរ្ស​អាល់​ណូ​ស្ត្រា​បាន​ចេញផ្សាយ​តាម​អីុន​ធើ​រ​ណេ​ត​នូវ​រូបថត​មួយ ដែល​បង្ហាញ​រថយន្ត​មួយ​គ្រឿង​រង​ការ​កម្ទេច​ដោយ​អះអាង​ថា រថយន្ត​នេះ​រង​ការ​វាយប្រហារ​ដោយ​កង​យន្តហោះ​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​មេ​រិ​ក ៕